នៅចាំក្មេងស្រី ត្រូវចោរយកទូរស័ព្ទទេ? ទោះក្រលំបាក នៅតែប្រាថ្នាចង់រៀន តោះ​ស្តាប់ជីវិតពិតបន្តិច ទើបដឹងកម្សត់ប៉ុណ្ណា! (មានវីដេអូ)

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ០៩:១៨

ជីវិតក៏ដូចជាវាសនារបស់មនុស្សមា្នក់ៗ កើតមកតែងតែខុសៗគ្នា តែបើយើងមានការខំប្រឹង ជោគវាសនារបស់យើងហ្នឹងកែប្រែទៅតាមនោះត្រឹមមួយពព្រិចភ្នែក តាមរយៈការខិតខំប្រឹងប្រែងតស៊ូតតាំងពីក្មេងរហូតដល់ចាស់ និងពីបាតដៃទទេដល់មានអ្វីគ្រប់យ៉ាង ព្រោះសំណាង ភាពមានបានមិនកើតឡើងដោយការមិនខំប្រឹងនោះទេ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា បច្ចុប្បន្ននេះនៅតាមដងផ្លូវជាច្រើន មានការដាក់លក់នូវនំ របស់របស់ផ្សេងៗ ដើម្បីជាការបន្ធូរបន្ថយនូវជីវភាព និងប្រាក់កាក់ចំណាយទៅសាលារៀនប្រចាំថ្ងៃ ទាំងនេះគឺជាការតស៊ូមួយរបស់ពួកគេ ដែលគួរឲ្យសរសើរបំផុត ក្រៅពីលួចឆកប្លន់របស់អ្នកដទៃ។ 

ជាក់ស្តែង កាលពីកន្លងទៅនេះ ក្មេងស្រីវ័យ៩ឆ្នាំមួយរូប ដែលជាអ្នកលក់នំពពារនៅតាមដងផ្លូវក្បែរសាលារៀនព្រះស៊ីសុវត្ថិ ត្រូវបានចោរដែលជិះម៉ូតូ២នាក់ បានធ្វើការយកទូរស័ព្ទនាងដែលកំពុងតែជួយលក់ រកប្រាក់ដើម្បីជួនម្តាយទាំងកណ្តាលយប់ ធ្វើឲ្យក្មេងស្រីរូបនេះយំ និងសោកស្តាយយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាមានគេធ្វើបែបនេះទៅកាន់នាង។ ទន្ទឹមនឹងការជួបរឿងលំបាកបែបនេះហើយ ក៏មានសប្បរសជនជាច្រើនរូប បាននាំជាចូលរួមជួយដល់នាងគ្រប់គ្នា អ្នកខ្លះក៏បានជួយទិញជាទូរស័ព្ទថ្មីទៅឲ្យនាងទៀត។

តែអ្វីដែលកាន់តែពិសេសជាងនេះនោះគឺ នៅក្នុងថ្ងៃនេះដែលខាងក្រុមការងារ ខ្មែរឡូត បាននាំគ្នាធ្វើការចុះទៅសាកសួរធ្វើការសម្ភាសន៍ដល់ប្អូនដោយផ្ទាល់ ជាមួយនឹងជីវិតរស់នៅរបស់ប្អូន ដែលការពិតនាងពិតជាមានជីវភាពលំបាកខ្លាំងយ៉ាងគួរឲ្យអាណិតតែម្តង។ ដោយក្នុងនោះប្អូនស្រីណាំ ម៉េងទៀង បានធ្វើការរៀបរាប់ប្រាប់ ខ្មែរឡូត ជាមួយនឹងការលក់ប្រចាំថ្ងៃ ការសិក្សាក៏ដូចជាជីវិតផ្ទាល់ខ្លួនរបស់ប្អូន ដែលនៅក្មេងប៉ុណ្ណឹងចេះជួយម្តាយ ជាពិសេសប្អូនក៏បានមានបំណងប្រាថ្នាធំៗ សម្រាប់ខ្លួនឯង និងគ្រួសារ ស្តាប់ទៅពិតជាក្តុកក្តួល។ 

ប្អូនស្រីណាំ ម៉េងទៀង
ប្អូនស្រីណាំ ម៉េងទៀង កំពុងលក់នំ

ជាមួយគ្នានេះដែរ ប្អូនស្រីបានរៀបរាប់ជាមួយនឹងការលក់ ដោយការលក់ជាប្រចាំនាងលក់ចាប់ពីម៉ោង៣ថ្ងៃត្រង់ ដល់យប់អាធ្រាត្រ (ប្តូរតាមពេលវេលានៃការសិក្សា) មានម្តាយដែលលក់មុននាង តាំងតែពីព្រឹករហូតដល់យប់អាធ្រាតជាមួយកូនស្រី។ សម្រាប់ការលក់នេះ ប្រិយមិត្តប្រាកដជាងឿងឆ្ងល់ថា ប៉ះពាល់ដល់ការសិក្សារបស់នាងឬទេ? ជាការពិតតាមរយៈសម្តីរបស់ប្អូនស្រីផ្ទាល់ នាងថាមិនប៉ះពាល់អ្វីនោះទេ ព្រោះក្រៅពីអង្គុយលក់ នាងក៏បានឆ្លៀតពេលអានសៀវភៅ និងធ្វើការងារសាលា លក់បណ្តើរ ណាមួយនេះជាទម្លាប់របស់នាងដែលជួយរកប្រាក់ម្តាយទាំងសប្បាយចិត្ត។

បន្ថែមពីនេះទៅទៀត ប្អូនស្រីរៀបរាប់ថាបច្ចុប្បន្នប្អូនរស់នៅផ្ទះជួល តែ២នាក់ម្តាយកូនប៉ុណ្ណោះ ដោយគ្រួសារនាងបានបែកបាក់គ្នាអស់ពេលជាយូរមកហើយ ដូច្នោះហើយក្នុងនាមជាកូនស្រី នាងក៏បានជួយម្តាយយ៉ាងអស់ពីចិត្តបំផុត ដើម្បីសម្រាលការចាយវាយ និងថ្លៃជួលផ្ទះ ទោះបីជាខ្លួននៅក្មេងយ៉ាងណាក្តី តែពិតជាចេញគិតដល់ម្តាយដែលនឿយហត់ក្នុងការរកប្រាក់ឲ្យនាង។ 

ម្តាយប្អូនស្រីណាំ ម៉េងទៀង
ប្អូនស្រីណាំ ម៉េងទៀង កំពុងលក់នំ
នំពពារដែលប្អូនស្រីលក់

ម្យ៉ាងវិញទៀតការតស៊ូរបស់ក្មេងស្រីរូបនេះ បានរុញច្រានឲ្យនាងខិតខំខ្លាំងនៅក្នុងការជួយម្តាយ មិនត្រឹមតែប៉ុណ្ណោះ នាងក៏មានបំណងប្រាថ្នាសម្រាប់ខ្លួនឯង និងគ្រួសារផងដែរ។ ដោយក្នុងនោះនាងបានរៀបរាប់ថា សម្រាប់បំណងប្រាថ្នាគ្រួសារ នាងពិតជាចង់ឲ្យគ្រួសាររបស់នាងបានជួបជុំគ្នា រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ មានផ្ទះនៅ និងមានជីវភាពមួយដ៏ធូរធារជាងនេះ។ ចំណែកឯក្តីប្រាថ្នារបស់នាងផ្ទាល់ ធំឡើងនាងចង់ជួយម្តាយ សម្រាលការងារម្តាយ និងចង់ក្លាយទៅជាតារាល្បី អ្នករាំរបាំនៅថ្ងៃខាងមុខផងដែរ។

ទន្ទឹមនឹងនេះដែរ ប្អូនស្រីក៏បានធ្វើការបកស្រាយចម្រៀងខ្លះៗ ជាមួយនឹងសម្លេងដ៏ពីរោះគួរឲ្យសរសើរផងដែរ។ ក្រោយពីបានស្តាប់នូវការលំបាក និងជីវិតរបស់ប្អូនស្រី ហាក់ដូចជាអាណិត និងសរសើរដល់នាង ដែលនៅក្មេងបែបនេះមានទឹកចិត្តល្អ ស្រលាញ់អ្នកម្តាយរបស់ខ្លួនខ្លាំងបែបនេះ ជួយរកស៊ី ទាំងយប់ថ្ងៃ ដោយមិនខ្លាចនឿយហត់។

ដូច្នោះហើយបើសិនជាប្រិយមិត្តជាច្រើន ចង់ជួយដល់ក្មេងតូចរូបនេះ អាចជួយទិញនំនាង ដើម្បីឲ្យបានប្រាក់ខ្លះសម្រាប់ជួយម្តាយ និងជួយសម្រាលជីវភាពរបស់នាង ព្រោះពិតជាកម្ររកបាន ដែលនាងនៅក្មេងប៉ុណ្ណឹង ចេះគិតពីអនាគត និងជួយម្តាយដោយមិនខ្លាចហត់បែបនេះ៕

សូមទស្សនាវីដេអូការរៀបរាប់របស់ប្អូនស្រីខាងក្រោមនេះ៖