ល្បីពេញបណ្តាញសង្គម ក្រោយក្មេងប្រុសម្នាក់រកឃើញ ពងដាយណូស័ររាប់លានឆ្នាំកប់នៅក្នុងដី (មានវីដេអូ)

ចិន៖ ក្មេងប្រុសម្នាក់រស់នៅក្នុងប្រទេសចិន បានល្បីឈ្មោះពេញបណ្តាញសង្គម ក្រោយរូបគេបានរកឃើញពងដាយណូស័ររាប់លានឆ្នាំ ដែលកប់នៅក្នុងដី កាលពីពេលថ្មីៗនេះ។

យោងតាមប្រភពបានឱ្យដឹងថា ក្មេងប្រុសរូបនេះមានឈ្មោះ Zhang Yangzhe បានរកឃើញពងដាយណូស័រ ខណៈពេលរូបគេកំពុងតែលេងនៅក្នុងតំបន់ទន្លេ Dongjiang ក្នុងទីក្រុង Heyuan ខេត្តក្វាងទុង កាលពីថ្ងៃអង្គារកន្លងទៅនេះ។

ក្មេងប្រុស Zhang Yangzhe
ពងឌីណូស័រកប់នៅក្នងដីដែលត្រូវបានរកឃើញ

ក្មេងប្រុសអាយុ ១០ឆ្នាំរូបនេះ ត្រូវបានរាយការណ៍ថា រូបគេពិតជាស្រលាញ់ផ្នែកវិទ្យាសាស្រ្តជាខ្លាំង គ្រាន់តែឃើញដុំថ្មចម្លែកកប់នៅក្នុងដី គេក៏ចូលទៅពិនិត្យមើល មានអីស្រាប់តែគេយល់ថា វាគឺជាពងដាយណូស័រ។

ដូច្នេះ Zhang ក៏រត់ទៅប្រាប់ម្តាយគេឱ្យមកជួយមើលរួមគ្នា។ ក្រោយមក ម្តាយគេក៏យល់ថា វាគឺជាពងដាយណូស័រដែរ ដូច្នេះគាត់ក៏បានប្តឹងសមត្ថកិច្ចចំពោះរឿងនេះ។

មិនយូរប៉ុន្មាន អ្នកជំនាញក៏បានមកដល់ ហើយពួកគេបានបញ្ជាក់ថា ថ្មនេះពិតជាពងដាយណូស័រពិតមែន។ វាមានប្រវែង ៨,៨៩សង់ទីម៉ែត្រ ហើយមានអាយុកាលជាង ៦៦លានឆ្នាំ បន្ទាប់ពីពួកគេជីកវាចេញមក។

ពងឌីណូស័រកប់នៅក្នងដីដែលត្រូវបានរកឃើញ
ពងឌីណូស័រកប់នៅក្នងដីដែលត្រូវបានរកឃើញ

អ្នកស្រី Li Xiaofang ជាម្តាយ Zhang បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កូនប្រុសគាត់ពិតជាចូលចិត្តផ្នែកវិទ្យាសាស្រ្តជាខ្លាំង ជាពិសេសរឿងដាយណូស័រ ហើយគេបានអានសៀវភៅជាច្រើនទាក់ទិនទៅនឹងរឿងដាយណូស័រ។

Zhang បានប្រាប់អ្នកសារព័ត៌មានថា៖

«ខ្ញុំបានរៀនចំណេះដឹងទាំងអស់នេះ ចេញពីសៀវភៅនិងនៅសាលារៀន។ បន្ថែមពីនេះទៀត ខ្ញុំក៏ធ្លាប់បានឃើញពងដាយណូស័រនៅក្នុងសារមន្ទីរផងដែរ។ ពងដាយណូស័រសុទ្ធសឹងតែមានទម្រង់ខុសៗគ្នា។»

គួរឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ១៩៩៦មក ពងដាយណូស័រប្រមាណ ១៧,០០០ពង ត្រូវបានរាយការណ៍ថា ត្រូវបានគេរកឃើញនៅក្នុងស្រុកចិន ហើយពងទាំងនោះត្រូវបានគេរក្សាទុកនៅក្នុងសារមន្ទីរជាតិ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយមើល៕

ទស្សនារូបភាព​ និងវីដេអូខាងក្រោម៖

ពងដាយណូស័រកប់នៅក្នងដីដែលត្រូវបានរកឃើញ
ពងដាយណូស័រកប់នៅក្នងដីដែលត្រូវបានរកឃើញ
ក្មេងប្រុស Zhang Yangzhe
ពងដាយណូស័រដែលត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរ