ការសិក្សាថ្មីបង្ហាញថា៖ ការហូបផ្លែទុរេន អាចជួយកុំឱ្យពុកធ្មេញ និងធុំក្លិនមាត់

ថៃ៖ ដូចជាអ្នករាល់គ្នាដឹងស្រាប់មកហើយថា មនុស្សភាគច្រើនចូលចិត្តហូបទុរេនជាខ្លាំង។ ដូច្នេះបានជាផ្លែទុរេនឡើងថ្លៃគួរឱ្យកត់សម្គាល់ ហើយបច្ចុប្បន្ន ក៏មានការ៉េមរសជាតិទុរេន នំរសជាតិទុរេន សូម្បីតែស្រាវីស្គីរសជាតិទុរេនក៏មានដែរ ពោលគឺ មានសព្វមានគ្រប់ដែលអាចយកទុរេនធ្វើជារបស់ហូបបាន។

រូបតំណាង

ប៉ុន្តែអ្នកដែលចូលចិត្តហូបទុរេន ច្រើនតែងត្រូវបានគេប្រាប់ថា បើហូបវាទៅ វាធ្វើឱ្យយើងធុំក្លិនមាត់ មាត់ស្អុយ ក្តៅខ្លួន ឈឺបំពង់.ក និងហើមពោះជាដើម ប្រសិនបើយើងហូបវាច្រើន។

យ៉ាងណាមិញ ជាក់ស្តែងបើយោងតាមការសិក្សាស្រាវជ្រាវថ្មីបានរកឃើញថា ការហូបទុរេន ការពិតជួយការពារធ្មេញកុំឱ្យពុក និងធុំក្លិនមាត់ទៅវិញនោះទេ។

ការសិក្សាស្រាវជ្រាវនេះធ្វើឡើងដោយមហាវិទ្យាល័យទន្តសាស្រ្តនៃសាកលវិទ្យាល័យជូឡាឡុងកន ក្នុងទីក្រុងបាងកក ប្រទេសថៃ។

រូបតំណាង

ការសិក្សាស្រាវជ្រាវនេះបានរកឃើញថា ការពិតផ្លែទុរេនមានសក្តានុពលខ្ពស់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្អាតមាត់ធ្មេញ។ មូលហេតុ គឺដោយសារតែជែលមួយប្រភេទនៅក្នុងសំបកទុរេន មានសក្តានុពលក្នុងការការពារការលូតលាស់បាក់តេរីផ្សេងៗនៅក្នុងមាត់ធ្មេញ។

បន្ថែមពីនេះទៀត គេរកឃើញថា ផ្លែទុរេនមានផ្ទុកសារធាតុពិសេសម្យ៉ាងជួយសម្អាតមាត់ធ្មេញ និងប្រឆាំងនឹងបាក់តេរីផ្សេងៗ ពោលគឺវាមានប្រយោជន៍ដូចទៅនឹងថ្នាំដុសធ្មេញអីចឹងដែរ។ ដូច្នេះ វាអាចជួយការពារធ្មេញអ្នកពីជំងឺពុកធ្មេញ និងជំងឺអញ្ចាញធ្មេញបាន។

អីចឹង សម្រាប់អ្នកដែលចូលចិត្តហូបទុរេន អាចហូបបានដោយសេរី ដោយមិនចាំបាច់ត្រូវបារម្ភរឿងបញ្ហាធុំក្លិនមាត់ និងពុកធ្មេញនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបតំណាង