នាង​ព្រមាន​ម្ដាយ​ថា បើ​ម៉ែ​មិន​យក​សង្សារ​ខ្ញុំ​ទៅ​ដែរ​ទេ អីចឹង​ពួក​ខ្ញុំ​សុខចិត្ត​ស្លាប់!

  • សៅរ៍ ២៧ កក្តដា, ២០១៩ ១៥:៥៤

រាជធានីភ្នំពេញ​ ៖ ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ស្ត្រី​វ័យ​ជាង​៤១​ឆ្នាំ​ម្នាក់​បាន​ជិះ​រថយន្ត​តាក់​សុី​១​គ្រឿង​ធ្វើ​ដំណើរ​តាំងពី​ស្រុក​កំណើត​នៅ​ឯ​ខេត្តស្វាយរៀង​ឆ្ពោះ​មក​ភ្នំពេញ ​ដើម្បី​នាំ​កូនស្រី​ជាទី​ស្រឡាញ់​របស់​គាត់​ម្នាក់​ដែល​ធ្វើ​ជា​កម្មការិនី​រោងចក្រ ហើយ​កំពុង​តែ​លង់​ស្នេហ៍​យ៉ាង​ងប់ងុល​ជាមួយ​ស្ត្រី​ម្នាក់​ទៀត រហូត​រស់នៅ​ជាមួយ​គ្នា​ក្រោម​ដំបូលផ្ទះ​ជួល​តែ​មួយ​ដូច​ជា​ប្ដី​ប្រពន្ធ​ ។

​លុះ​បាន​ជួប​កូនស្រី​សំណព្វចិត្ត​គាត់​បាន​ចាប់​អូស​ទាញ​នាង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយ​គាត់​ព្រោះ​គាត់​មិន​ចង់​ឲ្យ​កូនស្រី​វ័យ​២២​ឆ្នាំ​របស់​គាត់​ម្នាក់​នេះ​យក​មនុស្ស​ស្រី​ដូច​គ្នា​ធ្វើ​ជា​ប្ដី​ប្រពន្ធ​ឡើយ ​។ ​ប៉ុន្តែ​ខណៈនោះ​មិន​ត្រឹមតែ​នាង​មិន​ព្រមទៅ​ជាមួយ​ប៉ុណ្ណោះ​ទេ នាង​បាន​ក្រាញននៀល​បង្ក​ការ​ភ្ញាក់ផ្អើល ហើយ​ថែម​ទាំង​ព្រមាន​ដល់​ស្ត្រី​ជា​ម្ដាយ​ថា​«​បើ​ម៉ែ​យក​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​ត្រូវ​យក​សង្សារ​ខ្ញុំ​ទៅ​នៅ​ជាមួយ​ដែរ​បើ​មិ​នអ​ញ្ចឹ​ង​ទេ​ពួក​ខ្ញុំ​សុខចិត្ត​ស្លាប់​»​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ម្ដាយ​ហួសចិត្ត​ និង​ស្រែកយំ​ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង មុខ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ ​ហុង ​វ៉ា​ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ​ ​។

ស្ត្រី​ជា​ម្តាយ​ខាងលើ​នោះ​ឈ្មោះ​ ស.ដ.រ ​អាយុ​៤១​ឆ្នាំ ​ជា​ស្ត្រី​មេម៉ាយ​ សព្វថ្ងៃ​គាត់​មានកូន​ស្រី​តែ​២​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​បន្ទុកគ្រួសារ ​ហើយ​កូនស្រី​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ​គឺជា​កូនច្បង​មានឈ្មោះ​ ស.​ល​.​ណ អាយុ​២២​ឆ្នាំ មុខរបរ​ជា​កម្មកា​រិ​នី​រោងចក្រ​កាត់ដេរ​យីហោ ​ហុង​ វ៉ា​ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​ស្ត្រី​ម្នាក់​ទៀត​ដែល​ជា​គូស្នេហ៍​នៅ​ម្តុំ​ផ្សារ​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បានឃើញ​ស្ត្រី​ម្នាក់​ចុះ​ពីលើ​រថយន្តឈ្នួល​នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ​ ហុង ​វ៉ា បន្ទាប់​មក​បាន​ស្ទុះ​ទៅ​ចាប់​អូស​ដៃ​នាង​កម្មការិនី​ខាងលើដែលជាកូន​ឲ្យ​ឡើង​រថយន្តឈ្នួល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយ​គាត់ ​។ ​ប៉ុន្តែ​ខណៈនោះ​នាង​បាន​ប្រកែក​ ​ព្រមទាំង​ធ្វើការ​រើ​បម្រាស់​ និង​ប្រវាយប្រតប់​ជាមួយ​ម្ដាយ​មិន​ព្រម​ឡើង​រថយន្ត​ឡើយ មិនតែប៉ុណ្ណោះ​អ្នក​ទាំង​២​គឺ​ទាំង​ម្ដាយ ​និង​កូនស្រី​សុទ្ធតែ​បាន​យំ​ដូច​គ្នា​ថែម​ទៀត​ផង​ ។​

បន្ទាប់​ពី​ឃើញ​បែប​នេះ​កម្ម​រករ​រោងចក្រ​នេះ​រាប់រយ​នាក់​បាន​ចោមរោម​មើល ហើយ​ខណៈនោះ​បានឮ​កូនស្រី​រូប​នេះ​យំ​ផង​និយាយ​ផង​ថា «​ខ្ញុំ​សូម​ប្រាប់​ម៉ែ​ឯង​ចុះ​តាំងពី​ខ្ញុំ​ធំ​ដឹងក្ដី​រហូត​មក​ភ្នំពេញ​ធ្វើ​ជា​កម្មការិនី​នៅ​រោងចក្រ​ ហុង ​វ៉ា ​នេះ ខ្ញុំ​មិន​ដែល​មាន​អារ​ម្ម​ណ៏​ស្រឡាញ់​មនុស្ស​ប្រុស​ឬ​ក៏​ចង់បាន​មនុស្ស​ប្រុស​ណា​ម្នាក់​មក​ធ្វើ​ជា​សង្សារ​ ឬ​ប្ដី​សូ​ម្បី​តែ​ប៉ុន​១​សរ​សៃ​សក់​នោះ​ទេ​ ។ ​ខ្ញុំ​ស្រឡាញ់​តែ​មនុស្ស​ស្រី​ដូច​គ្នា​ប៉ុណ្ណោះ ហើយ​ស្នេហា​ដំបូង​របស់ខ្ញុំ​ជាមួយ​យុវតី​ភេទ​ដូច​គ្នា​ម្នាក់​ធ្លាប់​រួមរស់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា​រយៈពេល​៣​ឆ្នាំ​តែ​ទីបំផុត​ម៉ែ​បាន​បំបែក​ខ្ញុំ​ចេញពី​គ្នា​បាន​សម្រេច ​។​ នេះ​ជា​លើ​កី​២​ហើយ​ដែល​ខ្ញុំ​ទទួល​បាន​ស្នេហា​ថ្មី​ជាមួយ​មនុស្ស​ភេទ​ដូច​គ្នា​ហើយ​ម៉ែ​មក​តាម​បំបែក​ទៀត ពេល​នេះ​បើ​ម៉ែ​ចង់​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ​ត្រូវ​យក​សង្សារ​ខ្ញុំ​ទៅ​នៅ​ស្រុក​ជាមួយ​ដែរ​បើ​មិ​អ​ញ្ចឹ​ង​ទេ​ពួក​ខ្ញុំ​សុខចិត្ត​ស្លាប់ មិន​ទៅ​ឡើយ​»​ ។

ស្ត្រី​ជា​ម្ដាយ​បាន​និយាយ​ថា គាត់​ពិតជា​មានការ​ហួសចិត្ត​ខ្លាំង​ណាស់​គ្មាន​ពាក្យ​អ្វី​ដែល​ត្រូវ​និយាយ​ឡើយ​បន្ទាប់​ពី​ឮ​កូនស្រី​និយាយ​ដាក់​គាត់​បែប​នេះ ព្រោះ​ទ​ង្វើ​របស់​គាត់​គ្មាន​អ្វី​ក្រៅ​តែ​ពី​ចង់​ឲ្យ​កូន​មាន​អនាគត មា​ន​សុភមង្គល និង​មិន​ចង់​ឲ្យ​ញាតិ​ជិតខាង​សើច​ពេបជ្រាយ រិះគន់​ដល់​ពូជពង្សវង្សត្រកូល​តែ​ប៉ុណ្ណោះ​។​

នៅ​ព្រឹក​កើតហេតុ​គាត់​បាន​ជិះ​រថយន្ត​តាក់ស៊ី​ចេញ​មក​ពី​ស្រុក​កំណើត​មក​ឈប់​នៅ​មុខ​រោងចក្រ​ដើម្បី​នាំ​កូនស្រី​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​រស់នៅ​ជួបជុំ​ជាមួយ​គាត់​រួម ​និង​កូនស្រី​ម្នាក់​ទៀត​ដែល​កំពុង​តែ​សិក្សា​ថ្នាក់​ទី​៩ និង​បាន​ជួយ​មើលថែ​ជីដូន​ចាស់ជរា​អាយុ​៧៥​ឆ្នាំ​នៅផ្ទះ​ដែរ​ ។​ ប៉ុន្តែ​ពេល​នោះ​កូនស្រី​រូប​នេះ​មិន​ព្រមទៅ​ជាមួយ​ឡើយ​ដោយ​និយាយ​នូវ​ពាក្យ​ខាងលើ​ដាក់​គាត់​ថែម​ទៀត ហើយ​ចោទប្រកាន់​ថា​ គាត់​ពង្រាត់​ពី​គូ​ស្នេ​ហ៏​ភេទ​ដូច​គ្នា​ដើម្បី​យក​នាង​ទៅ​រៀប​កា​ជាមួយ​បុរស​ផ្សេង​ទៅ​វិញ​ ។

នគរបាល​បាន​និយាយ​ថា ខណៈនោះ​មានការ​ភ្ញាក់ផ្អើល​ពេញ​មុខ​រោងចក្រ​ហើយដោយ​ខ្លាច​មាន​អំពើ​ហិង្សា កើតឡើង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​បាន​ចុះ​ទៅ​អន្តរាគមន៍​ហៅ​ទាំង​ម្ដាយ​ទាំង​កូនស្រី​ទៅ​ប៉ុស្តិ៍​ដើ​ម្បី​សម្រួល​គ្នា ​ហើយ​ខណៈនោះ​នាង​ដែល​ជា​កូន​បាន​ជិះ​ម៉ូតូ​ជាមួយ​ស្ត្រី​ដែល​តែងខ្លួន​ជា​ប្រុស​ត្រូវជា​គូ​កំណាន់ ​។ ​លុះ​ពេល​ទៅ​ដល់​ម្ដាយ​សុំ​ឲ្យ​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​ជាមួយ​តែ​កូន​នៅ​តែ​មិន​ព្រម​ដដែល ហើយដោយ​សារ​តែ​មិន​អាច​យកឈ្នះ​ចិត្ត​កូនស្រី​បាន​ទើប​ស្ត្រី​ជា​ម្ដាយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ទឹកភ្នែក ​និង​ការ​ហួសចិត្ត​ ៕​