Arsenal យល់ព្រមតម្លៃខ្លួន ៧២លានផោន សម្រាប់ខ្សែប្រយុទ្ធ ឆ្នើមមួយរូបនៅ Ligue1

  • អាទិត្យ ២៨ កក្តដា, ២០១៩ ០៩:០៦

អង់គ្លេស៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal មានទំនុកចិត្តក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Nicolas Pepe ពីក្លិបបារាំង Lille បន្ទាប់ពីយល់ព្រមតម្លៃខ្លួន ៧២លានផោន នេះបើតាមប្រភពសារព័ត៌មាន Sky Sports ក្នុងប្រទេសអ៊ីតាលី។ 

កីឡាករ Nicolas Pepe

ប្រធានក្លិប Lille លោក Gerard Lopez បានបញ្ជាក់ថាក្លិបនៅ Serie A, Napoli បានយល់ព្រមលក្ខខណ្ឌជាមួយ កីឡាករវ័យ ២៤ឆ្នាំរូបនេះហើយ ប៉ុន្តែក្លិប Arsenal មានបំណងក្នុងការចំណាយប្រាក់លើស Napoli ដើម្បីនាំយក Pepe មកលេងនៅកីឡដ្ឋាន Emirate Stadium។ Napoli យល់ព្រមក្នុងការផ្ដល់ថ្លៃពលកម្ម ៣.៦លានក្នុងមួយឆ្នាំ ប៉ុន្តែ Arsenal បានយល់ព្រមផ្ដល់ប្រាក់ពលកម្មដល់កីឡាករជម្រើសជាតិកូតឌីវ័រលើស Napoli ទៅទៀត ពោលគឺ រហូតដល់ ៤.៥លានផោនឯណោះ។

កីឡាករ Nicolas Pepe

កាលពីថ្ងៃសៅរ៍ ប្រធានក្លិប Lille លោក Gerard Lopez បានថ្លែងប្រាប់សារព័ត៌មាន Sky Sports ឲ្យដឹងថា “ពួកយើងបានទទួលការចាប់អារម្មណ៍ពីក្លិប ៣ នៅអង់គ្លេស, ក្លិបមួយចំនួនទៀតនៅអេស្ប៉ាញ និងក្លិបមួយនៅអ៊ីតាលី។ ពួកយើងកំពុងតែមានទំនាក់ទំនងជាមួយក្លិបពីរ បី ក្នុងចំណោមក្លិបទាំងអស់នោះ ដែលក្លិបទាំងនោះអាចនឹងសមស្របសម្រាប់កីឡាកររបស់យើង។ យ៉ាងណាមិញ យើងមិនធ្វើអ្វីបាននោះទេ បើសិនជាកីឡាករមិនចង់ទៅ ដូច្នេះពេលនេះគឺជាការសម្រេចចិត្តរបស់កីឡាករ។”

លោក Gerard Lopez

Arsenal បានបង្វែរទិសដៅមកកាន់កីឡករដែលលេងនៅក្របខណ្ឌលីគកំពូលបារាំង Nicolas Pepe បន្ទាប់ពីការចរចារទិញ Wilfried Zaha ហាក់មិនទទួលបានផល។ ខណៈពេលថ្មីៗនេះ ក្លិបរួមលីក Everton កំពុងតែរៀបចំសំណើក្នុងការចរចាជាមួយ Crystal Palace ដើម្បីទិញយក Zaha អមដោយតម្លៃខ្លួន ៦០លានផោន។

កីឡាករ Wilfried Zaha

គួរបញ្ជាក់ផងដែរថា Nicolas Pepe រកគ្រាប់បាល់បាន ២២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន ១១ដង ជាមួយក្លិប Lille ក្នុងក្របខណ្ឌ Ligue1៕