កុំចេះតែហ៊ាន! ចាញ់បោកស្នេហាតាមអនឡាញ អស់លុយមិនចេះតិច ខាងស្រីយករូបអ្នកដទៃមកក្លែងបន្លំ ពេលឃើញរូបពិតបាសសក់

  • អាទិត្យ ២៨ កក្តដា, ២០១៩ ១៣:១៩

ថៃ៖ បុរសឈ្មោះថា Non បានធ្លាក់ក្នុងអន្លង់ស្នេហ៍នារីម្នាក់ឈ្មោះថា Bai Por តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកជាងពីរឆ្នាំមកហើយ។

ប្រភពបានឲ្យដឹងថា លោក Non បានផ្ញើលុយទៅឱ្យនាង Bai Por ដែលជាសង្សាររបស់ខ្លួន តាំងពីស្គាល់គ្នាដំបូងមកដល់ពេលនេះសរុបអស់ចំនួន ២.៣លានបាត (៧៤,៦៤៥ដុល្លារអាមេរិក)។ រាល់ពេលដែលលោក Non សុំណាត់ជួបម្ដងៗ នាង Bai Por តែងតែពន្យារពេល និងមានបញ្ហារវល់ជាប់រហូត។ ពួកគេទាំងពីរមិនដែលបានជួបមុខគ្នាផ្ទាល់នៅខាងក្រៅឡើយ។

ថ្មីៗកន្លងទៅនេះ លោក Non បានឃើញរូបថតស្រីម្នាក់នៅលើបណ្ដាញសង្គម Line មានមុខមាត់ដូចជាសង្សាររបស់លោក។ ម្ចាស់រូបថតដែលសង្សាររបស់លោកយកមកក្លែងបន្លំមានឈ្មោះថា Jee។

ប្រភពបានបន្ដថា ក្រោយពីដឹងការពិត លោក Non បានសម្រេចដាក់ពាក្យប្ដឹងនាង Bai Por ពីបទឆបោកលុយតាមអីុនធើណែត។ ក្រោយពីការស៊ើបអង្កេតបានឲ្យដឹងថា នាង Bai Por ឈ្មោះពិតគឺ Thippawan អាយុ ៣២ឆ្នាំ មានរូបរាងផ្ទុយស្រឡះទៅនឹងរូបថតដែលនាងយកមកក្លែងបន្លំ។ ប៉ូលិសបានធ្វើការចាប់ខ្លួននាង នៅក្នុងខេត្តឈៀងម៉ៃ និងកំពុងរង់ចាំការដោះស្រាយ។

នៅពេលខាងមុខនេះ ពួកគេទាំងពីរនឹងមានឱកាសជួបគ្នាជាលើកដំបូងនៅតុលាការហើយ។ ចាំមើលលទ្ធផលនឹងទៅជាយ៉ាងណាវិញ៕

រូបរាងពិតរបស់នាង