នាង​​ថា ឪពុក​តែងតែ​ចាប់​នាង រាល់​ពេល​​ម្តាយ​នាង​មិន​នៅផ្ទះ គឺ​ច្រើន​ដង​ហើយ

  • អាទិត្យ ២៨ កក្តដា, ២០១៩ ១៣:៥៦

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​​ម្នាក់​ត្រូវ​ឪពុកចុង​ចាប់រំលោភ​ជា​ច្រើន​​ដង​តាំងពី​អាយុ​១៣​ឆ្នាំ រហូត​ដល់​អាយុ​១៤​ឆ្នាំ ទើប​បែក​រឿង​ដឹង​ដល់​ឪពុកមា ហើយ​ប្តឹង​ទៅ​សមត្ថ​កិច្ច​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។ ការ​ចាប់​ឃាត់ខ្លួន​នេះ​ធ្វើ​កាលពី​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកក្កដា នៅ​នឹង​ផ្ទះ​បុរស​ជា​ឪពុក​ដែល​ស្ថិត​ក្នុងភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​សាច់ញាតិ​កុមារ​រី​រង​គ្រោះ​។

តាម​ប្រភព​ពពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​ម៉ោង​៦​និង​២៥​នាទី​ព្រលប់​ថ្ងៃ​ទី​២៦ កក្កដា មាន​បុរស​ម្នាក់​ឈ្មោះ ហ៊ុន សា​វៀន អាយុ​៤១​ឆ្នាំ ដែល​ត្រូវជា​អ៊ំ​របស់​ក្មេង​រង​គ្រោះ​បាន​ទៅ​ប្តឹង​លោក​មេ​ភូមិ​ជ្រលង​ថា ជនសង្ស័យ​ជា​ឪពុក​បាន​ចាប់រំលោភ​ក្មួយ​ស្រី​របស់​ខ្លួន ហើយ​ស្នើ​សុំ​ឱ្យ​លោក​មេ​ភូមិ​ជួយ​អន្តរាគមន៍​ផង ទើប​លោក​មេ​ភូមិ​រាយការណ៍​បន្ត​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប្រាសាទ ចុះ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ដដែល​តែ​ម្តង​។

សមត្ថកិច្ច​បញ្ជាក់​ថា មុន​ឈាន​ដល់​បែក​ការណ៍​នេះ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា នោះ គឺ​ឈ្មោះ ហ៊ុន សា​វឿ​ន ដែល​ត្រូវជា​អ៊ំ​របស់​ជន​រង​គ្រោះ​ឃើញ​ថា ឪពុកចុង​នោះ​ចេះ​តែ​បន្លំ​ថើ​ម​ក្មេងស្រី​​រង​គ្រោះ ហើយ​ចាប់ផ្តើម​ជម្លៀស​ឱ្យ​សាច់ញាតិ​ចេញ​ទៅ​មើល​គោក្របី​នៅ​វាលស្រែ និង​ចុង​ក្រោយ​ក៏​ដឹក​ប្រពន្ធ​ឱ្យទៅ​មើល​ម្តាយ​នៅ​មន្ទីរពេទ្យ​ទៀត ដោយ​ទុក​ឱកាស​ឱ្យ​រូបគេ និង​ជន​រង​គ្រោះ​នៅផ្ទះ​តែ​២​នាក់ ទើប​ឈ្មោះ ហ៊ុន សា​វឿ​ន មានការ​សង្ស័យ ក៏​តាម​សួរ​ក្មួយ​ស្រី រហូត​ក្មួយ​ស្រី​ព្រម​ប្រាប់​ការ​ពិត​ថា ឪពុកចុង​នាង​តែងតែ​ចាប់​នាង​រំលោភ​រាល់ពេល​ដែល​ម្តាយ​នាង​មិន​នៅផ្ទះ ហើយ​គំរាម​នាង​មិន​ឱ្យ​ប្រាប់​ម្តាយ​ទេ ទើប​អ៊ំ​ប្រុសរ​ត់ទៅ​ប្តឹង​លោក​មេ​ភូមិ​ឱ្យ​ជួយ​អន្តរា​គម​ភ្លាម​ៗ​តែ​ម្តង​។

តាម​រយៈ​ការ​ស្តាប់​ចម្លើយ​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជា​ឪពុកចុង​បាន​ចាប់​នាង​រំលោភ​តាំងពី​នាង​អាយុ​១៣​ឆ្នាំ​មក​ម្ល៉េះ ហើយ​គិត​មក​ដល់​ពេល​ចាប់ខ្លួន គឺ​រំលោភ​បាន​ច្រើន​ដង​ហើយ ប៉ុន្តែ​នាង​មិន​ហ៊ាន​ប្រាប់​ម្តាយ ឬ​បងប្អូន​សាច់ញាតិ​ណា​ទេ ព្រោះ​ឪពុកចុង​គំរាម​ថា បើ​ហ៊ាន​ប្រាប់​គេ​នឹង​សម្លាប់​ចោល? ហើយ​ពេល​នេះ​នាង​បាត់​រដូវ​២​ខែ​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក ដើម្បី​កសាង​សំណុំរឿង ហើយ​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)