ល្ងាច​ព្រមាន​ពីមុខ​ម្តាយ លុះ​ព្រឹក​ប្រទះ​ឃើញ​ក្នុង​បរិវេណ​សាលា ម្តាយ​តក់ស្លុត​យ៉ាង​​ខ្លាំង

  • អាទិត្យ ២៨ កក្តដា, ២០១៩ ១៣:៥៨

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ព្រមាន​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​ម្ដង​ជា​ពីរ​ដង​នៅ​ចំពោះ​មុខ​ម្ដាយ​ដោយ​គ្មាន​មូលហេតុ លុះ​នៅ​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា​នេះ ក្រោយ​ពី​បាត់​កូន​ពី​ផ្ទះ​១​យប់ ស្រាប់តែ​ម្ដាយ​ដើរ​រក​ឃើញ​បុរស​នេះ​ដេក​ស្លាប់​ទាំង​ស្នាម​ឆេះ​រលាក​ពេញ​ខ្លួន​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ពពាលខែ ដែល​ស្ថិត​ក្នុងភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​តែ​ម្តង​។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា បុរស​នោះ​ឈ្មោះ គុណ សំ​រិ​ទ្ធ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ បើ​តាម​ការ​អះអាង​ពី​ក្រុម​គ្រួសារ​ថា បុរស​នេះ​មាន​សតិ​មិន​ប្រក្រតី​។ ហើយ​ជន​នេះ​បាន​ដេក​ស្លាប់​នៅ​ក្នុង​បរិវេណ​នៃ​សាលា​បឋម​សិក្សា​ពពាលខែ ដោយ​មាន​ស្នាម​ឆេះ​រលាក​ពេញ​រាង​កាយ​ផង គឺ​ស្រប​ពេល​មួយ​ថ្ងៃមុន​ពេល​កើតហេតុ​ដែល​ជន​នេះ​បាន​ព្រមាន​ជា​ញឹក​ញ៉ាប់​នៅ​ចំពោះ​មុខ​ម្ដាយ​អំពី​ការ​ធ្វើ​អត្តឃាត​ដោយ​ចាក់​សាំង​ដុត​ខ្លួនឯង​។

តាម​ការ​បំភ្លឺ​របស់​ម្ដាយ​ឈ្មោះ​ជុន ចិន្ដា អាយុ​៦៤​ឆ្នាំ ប្រាប់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៧ កក្កដា នៅ​សុខ​ៗ​កូន​គាត់​សុំ​លុយ​២​ពាន់​រៀល ហើយ​ប្រើ​កូន​ក្មេង​ឲ្យ​ទៅ​ទិញ​សាំង​ឲ្យ​វា តែ​គ្មាន​នរណា​ទិញ​វា​ទេ ដោយ​វា​និយាយ​ថា វា​យក​សាំង​មក​ចាក់​ដុត​ខ្លួនឯង​។

ម្តាយ​ជន​រង​គ្រោះ​និយាយ​បន្ត​ថា កូនប្រុស​រូប​នេះ​បាន​ព្រមាន​ដុត​ខ្លួន​ជា​បន្តបន្ទាប់ តែ​គាត់​មិនដឹង​ពី​មូល​ហេតុ​ទេ ព្រោះ​វា​មាន​សតិ​មិន​ប្រក្រតី​។ បន្ទាប់​មក​គាត់​ក៏​លួងលោម​កូន​ទៅ​ដេក ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ដដែល ក្រោយ​ភ្ញាក់ពីដេក​កូន​ក៏​ប្រាប់​គាត់​ថា «​ចាំ​មើល​ខ្ញុំ​ដុត​ខ្លួនឯង​ឲ្យ​បាន​សម្រេច​» រួច​វា​ក៏​ដើរ​ចេញពីផ្ទះ​បាត់​ទៅ​រហូត​ដល់​យប់​ក៏​មិនឃើញ​មក​ផ្ទះ​វិញ​ដែរ​។ លុះ​ព្រឹក​ឡើង​ពេល​គាត់​ដើរ​រក​នៅ​ក្នុង​បរិវេណ​សាលារៀន​ពពាលខែ ស្រាប់តែ​ឃើញ​កូន​ដេក​ស្លាប់​ដោយ​ដុត​ខ្លួន​តែ​ម្ដង ធ្វើ​ឲ្យ​គាត់​តក់ស្លុត​យ៉ាង​ខ្លាំង​។ សមត្ថកិច្ច​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សាកសព​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​ប្រាប់​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ខ្លួនឯង​មែន​។ នេះ​បើ​តាម​ការ​សន្និ​ដ្ឋាន​របស់​មន្ត្រី​ជំនាញ​។ ហើយ​ជន​រង​គ្រោះ​សម្លាប់​ខ្លួន​ដោយ​ប្រើ​សាំង​ចាក់​ដុត តែ​បាន​ធ្វើ​ឡើង​នៅ​ពេល​​យប់​ទើប​គ្មាន​នរណា​បានដឹង ខណៈ​នៅ​ក្នុង​បរិវេណ​សាលា​នោះ​ស្ងាត់ និង​បាំង​ដោយ​ជញ្ជាំង​ថ្ម​ផង​។ ប៉ុន្តែ​យើង​មិន​បានដឹង​អំពី​មូលហេតុ​ជាក់លាក់​ទេ ដោយ​គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ថា ជន​រង​គ្រោះជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​។ ទោះ​យ៉ាងណា ក្រោយ​ពិនិត្យ​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)