ដឹងអត់? ប្រាក់ឈ្នួលដ៏ច្រើនរបស់ Bale នៅចិន ក្រោមកីឡាកររូបនេះតែម្នាក់គត់!!!

  • អាទិត្យ ២៨ កក្តដា, ២០១៩ ១៦:០៩

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធជម្រើសជាតិវេល កីឡាករ Gareth Bale មានភាគរយខ្ពស់ក្នុងការចាកចេញពីទឹកដីអេស្ប៉ាញទៅចូលរួមជាមួយក្លិបចិន។

Bale គឺជាកីឡាករឈរលេខរៀងទីមួយនៅ Real Madrid ដែលទទួលបានប្រាក់ឈ្នួលថ្លៃជាងគេ ដោយសារអតីតខ្សែប្រយុទ្ធរបស់ Spurs រូបនេះទទួលបានប្រមាណជា ៦០០,០០០ផោន ក្នុងមួយសប្ដាហ៍។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Express បើសិនជា Bale ផ្លាស់ទៅលេងនៅក្លិបចិនមែននោះ គេនឹងទទួលបានប្រាក់ថ្លៃពលកម្មនឿយហត់ក្នុងមួយសប្ដាហ៍ ១.១លានផោនឯណោះ។

កីឡាករ Gareth Bale

ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ Gareth Bale អាចនឹងទៅលេងនៅលីគកំពូលចិន Chinese Super League ជាមួយនឹងក្លិប Jiangsu Suning ទីដែលគេអាចនឹងទទួលបានប្រាក់ឈ្នួលលើសពី ១លោនផោនក្នុងមួយសប្ដាហ៍។ ជាមួយនឹងប្រាក់ឈ្នួលពលកម្មខ្ពស់បែបនេះ  Bale អាចនឹងជាប់ឈ្មោះជាកីឡាករទី ២ នៅលើលោកដែលទទូលបានប្រាក់ឈ្នួលច្រើនជាងគេ ពោលគឺស្ថិតនៅក្រោម Lionel Messi តែម្នាក់ប៉ុណ្ណោះ។ 

កីឡាករ Messi និង Gareth Bale

ចំពោះខ្សែប្រយុទ្ធលំដាប់កំពូលរបស់ Barcelona, Lionel Messi រកប្រាក់ចំណូលប្រមាណជា ១.២លានផោនក្នុងមួយសប្ដាហ៍ ដែលជាចំនួនមួយច្រើនបំផុតសម្រាប់កីឡាករបាល់ទាត់នៅលើពិភពលោក។ ទោះជាស្ថិតក្រោម Messi ប៉ុន្តែបើសិនជា Bale ផ្លាស់ទៅលេងនៅទឹកដីចិនមែននោះ ប្រាក់ឈ្នួលរបស់គេនឹងស្ថិតនៅលើខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃបំផុតលើលោក Neymar ព្រមទាំងជាប់ឈ្មោះជាកីឡាករទី២ នៅលើលោកដែលរទទូលបានប្រាក់ឈ្នួលច្រើនជាងគេផងដែរ៕

កីឡាករ Gareth Bale