ក្មេង​ៗ​ទាំង​៣​នាក់​ជីវិត​ពិត​ជា​​ថ្លៃ​មែន​ កប់​ក្នុង​​រណ្តៅ​ដី​ភក់​១​យប់​ហើយ នៅ​តែ​…

  • អាទិត្យ ២៨ កក្តដា, ២០១៩ ១៥:៤៩

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​តូច​ៗ៣​នាក់ ត្រូវ បាន​សង្គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់​ពី​ក្មេង​ប្រុស​៣​នាក់​នោះ​ជាប់​កប់​ក្នុង​ភក់​អស់​មួយ​យប់ ស្ថិត​នៅ​ក្បែរ​ផែ​ប្រេង​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

បើ​សមត្ថកិច្ច​បានការ​បំភ្លឺ​ពី​អាណាព្យាបាល​ក្មេង​ប្រុស​ទាំង​៣​នាក់​នោះ​ថា ពួក​គេ​បាន​បាត់​កូន​ខ្លួន​ពី​ផ្ទះ​កាលពី​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​២៧ កក្កដា រហូត​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ទើប​ក្រុម​គ្រួសារ និង​អ្នក​ភូមិ​ស្វែងរក​ឃើញ​នៅ​ត្រាំ​ក្នុង​រណ្តៅ​ដី​មាន​ភក់​មួយ​កន្លែង​ក្បែរ​វត្ត​ពោធិ​មាន​ជ័យ និង​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។ ក្មេង​ប្រុស​តូច​ៗ៣​នាក់​នោះ​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​រស់នៅ​ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​ស្ទឹង​ហាវ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ដំបូង​គេ​បានឃើញ​ក្មេង​ៗ​ទាំង​៣​នាក់​នោះ​រត់​លេង​តាម​រថយន្ត​ដង្ហែ​សព​ទៅ​កាន់​វត្ត​ពោធិ៍​មាន​ជ័យ ដែល​ទំនង​ពួក​គេ​តាម​រើស​លុយ​ដែល​ត្រូវ​ក្រុម​គ្រួសារ​សព​ទម្លាក់​តាម​ផ្លូវ ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ។

ក្រោយ​ពី​បញ្ចប់​ពិធីបុណ្យ​ដង្ហែ​សព ក្មេង​ៗ​ទាំង​៣​នាក់​នោះ​បាន​នាំ​គ្នា​ទៅ​លេង​ភក់​ក្នុង​រណ្តៅ​កាយ​ដី​មួយ​កន្លែង​នៅ​ជិត​វត្ត​ពោធិ៍​មាន​ជ័យ បណ្តាល​ឲ្យ​ជាប់​នៅ​ក្នុង​ល្បាប់​ភក់​នោះ ។ ហើយ ដោយសារ​តែ​ពេល​យប់​ផង មិន​មាន​មនុស្ស​ចាស់​នៅ​ជិត ឬ​មាន​អ្នក​ឃើញ​ហេតុការណ៍​ទៀត​នោះ ទើប​ធ្វើ​ឲ្យ​ក្មេង​ៗ​ទាំង​៣​នាក់​ជាប់​នៅ​ក្នុង​ល្បាប់​ភក់​នោះ​ពេញ​មួយ​យប់​តែ​ម្តង ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)