ទឹកចិត្តបងស្រី! ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ស្លាប់ ក្រោយព្យាយាមជួយសង្គ្រោះជីវិតប្អូនស្រីតូចពីគំនរបាក់បែក ដោយសារការទម្លាក់គ្រាប់បែក

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ០៨:១៣

ស៊ីរី៖ រូបថតមួយសន្លឹកកំពុងធ្វើឲ្យមនុស្សជាច្រើនក្រៀមក្រំ ដែលបង្ហាញពីក្មេងស្រីអាយុ៥ឆ្នាំម្នាក់ កំពុងគៀបជាប់ក្នុងគំនរបាក់បែកដោយសារគ្រាប់បែក ព្យាយាមជួយជីវិតប្អូនស្រីរបស់ខ្លួនដោយចាប់ទាញអាវយ៉ាងជាប់។

ប្រភពបានឲ្យដឹងថា ក្មេងស្រីឈ្មោះ រីហេម អាយុ៥ឆ្នាំ បានព្យាយាមជួយជីវិតប្អូនស្រីដែលមានអាយុទើបតែបាន៧ខែ ដោយចាប់ទាញអាវរបស់ប្អូននាងមិនឲ្យរបូតទៅក្រោម ទោះបីជាខ្លួននាងកំពុងគៀបជាប់ក្រោមគំនរបាក់បែកយ៉ាងណាក៏ដោយ។ គំនរបាក់បែកទាំងនោះ កើតមានដោយសារការទម្លាក់គ្រាប់បែកពីលើអាកាស ធ្លាក់មកត្រូវចំផ្ទះរបស់ក្មេងរងគ្រោះ។ ឪពុករបស់កុមារី រីហេមបានមកដល់កន្លែងកើតហេតុដោយទឹកមុខតក់ស្លុត ច្របូកច្របល់មិនដឹងធ្វើយ៉ាងដូចម៉េចឡើយ។ ក្រោយមកក្រុមជួយសង្គ្រោះក៏បានមកដល់ និងបានបញ្ជូនកុមារីទាំងពីរទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។

កុមារី រីហេមកំពុងទាញអាវប្អូនស្រី

កុមារីតូចដែលទើបតែមានអាយុ៧ខែ កំពុងជួបស្ថានភាពធ្ងន់ធ្ងរ និងត្រូវព្យាបាលដោយយកចិត្តទុកដាក់។ ចំណែកកុមារី រីហេម ដោយមិនអាចស៊ូទ្រាំនឹងរបួសបាន នាងក៏បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ និងម្ដាយរបស់នាងក៏ត្រូវបានស្លាប់នៅក្នុងហេតុការណ៍នេះផងដែរ។

ឪពុករបស់កុមារី រីហេម

ប្រភពបានបន្ដថា កុមារី រីហេម គឺជាជនស៊ីវិលម្នាក់ក្នុងចំណោម ២០នាក់ផ្សេងទៀត ដែលបានស្លាប់ ក្រោយការវាយប្រហារដោយការទម្លាក់គ្រាប់បែក របស់រដ្ឋាភិបាលប្រទេសស៊ីរីកាលពីថ្ងៃពុធ នៅក្នុងខេត្ត Idlib ភាគខាងជើង។

ក្រោយពីរូបថតរបស់កុមារី រីហេម បានបង្ហោះនៅលើអុីនធើណែត មានមនុស្សជាច្រើនបានសម្ដែងការសោកស្ដាយ និងក្ដុកក្ដួលក្នុងអារម្មណ៍ដែលនាងបានស្លាប់បាត់បង់ជីវិត៕

កុមារី រីហេម កាលនៅមានជីវិត