ថ្លើមធំ​ណាស់ ! ហ៊ាន​ឆក់​កាបូប​លុយ​អ្នកលក់​ក្នុង​ផ្សារ​ធំ​ក្រុង​កំពង់ចាម

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ០៨:២៧

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ នៅ​វេលា​ម៉ោង​៤ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ កក្កដា ២០១៩ នៅ​ក្នុង​ផ្សារ​ធំ​ក្រុង​កំពង់ចាម ស្ថិត​នៅ​ភូមិ​ទី​១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។ ដោយ​ចោរ​ហិតកាវ​ដៃ​ស្អិត​ម្នាក់ បាន​ឆក់​កាបូប​លុយ​របស់​អាជីវករ​ម្នាក់​ឈ្មោះ បូ​វ ទី​តា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រត់​ចុះឡើង​ក្នុង​ផ្សារ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ចាប់​បាន​និង​ដកហូត កាបូប​លុយ​មក​វិញ​។

នគរបាល​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ​អាជីវករ​លក់ដូរ​នេះ បាន​រៀបចំ​បិទ​តូប​ហើយ​ដាក់​កាបូប​លុយ​លើ​តូប បន្ទាប់​មក​ត្រូវ​បាន​មុខសញ្ញា​ហិតកាវ ឈ្មោះ សិ​ដ្ឋ ធា​រី ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ស្នាក់​នៅ​ចំណតរថយន្ត​ក្រុង​កំពង់ចាម បាន​ដើរមក​ដល់​ហើយ​ឆក់​រត់គេច​ចុះឡើង បាន​ប្រហែល​៣០​ម៉ែត្រ​ក៏​បោះ​កាបូប​លុយ​នោះ​ចោល ម្ចាស់​រត់​តាម​ពីក្រោយ​រើស​បាន​វិញ ហើយ​ជន​នេះ​បាន​រត់គេច​ចេញ​ទៅ​ទិស​ខាងត្បូង​។

នគរបាល​មូលដ្ឋាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ សមត្ថកិច្ច​បាន​ចុះ​មក​អន្តរាគមន៍មក​ដល់​ដេញ​តាម​រហូត​ដល់​ត្រង់​ចំនុច​ពេទ្យ​១១៥ ជាប់​ផ្សារ​សាមគ្គី​ក៏​ត្រូវ​ចាប់ខ្លួន​បាន និង​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​សួរនាំ​។

ហើយ​លុយ​នៅ​ក្នុង​កាបូប​លក់​នំ​របស់​អាជីវករនោះ​មិន​ច្រើន​ទេ​គឺ​មាន​លុយ​ជាង​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ម្ចាស់​បាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ចាត់​វិធាន​ការ​ជន​នោះ​តាម​ច្បាប់​។ ហើយ​កន្លង​មក​នៅ​ក្នុង​ផ្សារ​ធំ​ក្រុង​កំពង់ចាម មិន​ដែល​ធ្លាប់​មាន​ករណីចោ​រា​ឆក់​កាបូប​បែប​នេះ​ទេ ជាមួយ​នោះ​អ្នក​រង​គ្រោះ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សមត្ថកិច្ច​ដែល​បានចុះ​មក​ជួយ​អន្តរាគមន៍​តាម​ចាប់ចោរ​លួច​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕