ឪពុកឃោរឃៅ! ប្រញាប់ទៅមើលប្រពន្ធចុងឆ្លងទន្លេខ្លាំងពេក ចាប់កូនប្រុសដាក់ច្រវ៉ាក់.ក ទុកចោលម្នាក់ឯងនៅក្នុងផ្ទះ

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ១៤:៣៧

រុស្ស៊ី៖ ក្មេងប្រុសម្នាក់ត្រូវបានឪពុកចាប់ដាក់ច្រវ៉ាក់.ក ទុកឲ្យនៅម្នាក់ឯងនៅក្នុងផ្ទះ។ ក្មេងប្រុសនោះត្រូវបានគេប្រទះឃើញនៅក្នុងហាងលក់ទំនិញមួយកន្លែង ក្រោយពីរត់គេចចេញពីផ្ទះរួច។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Velikovechnoye ក្នុងប្រទេសរុស្ស៊ី។

ប្រភពបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះថា Tikhon អាយុ១០ឆ្នាំ ត្រូវបានឪពុកចាប់ដាក់ច្រវ៉ាក់.ក ទុកឲ្យនៅក្នុងផ្ទះម្នាក់ឯង។ ក្មេងប្រុសនោះបានរត់គេចខ្លួនចេញពីផ្ទះបាន ក្រោយពីព្យាយាមវ៉ៃបំបាក់ឈើដែលឪពុកចងច្រវ៉ាក់ព័ទ្ធជុំវិញ។ Tikhon ឃ្លានខ្លាំងពេក ក៏រត់ចូលទៅក្នុងហាងលក់ទំនិញមួយកន្លែង ដោយច្រវ៉ាក់ជាប់ជុំវិញ.កនៅឡើយ។ ក្រោយមក បុគ្គលិកនៅក្នុងហាងលក់ទំនិញបានឃើញដូច្នេះក៏សួរនាំទៅកាន់ក្មេងប្រុសនោះ។ Tikhon បានប្រាប់ថា ឪពុករបស់គេបានឃុំខ្លួនគេនៅក្នុងផ្ទះ។ 

Tikhon កំពុងរកចំណីញាំនៅក្នុងហាងទំនិញ

ប្រភពបានបន្ដថា បុរសជាឪពុក ប្រញាប់ទៅមើលថែប្រពន្ធចុងដែលកំពុងសំរាលកូននៅមន្ទីរពេទ្យ ដោយទុក Tikhon នៅផ្ទះម្នាក់ឯង។ Tikhon បានសុំអង្វរបុគ្គលិកនៅក្នុងហាងលក់ទំនិញមិនឲ្យប្រាប់ឪពុកអំពីការរត់ចេញមកក្រៅរបស់ខ្លួន។ បុគ្គលិកនៅទីនោះបានទូរស័ព្ទទៅកាន់ប៉ូលិស ក្រោយមកក្រុមជួយសង្គ្រោះក៏បានមកដល់ និងជួយដោះច្រវ៉ាក់ចេញពីក.របស់ Tikhon។ Tikhon បានប្រាប់បូលិសឲ្យដឹងថា ខ្លួនគេតែងតែត្រូវឪពុកចាប់ដាក់ច្រវ៉ាក់ច្រើនដងមកហើយ និងត្រូវជាប់ច្រវ៉ាក់ជាច្រើនម៉ោងទៀតផង។

ក្រុមជួយសង្គ្រោះកំពុងដោះច្រវ៉ាក់

ប្រភពបានឲ្យដឹងទៀតថា ប៉ូលិសបានទូរស័ព្ទទៅកាន់ឪពុករបស់ Tikhon ដើម្បីសួរនាំ។ ឪពុករបស់ Tikhon បាននិយាយថា គាត់មិនបានធ្វើនោះទេ គឺ Tikhon ជាអ្នកដាក់ច្រវ៉ាក់ដោយខ្លួនឯង។ សព្វថ្ងៃនេះ Tikhon រស់នៅជាមួយឪពុកបង្កើតនិងម្ដាយចុង។ ប៉ុន្ដែបន្ទាប់ពីកើតហេតុខាងលើនេះ ម្ដាយបង្កើតរបស់ Tikhon បានយកគេទៅនៅជាមួយវិញហើយ។ យ៉ាងណាមិញ ប៉ូលិសនឹងធ្វើការស៊ើបអង្កេត និងសួរចម្លើយ ឪពុករបស់ Tikhon បន្ថែមទៀតចំពោះករណីនេះដើម្បីរកការពិត៕