ឱ្យប្រផ្នូលអ្វីឬ? ធ្លាក់អាចម៍ផ្កាយកណ្តាលវាលស្រែ ទម្ងន់ជាង១៤គីឡូក្រាម ផ្អើលអ្នកស្រុកជាច្រើនក្នុងប្រទេសឥណ្ឌា! (មានវីដេអូ)

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ១៣:៥១

ឥណ្ឌា៖ ដុំចម្លែកធ្លាក់ពីលើមេឃមកកណ្តាលវាលស្រែ ដែលត្រូវបានគេជឿជាក់ថា ជាដុំអាចម៍ផ្កាយ បានធ្វើឲ្យអ្នកស្រុកជាច្រើនរស់នៅក្នុងប្រទេសឥណ្ឌា ហាក់សម្ដែងការភ្ញាក់ផ្អើល និងព្រួយចិត្តយ៉ាងខ្លាំង ជុំវិញនឹងរឿងដ៏កម្រជួបប្រទះមួយនេះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃពុធ សប្តាហ៍មុននេះ ស្ថិតនៅក្នុងភូមិមួយ នៃរដ្ឋ Bihar ប្រទេសឥណ្ឌា។

អាចម៍ផ្កាយធ្លាក់មកកណ្តាលវាលស្រែ

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ គឺអ្នកភូមិកំពុងតែនាំគ្នាធ្វើស្រែរបស់ពួកគេ ហើយរំពេចនោះក៏ស្រាប់តែមានដុំចម្លែកម្យ៉ាង មានពន្លឺភ្លើងពណ៌ត្នោតដូចដុំថ្ម បានធ្លាក់ពីលើមេឃលាន់ឡើងកក្រើកវាលស្រែ ក្នុងល្បឿនយ៉ាងលឿន (ជាង៤ម៉ឺនគីឡូម៉ែត្រក្នុង១ម៉ែត្រ) ជាមួយនឹងផ្សែងហុយទ្រលោម ដែលជាហេតុធ្វើឲ្យពួកគេភិតភ័យ និងរត់ចែកជើងគ្នាតែម្តង។

ប៉ុន្តែមិនថាយ៉ាងណា ក្រោយសភាពការណ៍ហាក់រាងស្ងប់ស្ងាត់ ពោលគឺផ្សែងបានសាយភាយអស់ អ្នកភូមិក៏បានសម្រេចចិត្តនាំគ្នាត្រលប់ទៅមើលចំណុចទីតាំងនោះវិញ ឃើញថាមានប្រហោង ឬស្នាមបែកក្រហែងដីយ៉ាងធំនៅក្នុងវាលស្រែ។

ក្រោយមក អ្នកភូមិក៏បាននាំគ្នាលូកស្រង់យករបស់ចម្លែកនោះចេញមក ដែលត្រូវបានគេដឹងថា មានជម្រៅលិចក្នុងវាលស្រែប្រមាណជា ៤ហ្វីត ឬជាង១ម៉ែត្រ ព្រោះតែចង់ដឹងការពិតថាវាជាអ្វី។ អ្នកភូមិហាក់ភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែរបស់នោះមានសណ្ឋានដូចជាដុំថ្ម ទំហំប៉ុនបាល់ ប៉ុន្តែវាមានទម្ងន់ធ្ងន់ ដល់ទៅប្រមាណ ១៥គីឡូក្រាមឯណោះ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ ជុំវិញនឹងករណីមួយនេះ វាក៏ត្រូវបានគេយកទៅពិនិត្យ ក៏ដូចជាធ្វើការវិភាគដោយក្រុមអ្នកវិទ្យាសាស្រ្ត ហើយពួកគេក៏បានអះអាងថា នេះគឺជាដុំអាចម៍ផ្កាយ ដែលបានធ្លាក់ចុះមក។

គួរឲ្យដឹងថា អាចម៍ផ្កាយ គឺជាភាគល្អិតឬអង្គសិលាតូចៗ កើតចេញពីផ្កាយព្រះគ្រោះ ដែលធ្វើដំណើរជុំវិញព្រះអាទិត្យ (គន្លងពួកវាខ្លះមិនទៀងទាត់ទេ)។ ជាធម្មតាអង្គសិលាតូចៗទាំងនោះ តែងត្រូវបានរងការប៉ះទង្គិតដោយការដុតកម្ដៅពីព្រះអាទិត្យ ហើយនៅពេលដែលវាធ្លាក់ទៅលើផ្ទៃភពណាមួយនោះគេហៅថា អាចម៍ផ្កាយ។ កន្លែងដែលមានអាចម៍ផ្កាយច្រើនបំផុត គឺស្ថិតនៅចន្លោះភពអង្គារ និងព្រហស្បតិ៍ ដែលវាត្រូវបានគេហៅថា ខ្សែក្រវាត់អាចម៍ផ្កាយ។

យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះ ប្រភពពុំបានទម្លាយឲ្យដឹងទេថា ពួកគេនឹងមានវិធានការយ៉ាងណាបន្តចំពោះដុំអាចម៍ផ្កាយនោះឡើយ។ ខណៈក៏មានមហាជនមួយចំនួន ហាក់កើតក្តីព្រួយបារម្ភ ព្រោះតែពួកគេមានជំនឿថា ការធ្លាក់អាចម៍ផ្កាយមកបែបនេះ អាចជាការនាំប្រផ្នូលមិនល្អមកផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

អាចម៍ផ្កាយដែលបានធ្លាក់មក