បុរសម្នាក់ចេះតែផ្ដាសាយមិនឈប់ មុខបែរជាហើមស្ពុល ដោយសារជំងឺចម្លែកម៉្យាង

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ១៤:១០

ហ្វីលីពីន៖ ផ្ទៃមុខរបស់បុរសវ័យចំណាស់ម្នាក់ បានហើមខុសប្លែកពីធម្មតា ធ្វើឲ្យគាត់ខ្វាក់ភ្នែកទាំងសងខាង ដោយសារជំងឺចម្លែកម៉្យាង។

ប្រភពបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះថា Romulo Pilapil អាយុ៥៦ឆ្នាំ រស់នៅក្នុងទីក្រុង Ormoc ប្រទេសហ្វីលីពីន។ ជំងឺរបស់គាត់ចាប់ផ្ដើមដោយការ ផ្ដាសាយមិនឈប់ អស់រយៈពេលជិត៣ឆ្នាំ។ គាត់បានទៅមន្ទីរពេទ្យក្នុងតំបន់ដែលគាត់រស់នៅ ដោយបានទទួលថ្នាំលេបជាប្រចាំ។ ប៉ុន្តែស្ថានភាពរបស់គាត់មិនបានលទ្ធផលល្អប្រសើរនោះទេ។ លើកចុងក្រោយដែលគាត់ទៅមន្ទីរពេទ្យគឺក្នុងឆ្នាំ២០១៨។ វេជ្ជបណ្ឌិតបានស្នើសុំឲ្យគាត់ទៅព្យាបាលនៅទីក្រុង Manila ប៉ុន្ដែក្រុមគ្រួសាររបស់គាត់គ្មានលទ្ធភាពក្នុងការព្យាបាលនោះទេ។ ក្រោយមក មុខរបស់គាត់ចាប់ផ្ដើមរីកធំឡើងៗ ធ្វើឲ្យភ្នែកមើលលេងឃើញ និង បបូរមាត់ប៉ោងធំ។ ចាប់តាំងពីភ្នែករបស់គាត់មើលលេងឃើញមក ធ្វើឲ្យគាត់បាត់បង់ការងារជាជាងឈើ។  

បុរសរងគ្រោះដោយសារជំងឺចម្លែក

ក្មួយប្រុសរបស់បុរសរងគ្រោះបាននិយាយថា មុនពេលមុខរបស់គាត់ក្លាយទៅជាហើមស្ពុលបែបនេះ ដំបូងគាត់មានអាការផ្ដាសាយ រមាស់និងរលាកភ្នែក ហើយច្រមុះឡើងក្រហម។ គ្រប់គ្នាគិតថា គាត់គ្រាន់តែមានជំងឺផ្ដាសាយធម្មតាប៉ុណ្ណោះ។

ប្រភពបានបន្ដថា កូនទាំងបីរបស់បុរសរងគ្រោះ ធ្វើការងារឆ្លាស់វេនគ្នា ដើម្បីមានពេលវេលាមើលថែឪពុក។ ចំណែកប្រពន្ធរបស់គាត់ក៏បានរកការងារធ្វើជាអ្នកបោសសម្អាតតាមផ្លូវសាធារណៈ។

យ៉ាងណាមិញ ដោយសារជីវភាពនៅតែមានការខ្វះខាតខ្លាំង ក្រុមគ្រួសាររបស់គាត់ក៏នៅតែត្រូវការជំនួយផងដែរ៕ 

ថ្ងៃខួបកំណើតរបស់គាត់
ទិដ្ឋភាពក្នុងផ្ទះរបស់គាត់
បុរសរងគ្រោះទទួលបានអំណោយ