ផ្ទុះការភ្ញាក់ផ្អើល ក្រោយប៉ូលិសបញ្ចេញរូបថតស្រ្តីញៀនថ្នាំម្នាក់... ផ្តាំមនុស្សម្នាត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ១៦:៥៦

អង់គ្លេស៖ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ មានការភ្ញាក់ផ្អើលនិងបានចាប់អារម្មណ៍ជាខ្លាំង ក្រោយប៉ូលិសបញ្ចេញរូបថតស្រ្តីញៀនថ្នាំម្នាក់ ដែលមានមុខមាត់មើលទៅពិតជាចាស់ទ្រុឌទ្រោមខ្លាំងមែនទែន។

យោងតាមប្រភពបានឱ្យដឹងថា ទណ្ឌិតឈ្មោះ Lynley Graham អាយុ៥៣ឆ្នាំ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១៨ខែពីបទប្រើប្រាស់គ្រឿងញឿន និងប៉ុនប៉ងចែកចាយគ្រឿងញៀន។ ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សម្នាមានការភ្ញាក់ផ្អើលខ្លាំងនោះគឺថា ថ្មីៗនេះយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ Humberside Police បានបញ្ចេញរូបថតស្រ្តីញៀនថ្នាំម្នាក់នេះ ហើយបានធ្វើការដាស់តឿន ព្រមទាំងព្រមានដល់មនុស្សគ្រប់គ្នា ឱ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះវាពិតជាបំផ្លាញទាំងខួរក្បាលនិងសម្រស់យើងពិតមែន ដូចជាករណីរបស់នាង Lynley ជាដើម។

រូបមុននិងក្រោយរបស់នាង Lynley​ Graham

យ៉ាងណាមិញ មនុស្សម្នាជាច្រើនសុទ្ធសឹងតែមានការភ្ញាក់ផ្អើល ក្រោយប្រទះឃើញរូបថតនៃផលអាក្រក់នៃការប្រើប្រាស់គ្រឿងញៀន។

គួរឱ្យដឹងផងដែរថា ការប្រើប្រាស់ថ្នាំញៀនពិតជាបានបំផ្លាញក្រុមគ្រួសារជាច្រើន និងបានសម្លាប់មនុស្សអស់ជាង ៣,៧៥៦នាក់នៅក្នុងចក្រភពអង់គ្លេសកាលពីឆ្នាំ២០១៧។ នេះបើយោងតាមប្រភពច្បាស់ការណ៍មួយលើកឡើង។

ដូច្នេះ ប្រសិនបើអ្នករាល់គ្នា ស្រលាញ់ខ្លួនឯង ស្រលាញ់ក្រុមគ្រួសារ ស្រលាញ់សង្គមជាតិ សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀនជាដាច់ខាត ព្រោះវាមិនមែនឡូយ ឬកាលីបដូចជាយើងមើលនៅក្នុងរឿងនោះទេ ផ្ទុយទៅវិញ វានឹងបំផ្លាញអ្នក ប្រសិនជាអ្នកប្រើប្រាស់វា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?