ព្រហើនមែន! បើករថយន្តល្មើសស្តុបក្រហម ប៉ូលិសឃាត់មិនស្តាប់ ហក់ទៅសង្រ្គុបពីមុខឡាន.... (មានវីដេអូ)

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ១៦:៥៤

ឥណ្ឌូនេស៊ី៖ បុរសជាអ្នកបើកបររថយន្តម៉ាក Myvi ពណ៌ខ្មៅមួយគ្រឿង ត្រូវបានរកការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គមជាច្រើន ក្រោយការបើកបរយ៉ាងគឃ្លើន បំពានទៅនឹងភ្លើងស្តុបចរាចរណ៍ បើទោះបីជាមានការព្រមានពីមន្រ្តីប៉ូលិស រហូតដល់ថ្នាក់ហក់ទៅសង្រ្គុបពីមុខរថយន្តក្តី។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ នៅចន្លោះម៉ោងប្រមាណជា ១១ព្រឹក ស្ថិតនៅតាមបណ្តោយផ្លូវ Pasirkaliki ក្នុងទីក្រុង Bandung ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។

រូបភាពក្នុងថ្ងៃកើតហេតុ

ជាក់ស្តែង បើផ្អែកតាមរយៈគណនី Twtter មួយ ឈ្មោះ Muhammad Faiz Atorik (@altefalken) បានថតជាវីដេអូក្នុងថ្ងៃកើតហេតុ និងបង្ហោះចែកចាយនេះ បានបង្ហាញឲ្យឃើញថា មន្រ្តីចរាចរណ៍ម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា លោក Brigadier Natan Doris E.S បានត្រដាងស្លាប ឬសង្រ្គុបខ្លួនពីលើរថយន្ត Myvi (តួខាងមុខ) ដែលពាក់ស្លាកលេខ 1980 PRF ស្អិតជាប់ដូចតុកកែ ទាំងដែលម្ចាស់ជាអ្នកបើកបររថយន្តនោះ នៅតែរឹងទទឹងបន្តបើកទៅមុខយ៉ាងលឿន។

បើយោងតាមប្រភពសារព័ត៌មាន ក៏ដូចជាការរាយការណ៍ពីមន្រ្តីប៉ូលិសដទៃបានឲ្យដឹងថា មូលហេតុរហូតឈានដល់ការកើតមានករណីបែបនេះកើតឡើង ក៏ដោយសារតែ អ្នកបើកបររថយន្ត Myvi ខាងលើនេះ មិនគោរពច្បាប់ចរាចរណ៍ ពោលគឺល្មើសនឹងភ្លើងស្តុបក្រហម ដែលតម្រូវឲ្យឈប់បណ្តោះអាសន្នសិន។

ប៉ុន្តែផ្ទុយទៅវិញ អ្នកបើកបររថយន្តនេះ នៅតែបន្តបើកទៅមុខតិចៗ ហើយនៅពេលនោះក៏មានមន្រ្តីប៉ូលិសចរាចរណ៍ដទៃ បានធ្វើការហាមឃាត់គេដែរ តែរូបគេមិនស្តាប់ ទើបលោកប៉ូលិស Brigadier Natan សម្រេចចិត្តហក់ទៅសង្គ្រុបពីមុខរថយន្តនោះតែម្តងទៅ។

អ្នកបើកបររថយន្ត វ័យ២៤ឆ្នាំ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះ ត្រូវបានគេរាយការណ៍ទៀតថា បានបន្តបើករថយន្តរបស់ខ្លួនទៅមុខ ទាំងដែលលោកប៉ូលិសទុំជាប់ពីលើ រហូតបានចម្ងាយប្រមាណជា ១០០ម៉ែត្រ ទើបរូបគេបង្អង់ល្បឿនឈប់រថយន្ត។ ជាសំណាងល្អ ដែលលោកប៉ូលិស Brigadier Natan ពុំបានរងរបួសអ្វី។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ បុរសជាអ្នកបើកបរខាងលើនេះ អាចនឹងប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ក៏ដូចជាការផាកពិន័យ ខណៈឯអាជ្ញាប័ណ្ណបើកបររបស់គាត់ ក៏នឹងត្រូវបានដកហូតផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពក្នុងថ្ងៃកើតហេតុ