គួរប្រុងប្រយ័ត្ន! ក្មេងស្រីអាយុ៤ឆ្នាំ ត្រូវវះកាត់ភ្នែក ក្រោយរងការប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែការជក់លេងទូរស័ព្ទ

  • អង្គារ ៣០ កក្តដា, ២០១៩ ១៦:១៧
ថៃ៖ រឿងរ៉ាវរបស់កុមារីវ័យ៤ឆ្នាំម្នាក់ រស់នៅក្នុងប្រទេសថៃ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ជុំវិញនឹងការវះកាត់ភ្នែក ក្រោយនាងតូចរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការជក់លេងទូរស័ព្ទ។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Dachar Nuysticker Chuayduang បានចែករំលែករឿងរ៉ាវមួយនេះ ជុំវិញនឹងបទពិសោធន៍ដ៏គួរឲ្យឈឺចាប់ ដែលបានកើតឡើងមកលើកូនស្រីអាយុ ៤ឆ្នាំ របស់ខ្លួន ព្រោះនាងតូចត្រូវឆ្លងកាត់ការវះកាត់ភ្នែក ដោយសារតែការលេងទូរស័ព្ទលើសប្រមាណ បណ្តាលឲ្យប៉ះពាល់ភ្នែក។
នាងតូចទទួលការវះកាត់ភ្នែក
ឪពុករបស់នាងតូចនេះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ចាប់ផ្តើមលេងឧបករណ៍អេឡិចត្រូចនិក ពោលគឺ ទូរស័ព្ទ តាំងតែពីនាងអាយុ២ឆ្នាំមកម៉្លេះ។ លោកថា លោកតែងតែបណ្ដោយឲ្យនាងលេងវា (យកទៅចុច ទៅមើល) កំឡុងដែលរូបលោកកំពុងតែធ្វើការងារផ្សេងៗ ព្រោះតែមិនចង់ឲ្យមានការរំខាន។ ក្រោយៗមក ដោយសារតែការប្រើប្រាស់ ឬលេងទូរស័ព្ទច្រើនហួសប្រមាណនេះ ភ្នែកកូនស្រីរបស់លោកក៏ស្រាប់តែមានការធ្លាក់ចុះ ឬខ្សោយនូវការមើលជាលំដាប់ រហូតតម្រូវឲ្យនាងត្រូវពាក់វ៉ែនតាទៀតផង។យ៉ាងណាមិញ បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្រោយគ្រូពេទ្យធ្វើការពិនិត្យ ភ្នែកកូនស្រីរបស់លោក Dachar រកឃើញថា គឺពិតជាបានរងការប៉ះពាល់យ៉ាងខ្លាំង ពោលគឺធ្លាក់ចុះនៃការមើល ឬហៅថា «Lazy Eyes» ដែលធ្វើឲ្យភ្នែកទាំងពីររបស់នាង ហាក់មិនធ្វើការជាមួយគ្នា សម្លឹងមើលអ្វីផ្សេងពីគ្នាក្នុងពេលតែមួយ។ ជាលទ្ធផល ឬជារួម ភ្នែករបស់នាងមិនត្រឹមតែចុះខ្សោយនៃការមើលប៉ុណ្ណោះទេ គឺថែមទាំងឡើងស្រអាប់ និងស្រលៀងភ្នែក (ភ្នែកវៀច មិនត្រង់)។ប៉ុន្តែមិនថាយ៉ាងណា ក្រោយទទួលបានការពិនិត្យ និងធ្វើការវះកាត់ព្យាបាល កាលពីថ្ងៃទី៣១ តុលា ឆ្នាំ២០១៨ កន្លងទៅនេះ នៅទីបំផុតភ្នែករបស់នាងតូច ក៏បានវិលមករកសភាពដើមវិញ។ ខណៈឯក្រុមវេជ្ជបណ្ឌិត ក៏បានធ្វើការព្រមាននាងតូច ក៏ដូចជាឪពុកម្តាយរបស់នាង ដោយមិនអនុញ្ញាតឲ្យនាងប្រើប្រាស់ទូរស័ព្ទ iPad ឬ កុំព្យូទ័រទៀតនោះទេ ហើយសូម្បីតែទូរទស្សន៍ក៏មិនអនុញ្ញាតឲ្យនាងមើលឡើយ។ នេះក៏ព្រោះតែ ពន្លឺដែលចេញពីឧបករណ៍ទាំងនេះ គឺជាបុព្វហេតុយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឲ្យបាត់បង់ ឬប៉ះពាល់ដល់ភ្នែក ដែលតម្រូវឲ្យនាងតូចត្រូវទទួលការវះកាត់ដូចបែបនេះ។
នាងតូចទទួលការវះកាត់ភ្នែក
គួរបញ្ជាក់ផងដែរថា រឿងរ៉ាវមួយនេះបានកើតឡើងតាំងតែពីឆ្នាំមុនមកម៉្លេះ ខណៈទើបតែត្រូវបានសាយភាពជាថ្មីនៅលើបណ្តាញសង្គម ដើម្បីជាការចែករំលែកនូវបទពិសោធន៍ ការដាស់តឿនក្រើនរម្លឹក ដល់អាណាព្យាបាលដទៃ គួរណាស់ត្រូវតែយកចិត្តទុកដាក់ ឬគិតគូរពីសុវត្ថិភាពភ្នែកកូនៗតូចៗរបស់អស់លោកអ្នក ចៀសឲ្យឆ្ងាយពីការប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
រូបភាពតំណាង