ប្រើទូរស័ព្ទក្បែរទារកតូចៗ ឬក្នុងផ្ទៃ ប៉ះពាល់ធ្ងន់ធ្ងរណាស់!

ទូរស័ព្ទ មានប្រយោជន៍​ច្រើនសម្រាប់​ទំនាក់ទំនង​ទូទៅ ផ្តល់​ភាព​ងាយ​ស្រួល ចំណេញ​ពេល ប៉ុន្តែ​​អ្វី​ក៏​ដោយ​មាន​គុណ​សម្បត្តិ សុទ្ធ​តែ​មាន​គុណ​វិបត្តិ​ដូច​គ្នា ព្រោះ​ទូរស័ព្ទ​ គឺ​មាន​រលកសញ្ញា​វិទ្យុសកម្មខ្ពស់​ ប៉ះពាល់​សុខភាព ពិសេស​ទារក​ទើប​កើត បាន​ជា​មាន​ការ​សិក្សា​ជា​ច្រើន ផ្តោត​សំខាន់​លើ​ករណី​នេះ និងរក​ឃើញ​ពិត​ជា​ប៉ះពាល់មែន​។ បើ​អ៊ីចឹងគួរ​ប្រើ​ទូរស័ព្ទក្បែរ​ទារក​ទើប​កើត ឬ​ទារក​តូចៗ​ដែរអត់? ប៉ះពាល់​អី​ខ្លះ? ចង់​ដឹងអត្ថបទ​ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ឲ្យ​បាន​ដឹង។
១- ទារក​រងផល​ប៉ះពាល់​ពី​ជាតិ​វិទ្យុសកម្ម​ឧបករណ៍​គ្មាន​ខ្សែ
ជាតិ​វិទ្យុសកម្ម​ពី​ឧបករណ៍​អេឡិចត្រូនិក​គ្មាន​ខ្សែ ពិសេស​ទូរស័ព្ទ ជា​ភាសា​បច្ចេកទេស Microwave Radiation ឬ MWR គឺ​មាន​ស្ទើរ​គ្រប់​ទី​កន្លែងជុំ​វិញ​ខ្លួន​យើង ហើយ​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ត្រធ្វើការ​សិក្សា​ជា​ច្រើនលើក​ច្រើនសារ ដោយ​បាន​រក​ឃើញ​ផល​ប៉ះពាល់​ជា​បន្ត​បន្ទាប់ ទៅ​លើ​សុខភាព​មនុស្ស។ គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ទៀត​នោះ ការសិក្សា​ថ្មីរក​ឃើញ​កាន់​តែ​ច្បាស់​ថា រលកវិទ្យុសកម្ម MWR ជះ​ឥទ្ធិពល​អវិជ្ជមាន​កាន់​តែ​ខ្ពស់ ទៅ​លើ​ទារក​ទើប​កើត និងនៅ​ក្នុង​ផ្ទៃ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ណែនាំ មិន​គួរ​បើ​ទូរស័ព្ទ​ច្រើន អំឡុង​ពេល​ពពោះ ឬក្បែរ​ទារក​តូចៗទេ ព្រោះ​ដោយ​សារ​ជាលិកា​ខួរ​ក្បាល​ទារកតូចៗ មាន​ស្រូប​យក​ជាតិ​វិទ្យុសកម្ម​​ខ្លាំង​ ហើយ​លលាដ៍​ក្បាល​ស្តើង និង​ទំហំ​តូច​នាំ​ឲ្យ​ទារក​កាន់​​តែ​ងាយ​រង​គ្រោះ​ជាមួយ​ការ​ស្រូប​យើង ជាវិទ្យុសកម្ម​ទាំងនោះ​បាន។​ ចំពោះ​​ទារក​មិន​ទាន់​កើត​​ការ​រង​ត្រូវ​ប៉ះពាល់​នឹង​​ជាតិ​វិទ្យុសកម្មអាច​បណ្តាល​ឲ្យ​​ថយចុះ​ និងទ្រុឌ​ទ្រោម​ស្រោម​ការ​ពារខួរ​ក្បាល ដែល​មាន​នាទីជា​អ្នក​ការពារ​ប្រព័ន្ធសរសៃប្រសាទ​ខួរ​ក្បាល​ទាំង​មូល។​ ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ពិត​ថា​ក្មេង​​កាន់​តែតូច កាន់តែ​​ងាយ​រង​គ្រោះ​​ខ្លាំង​ទៅ​នឹងជាតិ​វិទ្យុសកម្ម​ផ្សាយភាយ​ពី​គ្រឿង​អេឡិចត្រូនិកដោយ​ថែមទាំង​អះ​អាង​ថា ជាលិកា​ខួរ​ក្បាល​ក្មេងអាច​​ស្រូបយក​ជាតិ​វិទ្យុសកម្មច្រើនជា​មនុស្ស​ពេល​វ័យ​ដល់​ទៅ ២ ដង​ ខណៈ​​សិក្សា​មួយ​ផ្សេង​ទៀត​ ​បង្ហាញ​ថា​ កម្រិត​ជាតិ​វិទ្យុសកម្ម​ MWR ក្នុង​ខួរ​ឆ្អឹងក្មេង ​គឺខ្ពស់ជាង​មនុស្ស​ពេញ​វ័យ​ដល់​ទៅ​ ១០ ដង​។​
២- ទូរស័ព្ទ​ដៃ​​ និង​ហានិភ័យ​សុខ​ភាព​
ការ​ប្រើ​ទូរ​ស័ព្ទ​ដៃ អាច​បង្ក​ហានិភ័យ​សុខ​ភាពធ្ងន់ធ្ងរ​ជាច្រើន​រួម​មាន​ មហារីក​ខួរ​ក្បាល​​អាច​នឹង​បណ្តាល​ឲ្យ​ស្លាប់។​ ទោះ​យ៉ាង​នេះ​ក្តី​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ការ​ព្រម​ព្រៀងណាមួយ​ពី​សំណាក់​ក្រុម​អ្នក​វិទ្យាសាស្ត្រ កំណត់​កម្រិត​ហានិភ័យ​មហារីក​ បង្ក​មក​ពី​ការ​​ប្រើ​ទូរ​ស័ព្ទ​ដៃ​នៅឡើយ​។​ 
៣- គោល​ការណ៍​ណែ​នាំពីសុវត្ថិភាព​ប្រើ​ទូរស័ព្ទ​
អ្នក​ជំនាញ​បាន​និយាយ​ថា​ ថ្វី​បើ​យើង​មិនចៀស​ផុតពី​ការ​អភិវឌ្ឍ​ន៍ឧបករណ៍​អេឡិចត្រូនិក​គ្មាន​ខ្សែ ​ក៏​ដូច​ជា​មុខនាទី​វា​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃយើង​ក៏ពិត​មែន ប៉ុន្តែ​យើង​អាច​ប្រើ​ប្រាស់​ពួកឧបករណ៍​ទាំង​នោះតាម​វិធីត្រឹមត្រូវ ដើម្បី​សុវត្ថិ​ភាព​បាន​ដូច​ជា៖​
– រក្សា​ឧបករណ៍នៅ​ក្នុង​ចម្ងាយ​ត្រឹម​ត្រូវ​ ដោយ​សម្រាប់​ទូរស័ព្ទ​ដៃ​ប្រមាណ ១៥ សង់ទីម៉ែត្រពី​ត្រចៀក​ មិនបង្ក​ឲ្យមាន​បញ្ហា​សុខភាព​ទេ។​
– ទូរស័ព្ទ​ដៃ​បន្ត​បញ្ចេញ​កាំ​រស្មី​​បើ​វា​បើកឲ្យ​ដំណើរ​ការ​ ហេតុ​នេះ​ពេល​មិន​ប្រើ​ប្រាស់​​គួររក្សា​ទូរស័ព្ទ​ដៃ​ឲ្យ​ឆ្ងាយ​ពី​រាងកាយ អាច​ដាក់​វា​នៅ​ក្នុង​កាបូប​ដៃ​ ឬកាបូប​ស្ពាយក្រោយ​ខ្នង​​ក៏បាន។​
– ស្រីៗ​​មាន​ផ្ទៃ​ពោះ ​គួររក្សា​ទូរ​ស័ព្ទ​ដៃ​ឲ្យឆ្ងាយ​ ខណៈ​អំឡុង​ពេល​កំពុង​បំបៅ​ដោះ​កូនមិន​គួរ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ ឬ​ទូរស័ព្ទ​ដៃ​ជា​ដាច់ខាត។​
– ចំពោះ​ក្មេង​ និង​ក្មេង​ជំទង់​ មិន​គួរ​រក្សា​ទុក​ទូរ​ស័ព្ទ​ដៃ​នៅ​ក្នុង​បន្ទប់​ដេក​ពួក​គេ​នៅ​ពេល​យប់​ទេ​។ សម្រាប់​ក្មេង​ប្រុស​ទូរស័ព្ទ​ដៃ ​គួរ​តែ​នៅ​ឆ្ងាយ​ពីហោប៉ៅ​​ខាង​មុខ បើ​មិន​ដូច​នោះ​ទេ​មេជីវិត​ឈ្មោះ​ អាច​នឹង​ទទួល​រងគ្រោះ​ថ្នាក់​។​ ទោះ​ករណី​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ថា ​ពិត​តាម​លក្ខណៈ​វិទ្យា​សាស្ត្រ​ក៏​ដោយ តែយ៉ាងណា​ដើម្បីសុវត្ថិភាពគួរ​ពិចារណាចំពោះ​រឿង​នេះ។ សម្រាប់​ក្មេង​ស្រី​ទូរ​ស័ព្ទ​ដៃ ​មិន​គួរ​នៅ​ក្នុង​អាវ​ទ្រនាប់​ ឬពី​មុខ​សុដន់​ឡើយ ធ្វើ​បែប​នេះដើម្បី​បង្ការមហារីក​សុដន់។​
– ប្រើ​ទូរ​​ស័ព្ទ​ដៃសម្រាប់​ក្មេងអាច​ដាក់​នៅ​ជិត​ខ្លួន​បាន ព្រោះ​សេវា​ទូរ​ស័ព្ទប្រភេទនេះ ​ទាំង​ទូរស័ព្ទកុំ​ព្យូទ័រ​មិន​បញ្ចេញ​កាំ​រស្មី​ឡើយ​ ហេតុ​នេះ​ពួក​អាច​ជា​ជម្រើស​ផ្សេង​មួយ​ទៀត​។​
និយាយ​រួម ឧបករណ៍​បញ្ជូន​ទិន្នន័យ​រវាង​ Wi-Fi និង​កុំ​ព្យូទ័រ ​គួរដាក់​នៅ​កន្លែង​ឆ្ងាយ​ពី​មនុស្ស​ម្នា​ ជា​ពិសេស​ក្មេងៗ​តែ​ម្តង​​។​
ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។​ Hello​ Health​ Group​ មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យា​បាល​ជូន​ទេ​៕​
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet