ព័ត៌មានលម្អិត៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករបុកគ្នា នៅក្រុងស្វាយរៀង បណ្តាលឲ្យរបួស ៤៣នាក់

  • ពុធ ៣១ កក្តដា, ២០១៩ ១៤:០៤
(ស្វាយរៀង)៖ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិគៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបង្កឡើងដោយរថយន្តដឹកសត្វមាន់ បុកជាមួយរថយន្តដឹកកម្មករ បានបណ្តាលឱ្យកម្មករ-កម្មការិនី ៤៣នាក់ រងរបួសធ្ងន់ និងស្រាល។សមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា រថយន្តដឹកកម្មករម៉ាកសាំយ៉ុង ផ្លាកលេខ កំពង់ស្ពឺ 2A-3239 បើកបរដោយឈ្មោះ នឹង សារ៉េត ភេទប្រុស អាយុ២៩ឆ្នាំ ដឹកកម្មករ បានបុកគ្នាជាមួយរថយន្តធុនធំ ម៉ាកហ៊ីយន់ដាយ ស្លាកលេខភ្នំពេញ 3C-4662។សមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុការណ៍នេះឡើង រថយន្តដឹកកម្មករបើកបរពីលិចទៅកើត ឆ្ពោះទៅតំបន់សេដ្ឋកិច្ចពិសេស «សានតុង ក្រុងបាវិត» ខណៈដែលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកមាន់បើកបរមិនប្រកាន់ស្តាំរេចង្កូត មកបុករថយន្តដឹកកម្មករពេញទំហឹងបណ្តាលឱ្យកម្មករ ចាក់ចោលលើថ្នល់រងរបួសធ្ងន់ស្រាល រណូករណែលពេញផ្លូវ តែម្តង។ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ ដែលដឹកនាំដោយលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត កម្លាំងគ្រប់ផ្នែកបានចុះអន្តរាគមន៍ ជួយលើកជនរងគ្រោះនាំទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីជួយសង្គ្រោះ។ ចំណែកជនបង្កដែលបើកបររថយន្តដឹកមាន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ នាំទាំងរថយន្តបង្ក មកកាន់ការិយាល័យចរាចរណ៍ជើងគោកខេត្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។សមត្ថកិច្ចដែលបានបញ្ជាក់ទៀតថា វត្តមានលោក ម៉ែន វិបុល និងអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង កាកបាទក្រហមខេត្ត សមត្ថកិច្ចគ្រប់ផ្នែក បានចុះជួយដល់មន្ទីរពេទ្យខេត្ត ចំណែកឯអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះផងដែរ។ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ទៀតថា កម្មករដែលរងគ្រោះ គឺមកពីឃុំ អង្គតាសូ និងឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ហើយជារៀងរាល់ព្រឹក រថយន្តដឹកកម្មករ តែងតែបើករថយន្តទៅយកកម្មករតាមផ្ទះ ដើម្បីទៅធ្វើការនៅក្រុងបាវិត។ទោះបីយ៉ាងណារហូតដល់ម៉ោង១១៖០០នាទីថ្ងៃ ដដែលនេះ ចំនួនអ្នករបួសនៅតែ៤៣នាក់ ដដែលក្នុងរបួសធ្ងន់១៥នាក់ និងស្រាល២៨នាក់ ហើយមានការយកចិត្តទុកពីអាជ្ញាធរ និងក្រុមគ្រូពេទ្យក្នុងការជួយសង្គ្រោះក្នុងនោះក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែត្រ ចំនួន៣នាក់ របួសធ្ងន់ផងដែរ។សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយផងដែរ បណ្តាលឱ្យកម្មករ២នាក់ បានស្លាប់ និងកម្មករកម្មការិនី ជាង៣១នាក់ទៀត បានរងរបួសធ្ងន់ស្រាលស្ថិតក្នុងភូមិកំពង់រទេះ ស្រុកស្វាយទាបខេត្តស្វាយរៀង ដោយសារតៃកុងស្ទើរភ្លើងបើកបរខ្វះការប្រុងប្រយ័ត្ន។សរុបគ្រោះថ្នាក់ចរាចរណ៍ទាំងពីរថ្ងៃនេះ មានកម្មករស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៧៥នាក់នេះ ចាត់ទុកគ្រោះចរាចរដ៏អាក្រក់មួយសម្រាប់ ខេត្តស្វាយរៀង ហើយក៏មិនមែនជាលើកទី១ដែរ គឺមានជាច្រើនលើកជាច្រើនសារមកហើយដោយអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍៕
ប្រភព៖ Freshnews