Man UTD ត្រៀមបោះលុយ ៥០លានអឺរ៉ូ ទិញយកខ្សែការពារឆ្នើមម្នាក់ពី Barcelona

  • ពុធ ៣១ កក្តដា, ២០១៩ ១៤:២៦
អង់គ្លេស៖ ក្លិបាល់ទាត់បិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងតែបើកការចរចាក្នុងការនាំយកខ្សែការពាររបស់ Barcelona កីឡាករ Samuel Umtiti មកកាន់កីឡដ្ឋាន Old Trafford។
កីឡាករSamuel Umtiti
អ្នកចាត់ការទូទៅរបស់ក្លិប Man UTD លោក Ole Gunnar Solskjaer មានបំណងចង់នាំយកខ្សែការពារកណ្ដាល មួយរូប ដើម្បីពង្រឹងខឿនការពាររបស់ក្រុមសម្រាប់រដូវកាលក្រោយ ដោយក្លិបបានព្យាយាមក្នុងការអន្ទងចង់ទិញ កីឡាករ Harry Maguire ពី Leicester City ប៉ុន្តែក្លិបដែលជាម្ចាស់ជើឯកពាន Premier League រដូវកាល ២០១៥-២០១៦ ទាមទារតម្លៃខ្លួនថ្លៃហួសពេក ពោលគឺរហូតដល់ ៨០លានផោន ឯណោះ ដែលធ្វើឲ្យ Man UTD ពិបាកខ្លាំងនាំយកខ្សែការពារជម្រើសជាតិអង់គ្លេសរូបនេះមកបាន។
លោកOle Gunnar Solskjaer
បើតាមសារព័ត៌មានបារាំង Le10sport បានឲ្យដឹងថា ក្លិប Man UTD បានដាក់គោលដៅទៅលើខ្សែការពារ ដែលជួយឲ្យបារាំងឈ្នះពាន World Cup 2018 កីឡាករ Samuel Umitti ហើយខាងក្លិបកំពុងរៀបចំសំណើសុំទិញពីក្លិបអ្នកមានបុណ្យ Barcelona ផងដែរ។ សារព័ត៌មានដដែលនេះបានបន្តឲ្យដឹងទៀតថា បិសាចក្រហម Man UTD នឹងហ៊ានចំណាយប្រាក់ប្រមាណជា ៥០លានអឺរ៉ូ (៤៦លានផោន) សម្រាប់ Umtiti ខណៈពេលក្លិបដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់ Barcelona ទាមទារ ៦០លានអឺរ៉ូ (៥៥លានផោន)។
កីឡាករ Samuel Umtiti
កីឡាករវ័យ ២៥ឆ្នាំ Umtiti បង្ហាញខ្លួនឲ្យ Barcelona ក្នុងក្របខណ្ឌ La Liga បានត្រឹម ១៤ប្រកួតប៉ុណ្ណោះ កាលពីរដូវកាលមុន បន្ទាប់ពីរូបគេបានអវត្តមានពីលើទីលានរយៈពេល ៥ខែ ដោយសារបញ្ហារបួសជង្គង់។ គួរបញ្ជាក់ផងដែរថា Barcelona បានទិញខ្សែការពារ Samuel Umtiti មកកាន់តំបន់កាតាឡាន់កាលឆ្នាំ ២០១៦ ក្នុងតម្លៃខ្លួន ២៥លានអឺរ៉ូ (២២.៣លានផោន) ពីក្លិបបារាំង Lyon៕
កីឡាករ Samuel Umtiti ពេលប្រកួតមិត្តភាព Pre-Season ជាមួយ Chelsea
ប្រភព៖ Daily Mail