ឈប់បារម្ភពីOppaទៅ! ទាំងនេះគឺជាកាលវិភាគដែលG-Dragon ត្រូវធ្វើប្រចាំថ្ងៃនៅក្នុងបន្ទាយទាហ៊ាន!

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបមកហើយ បច្ចុប្បន្ននេះ កំពូលតារារ៉េបប្រុស G-Dragon កំពុងតែប្រើប្រាស់ពេលវេលាប្រចាំថ្ងៃរបស់ខ្លួន រស់នៅក្នុងបន្ទាយហ្វឹកហាត់ទាហ៊ាន ដែលស្ថិតនៅទីដាច់ស្រយាលឆ្ងាយពីទីក្រុង ជាពិសេសគឺរស់នៅឆ្ងាយពីជីវិតស្តុកស្តម្ភជាតារាល្បីតែម្តង ដែលទាំងនេះហើយ ទើបធ្វើឲ្យប្រិយមិត្តគាំទ្រជាច្រើនរបស់លោក មានការព្រួយបារម្ភមិនស្ទើរនោះទេ។ជាការពិតណាស់ ការហ្វឹកហាត់នៅក្នុងបន្ទាយទាហ៊ាន មិនមានការងាយស្រួលដូចជាការគិតនោះទេ ពោលគឺអ្វីគ្រប់យ៉ាងនៅក្នុងទីនោះ សុទ្ធសឹងតែត្រូវគោរពទៅតាមច្បាប់វិន័យទាំងអស់ មិនថាតែពេលគេង ពេលញុំាអាហារ និងពេលវេលាហ្វឹកហាត់រាងកាយជាដើមផងដែរ។មិនថាយ៉ាងណាក៏ដោយ តារាចម្រៀងប្រុស G-Dragon ពិតជាធ្វើបានល្អណាស់ ក្នុងអំឡុងពេលកំពុងហាត់ទាហ៊ាននេះ ហើយខាងក្រោមនេះផងដែរ គឺជាកាលវិភាគប្រចាំថ្ងៃ ដែល GD ត្រូវធ្វើនៅក្នុងបន្ទាយដែលលោកកំពុងហ្វឹកហាត់សព្វថ្ងៃនេះ។
កាលវិភាគហ្វឹកហាត់ប្រចាំថ្ងៃ របស់G-dragon នៅក្នុងបន្ទាយទាហ៊ាន
ទាហ៊ានទាំងអស់ត្រូវក្រោកឡើងព្រឹកព្រលឹម នៅម៉ោង៦:៣០នាទីព្រឹក មុនពេលដែលពួកគេត្រូវចូលប្រជុំជួរ និងញុំាអាហារពេលព្រឹក។ បន្ទាប់មកពួកគេនឹងត្រូវបំពេញការងារពេលព្រឹក រហូតដល់ពេលថ្ងៃម៉ោង ១២ថ្ងៃត្រង់ បន្ទាប់មកពួកគេនឹងត្រូវអនុញ្ញាតិ ឲ្យឈប់សម្រាករយៈពេលខ្លី ដើម្បីញុំាអាហារថ្ងៃត្រង់ផងដែរ។ពួកគេមានភារកិច្ចផ្សេងៗខុសគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែជាធម្មតា ទាហ៊ាននឹងត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលការងារទូទៅ និងបណ្តុះបណ្តាលផ្នែករាងកាយជារៀងរាល់ថ្ងៃផងដែរ ដើម្បីថែរក្សាសុខភាពរបស់ពួកគេ។​ជាក់ស្តែងការហ្វឹកហាត់ទៅលើកាយសម្បទារួមមានដូចជា ការរត់តាមផ្លូវ និងរត់ឡើងភ្នំជាដើមផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីពួកគេប្រើប្រាស់ថាមពលច្រើន សម្រាប់ហ្វឹកហាត់ពេញមួយថ្ងៃមក ពួកគេនឹងទទួលបានអាហារពេលល្ងាចយ៉ាងឆ្ងាញ់ពិសារ ដែលសុទ្ធសឹងតែជាអាហារប្រពៃណីកូរ៉េទាំងអស់ មិនមានអាហារបែបបែកខាងអ៊ឺរ៉ុប ដូចជា ប៊ឺហ្គឺរ ឬក៏ ភីហ្សាអ្វីឡើយ។ បន្ថែមពីនេះ ក្រោយពីទទួលទានអាហារពេលល្ងាចហើយ ទាហ៊ានទាំងអស់ នឹងត្រូវអនុញ្ញាតិឲ្យមានពេលវេលាទំនេរសម្រាកផ្ទាល់ខ្លួន ដោយភាគច្រើនពួកគេបានប្រើប្រាស់ពេលវេលាទំនេរនេះ តេទូរស័ព្ទទៅកាន់អ្នកផ្ទះ ឬមនុស្សសំខាន់របស់ពួកគេ រីឯអ្នកខ្លះទៀត ក៏បានចំណាយពេលធ្វើការងារផ្ទាល់ខ្លួន ដូចជាបោកសម្លៀកបំពាក់ ដុះខាត់ស្បែកជើង ឬក៏កាត់សក់ជាដើម។
មិនតែប៉ុណ្ណោះ កងទ័ពកូរ៉េក៏មានច្បាប់ទម្លាប់ដ៏ល្អមួយទៀតផងដែរ នោះគឺការបណ្តុះបណ្តាលទាហ៊ានគ្រប់រូប ឲ្យចេះធ្វើការសម្អាតខ្លួន និងរៀបចំខ្លួនប្រាណ របស់របប្រើប្រាស់ ក៏ដូចជាកន្លែងស្នាក់នៅឲ្យបានល្អផងដែរ ដែលអាចនិយាយបានថា ពួកគេនឹងក្លាយជាកងទ័ពដ៏ពូកែផង និងក្លាយជាអ្នកជំនាញក្នុងការធ្វើកិច្ចការងារផ្ទះបានយ៉ាងល្អផងដែរ។ចុងក្រោយបង្អស់ ទាហ៊ានទាំងអស់ត្រូវចូលប្រជុំជួរចុងក្រោយ មុននឹងត្រូវបំបែកគ្នាទៅគេងនៅវេលាម៉ោង១០យប់។ ហើយពួកគេនឹងធ្វើសកម្មភាពបែបនេះដដែរៗជារៀងរាល់ថ្ងៃផងដែរ៕
G-Dragon នៅក្នុងបន្ទាយទាហ៊ាន
G-Dragon នៅក្នុងបន្ទាយទាហ៊ាន
តារារ៉េបប្រុស G-Dragon
តារារ៉េបប្រុស G-Dragon
តារារ៉េបប្រុស G-Dragon