ខ្យល់កន្រ្តាក់វាយបំផ្លាញផ្ទះប្រជាពលរដ្ឋ៩ខ្នង នៅឃុំសំឡី ខេត្តស្វាយរៀង

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ០៧:៤៤
(ស្វាយរៀង)៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ ៩ខ្នង នៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ត្រូវខ្យល់កន្ត្រាក់គួចបក់បោករលំ៦ខ្នងទាំងស្រុង និងរបើកដំបូល៣ខ្នង នៅវេលាម៉ោង១៖២៥នាទី រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ។បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡី បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣១ ខែកក្កដានេះ មានភ្លៀង និងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងលាយឡំ និងផ្គរន្ទះ ខណៈនោះខ្យល់កំណាចបានគួចយកផ្ទះពលរដ្ឋរលំទាំងស្រុងអស់៦ខ្នង និង៣ខ្នងទៀតរបើកដំបូល។ប្រជាពលរដ្ឋដែលរងគ្រោះរលំផ្ទះដោយខ្យល់កន្ត្រាក់ចំនួន០៩ខ្នងនោះរួមមាន៖ លោក សួន ចន្ថា អាយុ៤៥ឆ្នាំ, លោក ម៉ម សាខុន អាយុ៥៦ឆ្នាំ លោក ព្រំ ចក់ អាយុ៤៩ឆ្នាំ លោក មុំ ប្រុស អាយុ២៦ឆ្នាំ លោក ឃួន ដឿន អាយុ៥៤ឆ្នាំ លោក វង សំណាង អាយុ៤៥ឆ្នាំ លោក ឡេស ម៉ាត់ អាយុ៤៧ឆ្នាំ លោក បែន នឿន ភេទស្រី អាយុ៦៦ឆ្នាំ និងលោក ពៅ សាម៉ន អាយុ៤៧ឆ្នាំ។នគរបាលបានបន្តទៀតថា ចំពោះករណីខ្យល់កន្ត្រាក់បណ្តាលរលំផ្ទះ ៩ខ្នងនេះ បានរាយការណ៍ទៅលោកអភិបាលស្រុកកំពង់រោទ៌ ហើយដើម្បីផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះ ហើយសមត្ថកិច្ច និងត្រៀមជាកម្លាំងជួយជុសជុល និងកសាងផ្ទះរបស់ពលរដ្ឋឡើងវិញផងដែរ៕
ប្រភព៖ Freshnews