ធនាគារ ABA នឹងបោះផ្សាយសញ្ញាបណ្ណសាជីវកម្មក្នុងទំហំទឹកប្រាក់សរុបចំនួន ១២៨ ពាន់លានរៀល!

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ០៨:៥៥

រាជធានីភ្នំពេញ៖ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ដែលជាធនាគារឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានធនាគារនានានៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីរ៉ូដសូនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងគោលបំណងជូនជាដំណឹងអំពីការធ្វើបរិវិសកម្ម និងការបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម (សញ្ញាបណ្ណ ABA) ក្នុងទំហំទឹកប្រាក់សរុបចំនួន ១២៨ ពាន់លានរៀល (៣២ លានដុល្លារអាមេរិក) នាពេលខាងមុខនេះ។
កម្មវិធីរ៉ូដសូនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
សញ្ញាបណ្ណ ABA នឹងក្លាយជាមូលបត្របំណុលទីមួយ ដែលត្រូវបានបោះផ្សាយដោយធនាគារពាណិជ្ជនៅក្នុងប្រទេសកម្ពុជា។ ហើយវាក៏ជាសញ្ញាបណ្ណកម្ពុជាដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់លទ្ធភាពសងកម្រិត ‘B’ ពីភ្នាក់ងារវាយតម្លៃ S&P Global Ratings ផងដែរ។ មួយផ្នែកធំនៃសញ្ញាបណ្ណនេះនឹងត្រូវធ្វើបរិវិសកម្ម ដោយវិនិយោគិនស្ថាប័នក្នុងស្រុក ហើយផ្នែកដែលនៅសល់ នឹងត្រូវបានបម្រុងទុកសម្រាប់វិនិយោគិនរូបវន្តបុគ្គល ដែលមានបំណងចង់វិនិយោគលើសញ្ញាបណ្ណនេះ។
កម្មវិធីរ៉ូដសូនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
ធនាគារ ABA មានគោលបំណងប្រើប្រាស់សាច់ប្រាក់ ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណ សម្រាប់ចំណាយលើប្រតិបត្តិការ និងកំណើននៃអាជីវកម្មឥណទាន។ ហើយឥណទានទាំងនោះនឹងជួយទ្រទ្រង់ដល់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូច និងមធ្យមនៅតាមជនបទ រួមទាំងសហគ្រិនជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
កម្មវិធីរ៉ូដសូនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
លក្ខខណ្ឌសំខាន់ៗនៃ សញ្ញាបណ្ណ ABA
- ក្រុមហ៊ុនបោះផ្សាយ៖ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ធនាគារ ABA)។
- ចំនួនសញ្ញាបណ្ណសរុបដែលបោះផ្សាយលក់៖ 128 ពាន់លានរៀល (~32 លានដុល្លារអាមេរិក)។
- តម្លៃលក់ក្នុងមួយឯកតាសញ្ញាបណ្ណ៖ 100,000 រៀល (~25 ដុល្លារអាមេរិក)។
អត្រាគូប៉ុងរបស់សញ្ញាបណ្ណ៖ 7.00% - 7.75%  ក្នុងមួយឆ្នាំ ជាមួយនឹងឥណប្រតិទានរយៈពេល 3 ឆ្នាំ និងការទូទាត់គូប៉ុងរៀងរាល់ឆមាស។
- កាលបរិច្ឆេទបោះផ្សាយ (រំពឹងទុក)៖ ថ្ងៃទី 16 ខែ សីហា ឆ្នាំ 2019។
- ប្រភេទសញ្ញាបណ្ណ៖ សញ្ញាបណ្ណ បង្កើតឲ្យមានកាតព្វកិច្ច តាមរយៈការចុះបញ្ជីឈ្មោះ ហើយជាប្រភេទកាតព្វកិច្ចដែលគ្មានទ្រព្យធានា និងមិនមែនជាកាតព្វកិច្ចកម្រិតទាប។
- ចំណាត់ថ្នាក់លទ្ធភាពសងសម្រាប់សញ្ញាបណ្ណ៖ កម្រិត “B” ពីទីភ្នាក់ងារវាយតម្លៃលទ្ធភាពសង S&P Global។
- ចំនួនទឹកប្រាក់វិនិយោគអប្បបរមា៖ 800 លានរៀល (~20 ម៉ឺនដុល្លារអាមេរិក) សម្រាប់វិនិយោគិនស្ថាប័ន និង 4 លានរៀល (~1,000 ដុល្លារអាមេរិក) សម្រាប់វិនិយោគិនរូបវន្តបុគ្គល។
- កាលបរិច្ឆេទធ្វើបរិវិសកម្ម (រំពឹងទុក)៖ ថ្ងៃទី 14 ខែ សីហា ដល់ថ្ងៃទី 15 ខែ សីហា ឆ្នាំ 2019។
ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី (SBI Royal Securities) គឺជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញ មូលបត្រតែមួយគត់សម្រាប់ការបោះផ្សាយនេះ។
កម្មវិធីរ៉ូដសូនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
កម្មវិធីរ៉ូដសូនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
កម្មវិធីរ៉ូដសូនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
កម្មវិធីរ៉ូដសូនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា