សង្វេគណាស់! ប្តីក្លាយទៅជាឃាតក ក្រោយបាញ់សម្លាប់ពស់មួយក្បាលវារចូលក្នុងផ្ទះ តែបែរជាបា្លតត្រូវប្រពន្ធខ្លួនឯង ស្លាប់ទាំងដែលនាងមានទម្ងន់ទៀត!

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៣:៣១
តួកគី៖ ជារឿងមួយដ៏គួរឲ្យសោកសៅបំផុត ដែលស្រ្តីពោះធំជាប្រពន្ធម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារតែប្តីរបស់នាងបានបាញ់សម្លាប់ពស់មួយក្បាលដែលវារចូលក្នុងផ្ទះ ប៉ុន្តែបែរជាប្លាតត្រូវនាងយ៉ាងគួរឲ្យសង្វេគ។
រូបភាពក្នុងថ្ងៃកើតហេតុ
លោក Ali El Arid មានអាយុ ២៨ឆ្នាំ បានភៀសខ្លួនពីប្រទេសស៊ីរី ដែលហែកហួរដោយសង្គ្រោះ ដើម្បីមកចាប់ផ្តើមជីវិតថ្មី និងសាងគ្រួសារ រហូតទទួលបានចំណងដៃកូន២នាក់ នៅលើទឹកដីនៃប្រទេសតួកគី ស្ថិតក្នុងស្រុក Seydisehir ខេត្ត Konya ជាមួយនឹងការងារជាអ្នកមើលថែចិញ្ចឹមសត្វនៅកសិដ្ឋាន។  យ៉ាងណាមិញ ថ្មីៗនេះវាពិតជារឿងដ៏គួរឲ្យសោកស្តាយ និងសោកសង្វេគយ៉ាងពន់ពេក បន្ទាប់ពីគ្រួសាររបស់លោក El Arid ត្រូវមកជួបរឿងដ៏អកុសល បាត់បង់ភរិយាជាទីស្រលាញ់ ដោយសារតែសត្វពស់មួយក្បាល។ បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា កាលពីពេលកន្លងទៅនេះ មានសត្វពស់មួយក្បាលបានវារចូលទៅក្នុងបន្ទប់គេង ក្នុងផ្ទះរបស់លោក El Arid នាព្រឹកព្រលឹមតែម្តង ដែលធ្វើឲ្យលោកនិងភរិយា Zeyneb El Arid មានការភិតភ័យជាខ្លាំង។នៅគ្រានោះ លោក El Arid ក៏បានទាញកាំភ្លើង (Hunting Rifle កាំភ្លើងវែង ទុកសម្រាប់បាញ់សត្វជាដើម) ដើម្បីបាញ់សម្លាប់ពស់មួយក្បាលនោះ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ វាបែរជាប្លាតត្រូវប្រពន្ធរបស់លោក។
រូបភាពក្នុងថ្ងៃកើតហេតុ
លោក El Arid បាននិយាយថា គ្រាប់កាំភ្លើងបានប្លាតត្រូវប្រពន្ធរបស់លោក ចំខាងក្រោយខ្នងរបស់នាង បណ្តាលឲ្យនាងដួលភ្លាមៗទៅលើដី។ ភ្លាមៗនោះ លោកក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីយកភរិយារបស់លោក ដែលកំពុងតែមានទម្ងន់កូនផ្ទៃ៦ខែផងនោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។ ភរិយារបស់លោក El Arid ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Seydisehir State Hospital ប៉ុន្តែផ្ទុយទៅវិញ ពេលទៅដល់ក្រុមគ្រូពេទ្យបានប្រាប់ថា នាងបានផុតបាត់ទៅហើយ (ស្លាប់)។ ក្រុមគ្រូពេទ្យក៏នឹងធ្វើកោសល្យវិច័យបន្ថែមទៅលើសាកសពផងដែរ។ គួរឲ្យដឹងផងដែរថា គ្រួសារមួយនេះ មានកូនតូចៗចំនួន២នាក់ អាយុប្រហែល២ឆ្នាំ និង៣ឆ្នាំ។ ជុំវិញនឹងករណីនេះ ប៉ូលិសក៏កំពុងតែបន្តបើកការស៊ើបអង្កេតផងដែរ។ បច្ចុប្បន្នលោក El Arid កំពុងតែស្ថិតនៅក្រោមការឃុំខ្លួន រីឯកូនៗរបស់លោកវិញ គេមិនច្បាស់ទេថា បាននរណាដែលនឹងជួយមើលថែពួកគេនោះឡើយ៕​
ពស់ដែលត្រូវបានបាញ់សម្លាប់នៅពេលក្រោយ