អាសូរ​បុរស​ម្នាក់​ខ្ទាត​ចូល​ក្រោម​កុងតឺន័រ​យ៉ាង​រន្ធត់

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៣:២៤
រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក៏​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​កៀរ បណ្តាល​អោយ​ដួល​បោក​នឹង​ថ្នល់ ហើយ​ក៏​ត្រូវ​រថយន្ត​កុងតឺន័រ​កិន​ស្លាប់​ម្នាក់ ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់ ។ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ដែល​ស្ថិត​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ ១CF -៦៦១៦ បើកបរ​ដោយ​ឈ្មោះ​ជា រតនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​អ​ន្សោ​ម​សោម ឃុំ​អ​ន្សោ​ម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​បុរស​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​ដែល​រង​របួសធ្ងន់ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ចំណែក​ភាគី​ខាង​រថយន្ត​កុងតឺន័រ មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិនស្គាល់​អត្តសញ្ញាណ បាន​បើក​គេច​បាត់ស្រមោល​ ។តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ក៏​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បើកបរ ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​របស់​ជន​រង​គ្រោះ ។​តាម​ប្រភពដដែលបាន​បន្ត​ថា ស្រាប់តែ​រថយន្ត​កុងតឺន័រ​បាន​បើក​កៀរ​ម៉ូតូ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទាត​ចូល​ក្រោម​រថយន្ត​កុងតឺន័រ ហើយ​ក៏​ត្រូវ​រថយន្ត​កុងតឺន័រ​កិន​ចំ​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ ដោយឡែក​រថយន្ត​កុងតឺន័រ​បាន​បើក គេច​បាត់​ស្រមោល ។ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើ​លិខិត​ប្រគល់​អោយ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ចំណែក​ម៉ូតូ​​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ប្រគល់​អោយ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​​វិញ​ផង​ដែរ​៕
ប្រភព៖ កោះសន្តិភាព