ដល់​ម្ល៉ឹង​ផង​… ឌុ​ប​គូស្នេហ៍​ជ្រែ​ចូល​ក្បួន​ថ្នាក់ដឹកនាំ​ផ្អើល​អស់​សមត្ថកិច្ច

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៥:៥១
រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា យុវជន​ប្រុស​-​ស្រី​២​នាក់​ទំនងជា​គូស្នេហ៍​នឹង​គ្នា ត្រូវ​កម្លាំង​មាន​សម្ថ​កិច្ច​ដែល​ឈរ​ការ​ពារ​ក្បួន​ថ្នាក់ដឹកនាំ​នៅ​តាម​ដងផ្លូវ នាំ​គ្នា​ដេញ​ស្ទាក់​ចាប់​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការ​មន ខណៈ​ក្បួន​ថ្នាក់ដឹកនាំ​បើក​ឆ្លងកាត់ ហើយ​ពួក​គេ​នាំ​គ្នា​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​មួយ​គ្រឿង​តាម​ក្បួន ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​ការពារ ប៉េ នាំ​គ្នា​ស្រែក​តាម​វិ​ទ្យ​ទាក់ទង និង​ស្ទាក់​ចាប់​បាន​នោះ​។ហេតុការណ៍​ខាងលើ​នេះ​ដែរ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាង​មុខ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ម្តុំ​បឹង​ត្របែក ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។
តាម​ប្រភព​ព័ត៌មាន​ពី​ន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ​នា​ព្រឹក​នេះ​ដែរ រូប​គាត់​រួម​នឹង​កម្លាំង​​នៃ​អធិការដ្ឋាន​ខណ្ឌចំការមន​ទាំងអស់ បាន​ដាក់​កម្លាំង​ពង្រាយ​ទៅ​តាម​គោល ប៉េ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ដើម្បី​ស​ម្រួ​ស​ចរាចរណ៍ និង​ការពារ​ក្បួន​របស់​ថ្នាក់ដឹកនាំ​មក​ពី​ខេត្តកណ្តាល ដែល​ឆ្លងកាត់​។ ពេល​ដែល​ក្បួន​របស់​ថ្នាក់ដឹកនាំ​មក​ដល់​ត្រង់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​នោះ ក៏​ស្រាប់តែ​មាន​យុវជន​ប្រុស​-​ស្រី​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ខ្មៅ មួយ​គ្រឿង​ឌុ​ប​គ្នា​ជិះ​ដេញ​តាម​ក្បួន​យ៉ាង​លឿន​។
ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដេញ​តាម​ក្បួន​រថយន្ត​របស់​ថ្នាក់ដឹកនាំ​យ៉ាង​លឿន​បែប​នេះ កម្លាំង​របស់​លោក​ក៏​នាំ​គ្នា​ហៅ​ឱ្យ​ឈប់ តែ​ពួក​គេ​មិន​ព្រម​ឈប់​ឡើយ​នៅ​តែ​នាំ​គ្នា​ជិះ​តាម​ក្បួន​យ៉ាង​លឿន​ជា​បន្ត​ទៀត​។ ពេល​ដែល​កម្លាំង​របស់​លោក​ស្រែកហៅ និង​ព្យាយាម​ឃាត់​ឱ្យ​ម៉ូតូ​របស់​ពួក​គេ​មិន​ព្រម​ឈប់​នោះ​ទេ ក៏​ធ្វើការ​ស្រែក​តាម​វិទ្យុទាក់ទង​បន្ត​ទៅ​អ្នក​នៅ​ឈរ​តាម​គោលដៅ​ខាង​មុខ​ៗ ឱ្យ​នាំ​ជួយ​ស្ទាក់​ចាប់​ឃាត់​បន្ត និង​រហូត​ដល់​ចំណុច​ខាង​មុខ​ការដ្ឋាន​សំណង់​ខាងលើ ទើប​ចាប់​ឃាត់​ម៉ូតូ​របស់​ពួក​គេ​បាន ព្រមទាំង​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន​ភ្លាម​ៗ​តែ​ម្តង​។
ពេល​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្ទាក់​ឃាត់​ម៉ូតូ​របស់​យុវជន​វ័យក្មេង​ប្រុស​-​ស្រី​ទាំង​២​នាក់​នេះ​បាន​ហើយ និង​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​នោះ គេ​ឃើញ​ថា «​យុវជន​ជា​អ្នកបើកបរ​ម៉ូតូ គឺ​មាន​សភាព​ស្រវឹងស្រា​យ៉ាង​ជោកជាំ ហើយដោយ​សារ​តែ​គូស្នេហ៍​ទាំង​២​នាក់​មានការ​ឈ្លោះប្រកែក​គ្នា ទើប​ធ្វើ​រូបគេ​ផឹកស្រា​ស្រវឹង និង​បើកបរ​ម៉ូតូ​តាម​ក្បួន​របស់​ថ្នាក់ដឹកនាំ​មិនដឹង​អី​បែប​នេះនោះ​»​។
ក្រោយ​ពី​កម្លាំង​មាន​សមត្ថកិច្ច​នាំ​ខ្លួន​យុវជន​ប្រុស​-​ស្រី​ជា​គូស្នេហ៍​នោះ​ធ្វើការ​សាកសួរ​ដឹង​ពី​មូលហេតុ​ថា មក​ពី​យុវជន​ជា​អ្នកបើកបរ​ម៉ូតូ​មានការ​ឈ្លោះប្រកែក​ជាមួយនឹង​នារី​ជា​គូ​ស្នហ៍ និង​ផឹកស្រា​ស្រវឹង​ផង​នោះ ទើប​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌចំការមន គ្រាន់តែ​យក​មក​អប់រំ​ណែនាំ​រួច ទើប​ដោះ​លែងឱ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕ប្រភព៖ កោះសន្តិភាព