លោកយាយអាយុវែង ធ្វើខួប១០៧ឆ្នាំ និងបានទម្លាយប្រាប់ពីអាថ៌កំបាំង ដែលជួយឲ្យគាត់បានអាយុវែង ព្រោះតែ Single..... (មានវីដេអូ)

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៦:១០
អាមេរិក៖ លោកយាយចំណាស់សញ្ជាតិអាមេរិកម្នាក់ បានប្រារព្ធធ្វើខួបឈានចូលវ័យ ១០៧ឆ្នាំ កាលពីពេលថ្មីៗនេះ និងជាពិសេសបានទម្លាយប្រាប់ពីអាថ៌កំបាំង ដែលជួយឲ្យរូបគាត់ទទួលបាននូវសុខភាពល្អនិងអាយុវែង ខណៈដែលមនុស្សទូទៅជាច្រើនហាក់មិនសូវខ្វល់ខ្វាយ ឬគិតគូរដល់ពីចំណុចមួយនេះ។
លោកយាយ Signore
លោកយាយអាយុវែងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Louise Jean Signore មកពីតំបន់ Bronx ទីក្រុង New York សហរដ្ឋអាមេរិក។ លោកយាយ Signore កើតនៅក្នុងឆ្នាំ១៩១២ និងបានឆ្លងកាត់រឿងរ៉ាវប្រវត្តិសាស្រ្តជាច្រើន។ បើគិតមកទល់ពេលនេះ លោកយាយមានអាយុ ១០៧ឆ្នាំហើយ។ បើតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃពុធ កន្លងទៅនេះ លោកយាយ Signore ក៏ត្រូវបានក្រុមការងារនៅមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរា Bartow Community Center បានរៀបចំធ្វើពិធីខួបកំណើតដ៏រីករាយមួយជូនដល់លោកយាយ ដើម្បីស្វាគមន៍ការឈានចូលវ័យ ១០៧ឆ្នាំរបស់គាត់ផងដែរ។ នៅក្នុងនោះ គឺមានការចូលរួមពីសំណាក់ភ្ញៀវជាច្រើន ប្រមាណជាជាង ១០០នាក់ឯណោះ។
លោកយាយ Signore
ទន្ទឹមនឹងនោះ អ្វីដែលមានការចាប់អារម្មណ៍ខ្លាំង ក្រៅពីពិធីដ៏រីករាយមួយនេះ លោកយាយ Signore ក៏បានបង្ហើបប្រាប់នូវអាថ៌កំបាំងខ្លះៗ ដើម្បីឲ្យគ្រប់គ្នាបានដឹង ជុំវិញនឹងកត្តាដែលជំរុញឲ្យលោកយាយអាចរស់នៅហាក់មានសុខភាពល្អ និងអាយុវែងផងដែរ។ លោកយាយ Signore បានឲ្យដឹងថា លោកយាយចូលចិត្តទទួលទានអាហារបែបអ៊ីតាលី ទទួលទានបន្លែ ផ្លែឈើ និងមិនទទួលទានគ្រឿងភេសជ្ជៈសូដា (ឬទឹកក្រូច) ឬក៏នំខេកនោះទេ។ ក្រៅពីនេះ លោកយាយចូលចិត្តលេង ឬធ្វើអ្វីដែលខ្លួនឯងចូលចិត្ត។
លោកយាយ Signore
ជាពិសេស អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ លោកយាយមិនដែលបានរៀបការសូម្បីតែមួយដង នៅក្នុងជីវិតនោះឡើយ។ ពោលគឺមានន័យថា លោកយាយ Signore បានប្រើជីវិតរស់នៅតែម្នាក់ឯង ដែលជាកត្កាមួយជួយឲ្យគាត់មិនសូវឈឺក្បាលគិតគូរច្រើន ក៏ដូចជាកាត់បន្ថយភាពតានតឹងក្នុងជីវិតរបស់គាត់ ទើបធ្វើឲ្យគាត់ហាក់មិនចេះកើតទុក្ខ និងមានជីវិតរស់នៅបានយូររហូតមកដល់សព្វថ្ងៃនេះ។
លោកយាយ Signore
គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី បច្ចុប្បន្នលោកយាយ Signore ក៏កំពុងតែមានបញ្ហាភ្នែក ព្រោះតែវ័យរបស់គាត់កាន់តែច្រើន និងមានជំងឺរលាកសួតផងដែរ។ ប៉ុន្តែមិនថាយ៉ាងណា បើក្រឡេកមកមើលស្ថានភាពជាក់ស្ដែងរបស់លោកយាយ Signore វិញ ឃើញថា គាត់នៅតែជាមនុស្សចាស់ដ៏រឹងប៉ឹងម្នាក់ ទាំងការនិយាយស្តី និងសកម្មភាពដ៏រស់រវើកប្រចាំថ្ងៃរបស់គាត់៕
លោកយាយ Signore