សង្វេគណាស់! អ្នកមើលថែក្មេងត្រូវភ្លើងឆាបឆេះ ពេលចូលជួយក្មេងពីរនាក់នៅក្នុងផ្ទះ

  • ព្រហស្បតិ៍ ០១ សីហា, ២០១៩ ១៦:៤៦
ម៉ាឡេស៊ី៖ ស្រ្តីជាអ្នកមើលថែក្មេងៗត្រូវភ្លើងឆាបឆេះខ្លួន នៅពេលដែលគាត់រត់ចូលទៅជួយក្មេងស្រីពីរនាក់នៅខាងក្នុងផ្ទះ។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនៅតំបន់ Batu Pahat នៃប្រទេសម៉ាឡេស៊ី។
ផ្ទះដែលត្រូវបានភ្លើងឆេះ
ប្រភពបានឲ្យដឹងថា អ្នកស្រី Xu មានអាយុ៥៩ឆ្នាំ មានមុខរបរជាអ្នកមើលថែក្មេងៗអស់រយៈ២៤ឆ្នាំមកហើយ។ នៅថ្ងៃកើតហេតុ វេលាម៉ោង៨:៣០នាទីព្រឹក អ្នកស្រី Xu បានចេញទៅក្រៅដើម្បីទិញអាហារពេលព្រឹក ដោយទុកក្មេងស្រីពីរនាក់ឲ្យនៅគេងក្នុងបន្ទប់។ ក្នុងចំណោមក្មេងទាំងពីរនោះ មានម្នាក់គឺជាកូនស្រីរបស់ប្អូនស្រីគាត់។ នៅពេលនោះកូនប្រុសពៅរបស់អ្នកស្រី Xu ដែលមានអាយុ៣១ឆ្នាំ បានមកដល់ផ្ទះក៏ឃើញមានភ្លើងឆាបឆេះពេញបន្ទប់ទទួលភ្ញៀវ លោកស្ទុះចូលទៅជួយក្មេងៗដែលនៅក្នុងផ្ទះ ប៉ុន្ដែភ្លើងឆេះខ្លាំងពេកទើបលោកមិនអាចចូលទៅបាន។ ភ្លាមៗនោះអ្នកស្រី Xu បានមកដល់ មានភាពស្លន់ស្លោរយ៉ាងខ្លាំង ក៏បង្ខំចិត្តយកកន្សែងដាក់ទឹកឲ្យសើម រួចគ្របពីលើក្បាលរត់ចូលទៅក្នុងផ្ទះ។ កូនប្រុសរបស់អ្នកស្រីក៏បានសម្រេចចិត្ត ចូលទៅតាមច្រកទ្វារខាងក្រោយ ក៏ឃើញម្ដាយកំពុងអង្គុយលើឥដ្ឋអោបក្មេងទាំងពីរ។ កូនប្រុសរបស់អ្នកស្រីបានព្យាយាមចូលទៅគ្រាម្ដាយ និងក្មេងៗពីរនាក់ទៀតចេញមកក្រៅផ្ទះ ប៉ុន្ដែអ្នកស្រី Xu ត្រូវបានភ្លើងឆាបឆេះ មុខ ដៃ ជើង ដើមទ្រូង និងខ្នង សឹងតែ ៨០ភាគរយទៅហើយ។ ចំណែកក្មេងស្រីទាំងពីរមិនមានរបួសធ្ងន់ធ្ងរនោះទេ។ អ្នកស្រី Xu ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែជាអកុសលអ្នកស្រីបានស្លាប់បាត់បង់ជីវិតនៅថ្ងៃបន្ទាប់ វេលាម៉ោង៥:០០ព្រលឹម។
អ្នកស្រី Xu កាលនៅរស់
កូនប្រុសរបស់អ្នកស្រី Xu បាននិយាយថា៖ ក្រោយពីព័ត៌មាននេះបានចែករំលែកនៅលើបណ្ដាញអ៊ីនធើណែតរួចមក មានមនុស្សជាច្រើន បានចូលរួមសោកស្ដាយ និងកោតសរសើរពីទឹកចិត្តរបស់អ្នកស្រី Xu ដែលបានជួយជីវិតក្មេងៗ ដោយមិនគិតពីជីវិតខ្លួនឯង៕
កូនប្រុសរបស់អ្នកស្រី Xu
កូនប្រុសរបស់អ្នកស្រីXuរងរបួស
ទិដ្ឋភាពខាងក្រៅផ្ទះ