កៀកដល់ថ្ងៃប្រលងបាក់ឌុបហើយ! ថាតើ ប្អូនៗទី១២ ត្រៀមខ្លួន និងមានវិធីពិសេសអ្វីខ្លះ ក្នុងថ្ងៃនោះ? (មានវីដេអូ)

  • សុក្រ ០២ សីហា, ២០១៩ ០៩:០២
បើគិតចាប់ពីពេលនេះសល់ពេលមិនដល់មួយខែទៀតទេ ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នឹងចាប់ផ្តើមហើយ។ សម្រាប់ឆ្នាំ២០១៩ សម័យប្រឡងនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៩-២០ សីហា ឆ្នាំ២០១៩ខាងមុខនេះ។ ដោយការប្រលងបែងចែកជាពីរថ្នាក់គឺ ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ គួរឲ្យដឹងផងដែរថា  ការប្រឡង​នេះ មាន​បេក្ខជន​សរុបចំនួន​​ ១១៩ ២១៧នាក់។ ថ្នាក់វិទ្យាសាស្ត្រ​ ​ មានចំនួន៤៥ ៤១៤នាក់ រីឯថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន​ ៧៣ ៨០៣នាក់ និងមានមណ្ឌលប្រឡងចំនួន​ ២០២ ដោយថ្នាក់វិទ្យាសាស្ត្រមាន ៧៥មណ្ឌល និងថ្នាក់សង្គម​មាន​ ១២៧មណ្ឌល។ បន្ទប់ប្រឡង​ទាំងអស់មាន​ចំនួន ៤៨០៩បន្ទប់ ទូទាំង ២៥ រាជធានី ខេត្ត។ទៀតសោត ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពិតជាមានអត្ថន័យ និងសារៈសំខាន់ខ្លាំងណាស់ ព្រោះនេះជាការប្រឡងបញ្ជាក់ពីចំណេះដឹង និងសមត្ថភាព ដែលប្អូនៗសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងមកអស់រយៈពេល១២ឆ្នាំ ពោលគឺតាំងពីថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ ថ្នាក់វិទ្យាល័យកន្លងមក។ ម្យ៉ាងវិញទៀត ការប្រឡងបាក់ឌុបជាស្ពានមួយសម្រាប់ចម្លងប្អូនៗសិស្សានុសិស្សទាំងអស់ ដើម្បីទៅបន្តការសិក្សានៅសាកលវិទ្យាល័យនានាផងដែរ។
រូបតំណាង
ជាក់ស្តែង ក្រុមការងារខ្មែរឡូតយើងបានចុះទៅសម្ភាសន៍ផ្ទាល់ ជាមួយប្អនៗសិស្សថ្នាក់ទី១២ ចំនួនពីររូបដែលកំពុងតែត្រៀមខ្លួន យ៉ាងមុតមាំបំផុត សម្រាប់ការប្រឡងនៅថ្ងៃខាងមុខនេះ។ ចង់ដឹងថា តើពួកគាត់មានអារម្មណ៍យ៉ាងណា ហើយបានត្រៀមខ្លួន និងមានគន្លឹះអ្វីខ្លះសម្រាប់ការប្រឡងដែលខិតជិតមកដល់នេះ តោះ!ទៅតាមដានទាំងអស់គ្នា៖ ជាដំបូងជួបជាមួយនឹងប្អូនស្រីម៉ា វល័ក្ខ ដែលជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក។ នៅក្នុងនោះប្អូនបានរៀបរាប់ពីអារម្មណ៍ពិតរបស់ប្អូន ចំពោះការប្រឡងនាពេលខាងមុខនេះយ៉ាងដូច្នោះថា​ « ជិតដល់ពេលប្រលងហើយខ្ញុំមានអារម្មណ៍ថាភ័យខ្លាំងមែនទែន ប៉ុន្តែមិនដែលគិតថាខ្លួនឯងធ្លាក់ទេ គឺរំពឹងទុកនៅក្នុងចិត្តថានឹងប្រឡងជាប់»។
ប្អូនស្រីម៉ា វល័ក្ខ
ប្អូនស្រីបាននិយាយរៀបរាប់ពីការត្រៀមខ្លួនបន្ថែមទៀតថា « និយាយទៅចាប់តាំងពីខ្ញុំចូលរៀនថ្នាក់ទី១២មក ខ្ញុំចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ និងបណ្តាញសង្គមនានាតែម្តង ហើយយកពេលផ្តោតទៅលើការរៀនវិញ។រាល់ពេលដែលខ្ញុំចេញពីសាលាទៅផ្ទះ គឺខ្ញុំតែងតែមើលសៀវភៅ និងរៀនដោះស្រាយលំហាត់ដោយខ្លួនឯង។ ទៀតសោតក្រោយពីសាលារដ្ឋវ៉ាកងមក ខ្ញុំចាប់ផ្តើមសម្រុកលើការរៀនគួរខ្លាំងតែម្តង ហើយសម្រាប់ខ្ញុំ គិតថាការរៀនគួរបន្ថែមគឺសំខាន់ខ្លាំងណាស់ ព្រោះយើងអាចរៀនលំហាត់ពិបាកៗ និងវិញ្ញាសារថ្មីៗដែលមិនធ្លាប់រៀនពីមុនមក»។ ដោយឡែកប្អូនស្រី វល័ក្ខ បានផ្តាំផ្ញើដល់អ្នកដែលប្រឡងនៅក្នុងឆ្នាំនេះយ៉ាងដូច្នោះថា «ជិតដល់ថ្ងៃប្រលងហើយ ចង់ឲ្យពួកគាត់មើលសៀវភៅ និងមករៀនគួរបន្ថែមឲ្យបានទាំងអស់គ្នា»។
ទន្ទឹមនឹងនេះ នឹងនាំប្រិយមិត្តទាំងអស់គ្នា មកជួបជាមួយប្អូនស្រីមកពីវិទ្យាល័យព្រះយុគន្ធរវិញម្តង ដែលប្អូនមានឈ្មោះថាសួន ពេជ្រយ៉ានី។ ដោយប្អូន​យ៉ានី​ បានរៀបរាប់ ពីអារម្មណ៍របស់ខ្លួនប្រាប់ដល់ក្នុងការងារខ្មែរឡូតថា «ចា៎ បងខ្ញុំត្រូវប្រលងនៅថ្ងៃទី១៩ ខែសីហាខាងមុខនេះហើយ។ សម្រាប់ការប្រឡងគឺខ្ញុំត្រៀមខ្លួនគ្រប់ជ្រុងជ្រោយ ទាំងខិតខំមើលសៀវភៅដោយខ្លួនឯង និងឆ្លៀតពេលខ្លះមករៀនគួរបន្ថែមទៀតផង។ ខ្ញុំរៀនគួរបន្ថែមចំនួន៥មុខវិជ្ជា មានដូចជា ភាសាខ្មែរ គណិតវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា និងផែនដីវិទ្យា»។ ប្អូន​ស្រីបានបន្ថែមទៀតថា «ខ្ញុំជ្រើសរើសការប្រលងថ្នាក់វិទ្យាសាស្រ្តសង្គម ដូច្នេះត្រូវផ្តោតសំខាន់ជាងគេលើមុខវិជ្ជាភាសាខ្មែរ ប៉ុន្តែមុខវិជ្ជាផ្សេងៗទៀតក៏សំខាន់ដូចគ្នាដែរ។ ហើយមូលហេតុដែលខ្ញុំជ្រើសរើសយកថ្នាក់វិទ្យាសាស្ត្រសង្គម ក៏ព្រោះគិតថាសមត្ថភាពរបស់ខ្ញុំត្រូវនឹងផ្នែកមួយនេះ ហើយអាចមានសង្ឃឹមច្រើន ក្នុងការដោះស្រាយវិញ្ញាសារនៅពេលប្រឡង។ ក្រៅពីរៀននៅសាលា ខ្ញុំប្រឹងរៀននៅផ្ទះដោយខ្លួនឯងដូចគ្នា ហើយសល់ពេល ខ្ញុំថែមទាំងបានជួយការងារផ្ទះ និងជួយបង្រៀនប្អូនទៀតផង»។ ទៀតសោតខ្មែរឡូត ក៏បានសាកសួរប្អូនស្រីលទ្ធផលប្រឡងវិញម្តង ចំពោះចំណុចនេះប្អូនស្រីបានឆ្លើយថា «ខ្ញុំមិនហ៊ានសង្ឃឹមខ្ពស់ពេកទេ គឺសង្ឃឹមត្រឹមតែ៥០ភាយរយប៉ុណ្ណោះ»។ជាចុងក្រោយ សិស្សវិទ្យាល័យព្រះយុគន្ធររូបនេះ ក៏មិនភ្លេចដូចគ្នានៅពាក្យផ្តាំបន្តិចបន្តួចទៅដល់អ្នកដែលកំពុងតែត្រៀមប្រលងដូចប្អូន « ជិតដល់ពេលប្រឡងហើយ គួរតែនាំគ្នាប្រឹងមើលសៀវភៅ និងខំរៀនបន្ថែមចំពោះចំនុចណា ដែលគិតថាយើងនៅខ្វះខាត យ៉ាងហោចណាស់ក៏អាចជួយឲ្យយើងចាំមេរៀនបានខ្លះដែរ ប្រសើរជាងយកពេលទៅដើរលែងអត់ប្រយោជន៍»។
ប្អូនស្រីសួន ពេជ្រយ៉ានី
ក្រោយពីបានដឹងអារម្មណ៍ និងការត្រៀមខ្លួនរបស់ប្អូនស្រីទាំងពីររួចមក តើប្រិយមិត្ត ជាពិសេសប្អូនៗដែលត្រូវប្រលងបាក់ឌុបដូចគ្នា មានអារម្មណ៍យ៉ាងណាដែរ? ហើយត្រៀមខ្លួនរាល់ហើយឬនៅសម្រាប់ការប្រឡងដ៏មានតម្លៃនេះ? ដោយឡែកយើងជឿជាក់ថា ប្អូនៗប្រាកដជាបានត្រៀមខ្លួនរួចរាល់ហើយ ព្រោះបច្ចុប្បន្នការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានការកែទម្រង់ប្រឡងយ៉ាងតឹងរឹង ដែលទាមទារឲ្យពួកគាត់ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់សិក្សារៀនសូត្រ ចាប់តាំងពីដើមឆ្នាំសិក្សាមកម្ល៉េះ។ ជាចុងក្រោយខ្មែរឡូត សូមជូនពរឲ្យប្អូនៗសិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡងទាំងអស់ ជោគជ័យ និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដែអូសម្ភាសន៍ផ្ទាល់របស់ប្អូនៗខាងក្រោម៖