វីវរហើយ! ជប៉ុនកំពុងតែជួបវិបត្តិរលកកំដៅដ៏ធំ សម្លាប់មនុស្សអស់ ១១នាក់ និង៥,៦០០នាក់ទៀត ត្រូវបញ្ជូនទៅមន្ទីរពេទ្យ

  • សុក្រ ០២ សីហា, ២០១៩ ០៩:០៧
ជប៉ុន៖ បច្ចុប្បន្ននេះ នៅតាមបណ្តាប្រទេសជាច្រើនលើលោក កំពុងតែជួបវិបត្តិរលកកំដៅ។ ជាក់ស្តែងដូចជាប្រទេសជប៉ុនជាដើម កំពុងតែជួបវិបត្តិរលកកំដៅដ៏ធំ ដែលបាននិងកំពុងតែសម្លាប់មនុស្ស និងធ្វើឱ្យមនុស្សម្នាត្រូវចូលពេទ្យជាច្រើនហូរហែ។
រូបតំណាង
យោងតាមកាសែត Japan Times បានរាយការណ៍ថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសថា ប្រជាជនចំនួន ៥,៦៦៤នាក់ក្នុងប្រទេសជប៉ុន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារតែបញ្ហាទាក់ទងនឹងរលកកំដៅដ៏កាចសាហាវនេះ។ ក្នុងនោះ រួមមាន ប្រជាជនដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ប្រហែល៥២,៦% ត្រូវចូលមន្ទីរពេទ្យ។ដោយឡែក តួលេខបានបង្ហាញថា មានមនុស្ស១១នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថាបានស្លាប់ ព្រោះតែអាកាសធាតុដ៏សែនក្តៅនេះក្នុងប្រទេសជប៉ុន។គួររម្លឹកផងដែរថា នេះមិនមែនជាលើកទីមួយដែលប្រទេសជប៉ុនបានជួបវិបត្តិរលកកំដៅនេះនោះទេ ជាក់ស្តែងកាលពីឆ្នាំមុន មានមនុស្ស ៦៥នាក់បានស្លាប់ ព្រោះតែរលកកំដៅនេះដូចគ្នា ហើយជប៉ុនបានប្រកាសថាវាគឺជាគ្រោះមហន្តរាយធម្មជាតិ។
រូបតំណាង
យ៉ាងណាមិញ យើងក៏សង្ឃឹមថា រលកកំដៅនេះនឹងរលាយបាត់ក្នុងពេលឆាប់ៗនេះទៅចុះ ហើយវាក៏ជាមេរៀនសម្រាប់ពិភពលោកឱ្យចេះថែរក្សាបរិស្ថាន និងផែនដីផងដែរ ព្រោះបើមិនដូច្នេះទេ នៅថ្ងៃណាមួយ យើងអាចនឹងស្លាប់ទាំងអស់គ្នាជាក់ជាពុំខាន៕