ទីបំផុត! ក្រោយចំណាយពេល ១៧ឆ្នាំនៅទឹកដីអឺរ៉ុប Dani Alves ត្រឡប់ទៅលេងឲ្យក្លិបធំមួយនៅប្រេស៊ីលវិញ

  • សុក្រ ០២ សីហា, ២០១៩ ០៩:៣៦
ប្រេស៊ីល៖ កំពូលខ្សែការពារស្ដាំរបស់ក្រុមជម្រើសជាតិប្រេស៊ីល កីឡាករ Dani Alves បានត្រឡប់ទៅប្រកបអាជីពលើទឹកដីកំណើតវិញ នៅក្លិប Sao Paulo ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
កីឡាករDani Alves
Alves បានប្រកាសចាកចេញដោយមិនមានតម្លៃខ្លួនពីក្លិបអ្នកមាននៅបារាំង Paris Saint-Germain ក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ហើយក៏មានក្លិបធំៗពីរនៅអង់គ្លេសចង់បានរូបគេទៅរួមក្លិបផងដែរគឺ កាំភ្លើងធំ Arsenal និងមេឃខៀវ Manchester City។ Alves បានត្រឡប់ទៅលេងនៅប្រទេសប្រេស៊ីលវិញក្នុងអាជីពបាល់ទាត់ ក្រោយចាកចេញពីក្លិប Bahia ទៅចូលរួមជាមួយក្លិបអេស្ប៉ាញ Sevilla ក្នុងឆ្នាំ ២០០២។ គេបានចំណាយរយៈពេល ៦ឆ្នាំជាមួយ Sevilla មុននឹងទៅចូលរួមជាមួយអ្នកមានបុណ្យ Barcelona ក្នុងឆ្នាំ ២០០៨។
កីឡាករ Dani Alves កាលលេងឲ្យ Sevilla
រយៈពេល ៨រដូវកាលជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ Barcelona ខ្សែការពារជម្រើសជាតិប្រេស៊ីលរូបនេះ ចូលលេងបាន ២៤៧ប្រកួត និងឈ្នះពានបានរហូតដល់ ២២ ជាមួយក្លិបមួយនោះ។ មិនត្រឹមតែប៉ុណ្ណោះ Alves ក៏ធ្លាប់បានឈ្នះពាន Serie A ជាមួយ Juventus ផងដែរ មុននឹងទៅចូលរួមជាមួយ PSG និងឈ្នះពាន Ligue1 នៅទីនោះ។ ហើយនាពេលថ្មីៗនេះ ប្រធានក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ ក៏ទើបតែនឹងជួយក្រុមជម្រើសជាតិរបស់ខ្លួន គ្រងតំណែងម្ចាស់ជើងឯកពានរង្វាន់ Copa America 2019 ផងដែរ៕
កីឡាករ Dani Alves
ប្រភព៖ Daily Mail