​ផ្សិត​​សាមញ្ញ ​តែ​ជួយ​ការពារបញ្ហា​ភ្លេច​ភ្លាំង និងខួរក្បាល​​បាន​ល្អ!

ការ​​ញ៉ាំ​ផ្សិត​ច្រើនជាង ២ ដង​ក្នុង​​​សប្តាហ៍​ ​​អាច​បង្ការ​​​​ពី​បញ្ហា​​ការ​​បាត់​បង់​ការ​ចង​ចាំ​​សម្រាប់​មនុស្ស​​ចំណាស់​​អាយុ​ ៦០​ ឆ្នាំ​​ឡើង​​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវរបស់​​ប្រទេស​សិង្ហបុរី​។
ការ​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​​ បាន​តាម​ដាន​លើ​របប​អាហារ​​របស់​ពលរដ្ឋ​​សិង្ហបុរី​​ ៦៦៣​​នាក់ មាន​អាយុ​​លើស​ពី ​៦០​ឆ្នាំ ហើយ​​រក​ឃើញ​ថា មនុស្ស​​ចាស់មាន​វ័យ​​លើ ​៦០​ឆ្នាំ​ ច្រើន​មាន​បញ្ហា​បាត់​បង់​ កម្រិត​យល់​ដឹង​ច្រើន​ ឬ​ហៅ​ថា Mild cognitive impairment (MCI)។
យ៉ាង​ណា​មិញ​ នៅ​ពេល​ពួក​គេ​​ពិនិត្យ​មើល​របប​អាហារ​ឃើញ​ថា មនុស្ស​ចាស់​​​បានញ៉ាំ​​​ប្រភេទ​បន្លែ​ផ្សិត​​ក្នុង​របប​អាហារ​ច្រើនដង ​ក្នុង​​មួយ​​សប្តាហ៍ មានការភ្លេច​ភ្លាំង​ និង​បញ្ហា​ស្មារតី​ខ្សោយ ​តិច​ជាង​អ្នក​មិន​ញ៉ាំផ្សិត​។នេះ​បើ​តាម​​​លោក​​ Lei Feng ជា​សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ​។​​​​​​​ សាស្រ្តាចារ្យ​​សិង្ហបុរី​រូប​នេះ បន្ថែម​ទៀត​ថា ប្រភេទ​បន្លែ​ផ្សិត​សម្បូរ​ទៅ​ដោយ​សារធាតុ​ Ergothioneine ជា​សារធាតុ​​ប្រឆាំងជំងឺ​មហារីក។ ​​​ដូច​នេះ ​មាន​​បន្លែ​ផ្សិត​​ច្រើន​ក្នុង​របប​អាហារ ជួយ​ការពារ​ខួរ​ក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព ជំរុញសមត្ថភាព​​​​​​​ក្នុង​​ការ​គិត និង​វិភាគ​បាន​កាន់​តែ​ប្រសើរ​។
បន្ថែម​ពី​នេះ​ប្រភេទ​បន្លែ​​ផ្សិត​ ក៏​មាន​​សាធាតុ​ចិញ្ចឹម ដូច​ជា​ វីតាមីន​ D Selenium និង Spermidine ​​ជួយ​ការពារ​​កោសិកា​សរសៃ​ប្រសាទ​ទៀតផង​។ ​​​​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet