ភ្លៀងជន់លិចខ្លាំងនៅឥណ្ឌា ធ្វើឲ្យអ្នកស្រុកព្រួយបារម្ភពីសុវត្ថិភាព ព្រោះតែមានសត្វក្រពើវាយប្រហារ..... ប៊ិះតែត្របាក់ស៊ីឆ្កែ (មានវីដេអូ)

ឥណ្ឌា៖ អ្នកស្រុកមួយរស់នៅក្នុងប្រទេសឥណ្ឌា ហាក់សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញនឹងបញ្ហាសុវត្ថិភាពរបស់ពួកគេ ក្រោយមានការជន់លិចខ្លាំងដោយទឹកភ្លៀង រហូតមានសត្វក្រពើនៅតាមដងផ្លូវ។ បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា កាលពីចុងខែកក្កដា (៣១ កក្កដា) កន្លងទៅនេះ ទីក្រុង Vadodara រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា បានរងការជន់លិចផ្ទះអ្នកស្រុកនិងតាមដងផ្លូវ ក្រោយមានភ្លៀងធ្លាក់ខ្លាំង រហូតធ្វើឲ្យបាក់ច្រាំងទន្លេ Vishwamitri River ក៏ដូចជាធ្វើឲ្យកម្ពស់ទឹកទន្លេមានការហូរហៀរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាសត្វក្រពើក៏ត្រូវបានគេដឹងថា បានរបូតខ្លួនចេញពីទន្លេនោះមកដូចគ្នា ដែលជាហេតុធ្វើឲ្យអ្នកស្រុកហាក់កើតក្តីព្រួយបារម្ភ។
ជាក់ស្ដែង កាលពីថ្មីៗនេះ ក៏មានវីដេអូឃ្លីបមួយ ត្រូវបានគេថតនិងបង្ហោះចែកចាយនៅលើបណ្តាញសង្គម ជុំវិញនឹងបញ្ហាទឹកជន់លិចផ្ទះអ្នកស្រុក និងសត្វក្រពើដែលបម្រុងនឹងវាយប្រហារសត្វឆ្កែ២ក្បាលរបស់អ្នកស្រុកផងដែរ។ នៅក្នុងឃ្លីបវីដេអូដែលមានរយៈពេលប្រមាណជាជាង ១នាទីនោះ គេឃើញថា ក្រពើមួយក្បាលបានហែលមកយ៉ាងស្ងៀតស្ងាត់ សំដៅទៅរកសត្វឆ្កែ២ក្បាលរបស់អ្នកស្រុក ដែលកំពុងតែឈរក្នុងទឹកខាងក្រៅផ្ទះ។ នៅពេលដែលក្រពើបានចូលប្រកៀកនឹងសត្វឆ្កែមួយក្បាល វាក៏ស្រាប់តែស្ទុះត្របាក់តែម្តង។ ប៉ុន្តែជាសំណាងល្អ ដែលឆ្កែមួយក្បាលនោះអាចរំដោះខ្លួនបាន។ ឯក្រពើក៏ពុំបានវាយប្រហារទៅលើឆ្កែមួយទៀតនោះទេ។
តាមប្រភពបានឲ្យដឹងថា នៅក្នុងករណីភ្លាមៗនោះ ម្ចាស់ឆ្កែពុំបានហ៊ានបើកទ្វាររបងឲ្យឆ្កែរបស់ពួកគេចូលក្នុងផ្ទះនោះទេ ព្រោះតែខ្លាចក្រពើមួយក្បាលនេះ ចូលក្នុងផ្ទះរបស់ពួកគេក្នុងពេលតែមួយជាមួយគ្នា។ គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ក្រោយកើតហេតុក្រុមអ្នកជួយសង្គ្រោះសត្វព្រៃក៏បានមកចាប់សត្វក្រពើនេះផងដែរ៕ ទស្សនាវីដេអូខាងក្រោម៖