បង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនបាន ៣នាក់ និងដកហូតថ្នាំជាង៣គីឡូក្រាម នៅខេត្តពោធិ៍សាត់

  • សុក្រ ០២ សីហា, ២០១៩ ១៣:៤៨
(ពោធិ៍សាត់)៖ កម្លាំងនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយអាត់ និងកម្លាំងប្រជាការពារក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុង បានចុះប្រតិបត្តិការឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យ៣នាក់ ពីបទរក្សាទុក និងចរាចរណ៍ដោយខុសច្បាប់នូវសារធាតុញៀន។ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង១១៖៤៨នាទី នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។លោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យ ចំនួន៣នាក់ រួមមាន៖១៖ ឈ្មោះ ឡាច មុន្នី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។២៖ ឈ្មោះ ជា ហូស៊ីម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។៣៖ ឈ្មោះ អ៊ឹម ឆៃលី ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។លោកអធិការបន្តថា ក្រោយពីសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ បានរកឃើញវត្ថុតាងរួមមាន៖ គ្រឿងញៀន ICE០៣ដុំ ទម្ងន់(៣០៨២ក្រាម), រថយន្ត០១គ្រឿង, ជញ្ជីង០១, កាបូបដៃ០១, កាបូបស្ពាយ០១, កាតគ្រីរថយន្ត០៤សន្លឹក, អត្តសញ្ញាណបណ្ណ០២សន្លឹក, ថង់ច្រកមួយចំនួន, ស្លាកលេខរថយន្ត 2D-8572 (០២សន្លឹក), ខ្សែក០១ខ្សែ, ចិញ្ចៀន០១វង់, ទូរស័ព្ទដៃ០១គ្រឿង, លុយខ្មែរ៨៦ម៉ឺនរៀល និងស្បោងព័ណ៌ខៀវ០១។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕
ប្រភព៖ Freshnews