នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់!

ជំងឺបេះដូង ​ជា​ជំងឺ​ម្យ៉ាង​ដែល​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី នៃ​មុខងារ​របស់​បេះដូង ការ​ខូច​ខាត​រចនា​សម្ព័ន្ធ​បេះដូង។ ជំងឺ​បេះដូង​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​មិន​មែន​កើត​តែ​លើ​មនុស្ស​ចាស់​នោះ​ទេ សូម្បី​តែ​កូន​ក្មេង​ក៏​មាន​ជំងឺ​បេះដូង​ដែរ។ ​ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូងនៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រលោក​វេជ្ជបណ្ឌិត សុខ ជួរ បាន​បែង​ចែក​ជំងឺ​បេះដូង​ជា​ប្រភេទ​ដាច់​ពី​គ្នា គឺ​ជំងឺ​បេះដូង​ពី​កំណើត និង​ជំងឺ​បេះដូង​កើត​ពេល​ក្រោយ។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​ជំងឺបេះដូងពីកំណើត និងជំងឺបេះដូងកើតពេលក្រោយ ដែល​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ៖១- ជំងឺ​បេះដូង​ពី​កំណើតជំងឺ​បេះដូង​ពី​កំណើត ជា​ជំងឺ​ដែល​កើត​មាន​តាំង​ពី​ទារក​នៅ​ក្នុង​ពោះ​ម្តាយ​ម្ល៉េះ ដោយ​បេះដូង​របស់​ទារក​វិវត្ត​ខុស​ប្រក្រតី​ផ្នែក​ណា​មួយ។ ជំងឺ​បេះដូង​ពី​កំណើត​ស្មុគស្មាញ​ខ្លាំង និង​មាន​ច្រើន​ប្រភេទ ដូចជា ជំងឺ​បេះដូង​ប្រហោង​ថត​លើ បេះដូង​ប្រហោង​ថត​ក្រោម បេះដូង​ប្រហោង​ពី​សរសៃ​អាអក ទៅ​សរសៃ​អាកទែ ឬ​បេះដូង​មាន​សរសៃ​ធំៗ​ខ្វែង​គ្នាជាដើម។
ចំពោះ​កត្តា​នាំ​ឲ្យ​កុមារ​មាន​ជំងឺ​បេះដូង​ពី​កំណើត​មាន​ដូចជា កត្តា​តំណពូជ ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ឬ​ម្តាយ​ញ៉ាំ​ស្រា ជក់បារី​ពេល​មាន​ផ្ទៃពោះ។២- ជំងឺ​បេះដូង​កើត​ក្រោយជំងឺ​បេះដូង​​កើត​ក្រោយ ជា​ជំងឺ​បេះដូង​កើត​ឡើង​ពេល​មនុស្ស​វិវត្ត​ធំធាត់ អាយុ​កាន់​តែ​ច្រើន។ ចំពោះ​កក្តា​ដែល​ជំរុញ​ឲ្យ​មាន​ជំងឺ​បេះដូង ដូចជា ចំណី​អាហារ ជក់បារី ញ៉ាំ​ស្រា ការ​រលាក​ដោយសារ​មេរោគ ឬ​​មិន​​មាន​ទម្លាប់​ហាត់​ប្រាណ​ជា​ដើម។
– ជំងឺ​ប្រឹស​បេះដូង ឬ​ចំហរ​ប្រឹស​បេះដូង៖ រលាក​បំពង់​ក​រ៉ាំរ៉ៃ​របស់​កុមារ ដែល​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​ ​យូរៗ​​ទៅ​មេរោគស្ត្រឹប​តូកូស​ ដែល​ធ្វើ​ឲ្យ​រលាក​បំពង់ក វាយ​លុក​ទៅ​លើ​ប្រឹស​បេះដូង ធ្វើ​ឲ្យ​ប្រឹស​បេះដូង​ក្មេង​ឡើង​រឹង ក្រិន ហើយ​យូរៗ​ទៅ​អាច​ស្តែង​ចេញ​ជា​ជំងឺ​ត្បៀត​ប្រឹស​បេះដូង ដោយសារ​ប្រឹស​បេះដូង​ឡើង​រឹង បើក​អត់​បាន។
– ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ឬ​គាំងបេះដូង៖ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជា​ជំងឺ​​ធ្ងន់​ធ្ងរ កើត​​ឡើង​​ដោយសារ​​សរសៃ​​ឈាម​​មួយ ឬ​​ច្រើន ដែល​​មាន​​តួនាទី​​ទៅ​​ចិញ្ចឹម​​បេះដូង ត្រូវ​​ស្ទះដោយសារកំណក​ខ្លាញ់ និង​​កំណក​​ឈាម។
– ជំងឺ​សាច់ដុំ​បេះដូង៖ ជា​ធម្មតា​បេះដូង​ដើរ​តួ​ជា​ស្នប់​សម្រាប់​សប់​ឈាម​ទៅ​ចិញ្ចឹម​សារពាង្គកាយ នៅ​ពេល​សាច់ដុំ​ក្រាស់​ពេក រំខាន​ដល់​ការ​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​រាងកាយ នាំ​ឲ្យ​អ្នក​ជំងឺ​ប្រឈម​នឹង​ជំងឺ​គាំង​បេះដូង ជួល​កាល​សាច់ដុំ​បេះដូង​ស្តើង​អត់​សូវ​មាន​កម្លាំង​កន្ត្រាក់។
– ជំងឺ​បេះដូង​រីក៖ ជា​ជំងឺ​ដែល​បេះដូង​មាន​ទំហំ​ធំ​ខុស​ពី​ធម្មតា បណ្តាល​មក​ពី​សាច់ដុំ ឬ កោសិកា​បេះដូង​ខុស​ប្រក្រតី បេះដូង​លោត​ខុស​ចង្វាក់។
– ជំងឺ​វិបត្តិ​ចង្វាក់​បេះដូង៖ បេះដូង​មិន​រីក មិន​ក្រាស់ មិន​ស្ទះសរសៃ​ទេ ប៉ុន្មាន​ចង្វាក់​បេះដូង​ដើរ​មិនស្មើ ជួន​កាល​ដើរៗ​ឈប់ ឬ​ក៏​ដើរ​លឿន​ពេក។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet