ដឹង​មូលហេតុ​នៃ​ការ​ឆាបឆេះ​ឃ្លាំង​របស់​ផ្សារ​​អូ​ឡាំ​ព្យា​ហើយ (​មាន​វី​ដេ​អូ​)

  • សុក្រ ០២ សីហា, ២០១៩ ១៥:១១
រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​មូល​ដ្ឋាន​​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​មួយ​ដែល​បាន​ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈ​បរិក្ខារ​សំណង់​នៅ​ក្នុង​ការដ្ឋាន​ផ្សារ​អូ​ឡាំ​ព្យា កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវ​៧១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា នេះ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។
ប្រភព​ព័ត៌មាន​ខាងលើ​បញ្ជាក់​ទៀត​ថា គ្រឿង​បរិក្ខារ​សំណង់​ដែល​ស្តុក​ក្នុង​ឃ្លាំង​នោះ​ភាគច្រើន​ជា​គ្រឿង​ជ័រ ដែល​ទាំង​អស់នោះ​គឺ​សម្រាប់​ទុក​រៀបចំ​បំពាក់​ទីកន្លែង​លក់ដូរ​ក្នុង​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា ។ហើយ​ខណៈ​ផ្សែងភ្លើង​កំពុង​ឆេះ​ខ្មួលខ្មាញ់​ចេញពី​ឃ្លាំង​ស្តុក​គ្រឿងសំណង់​របស់​ផ្សារ​អូ​ឡាំ​ព្យា​នោះ គេ​សង្កេត​ឃើញ​វត្តមាន​លោក លី​ម សុភា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា ដឹកនាំ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខណ្ឌ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ។ លុះ​បន្តិច​ក្រោយមក​គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​មក​ពី​គ្រប់​ស្ថាប័ន​ទៅ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​នោះ ដោយ​ប្រើ​ពេល​ជាង​២​ម៉ោង​រួម​គ្នា​បាញ់​ពន្លត់​អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្តុក​គ្រឿងសំណង់​ផ្សារ​អូ​ឡាំ​ព្យា​នោះ​រហូត​រលត់​ទៅ​វិញ​នៅ​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នោះ ។
យោង​តាម​អ្នក​ទទួលខុសត្រូវ​ឃ្លាំង​បាន​ប្រាប់​ថា ឃ្លាំង​ស្តុក​សម្ភារៈ​បរិក្ខារ​សំណង់​ដែល​ត្រូវ​អគ្គ​ភ័យ​ឆាប​ឆេះ​នេះ មាន​ទទឹង​២០​ម៉ែត្រ និង​បណ្តោយ​២០​ម៉ែត្រ ហើយ​អគ្គិភ័យ​ឆេះ​ឃ្លាំង​សម្ភារៈ​នេះ ពុំ​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​គ្រោះថ្នាក់​រង​របួស ឬ​ដល់​ជីវិត​នោះ​ទេ គ្រាន់តែ​ថា​សម្ភារៈ​ដូច​ជា​គ្រឿង​ជ័រ និង​គ្រឿង​ឈឺ​មួយ​ចំនួន​ធំ​ត្រូវ​ខូចខាត ។
គួរ​បញ្ជាក់​ថា ក្រោយ​គ្រោះ​អគ្គិភ័យ​នោះ​កើតហេតុ​ភ្លាម​ៗ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន​តែង​តែ​លើក​ឡើង​ថា អគ្គិភ័យ​ឆេះ​ផ្សារ​អូ​ឡាំ​ព្យា ជាក់ស្តែង​គឺ​ឆេះ​ឃ្លាំង​ដាក់​សម្ភារៈ​បរិក្ខារ​សំណង់​មួយ​នៅ​ជាន់​ក្រោម​ដី​ប៉ែក​ខាងក្រោយ​ផ្សារ​អូ​ឡាំ​ព្យា ប៉ុន្តែ​ក៏​ជា​ឃ្លាំង​របស់​ផ្សារ​អូ​ឡាំ​ព្យា​ដែរ គ្រាន់តែ​ថា មិនមែន​ឆេះ​តួ​ទំនើប​ផ្សារ​នោះ​ទេ ។ 
ប្រភព៖ កោះសន្តិភាព