Vietjet កើនឡើងចំណូល និងប្រាក់ចំណេញខ្ពស់ នៅត្រឹមពាក់កណ្តាលឆ្នាំ២០១៩ នេះ!

  • សុក្រ ០២ សីហា, ២០១៩ ១៦:០០
ហូ​ជីមិញ៖ ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet នៅ​ថ្ងៃ​នេះ បានប្រកាស​ពី​ប្រាក់​ចំណូល​របស់​ខ្លួន​​ពី​ការដឹក​ជញ្ជូន​ផ្លូវ​អាកាស ក្នុង​​រយៈ​ពេល​៦​ខែ​ដំបូង​នៅឆ្នាំ​២០១៩ ដែល​មានការ​កើន​ឡើង​ ២២​% បើ​ធៀប​ទៅនឹង​ដំណាក់​កាល​ដូចគ្នា​នេះក្នុង​ឆ្នាំ​២០១៨ ហើយ​ប្រាក់​ចំណេញ​របស់ក្រុមហ៊ុននៅ​មុន​​ពេល​កាត់​ពន្ធសម្រាប់​​ពាក់កណ្តាល​ឆ្នាំ​២០១៩​ នេះ បាន​កើន​ឡើង​ ១៦​% បើ​ធៀប​ទៅនឹង​ដំណាក់​កាល​ដូចគ្នា​កាលពីឆ្នាំមុន​។ ក្រុមហ៊ុន​នេះបាន​បញ្ជាក់​ថា ប្រាក់​ចំណូល​​តាម​រយៈ​ការ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​របស់​ខ្លួនមាន​ចំនួន​​សរុប​ ២០,១ ទ្រីលាន​ដុង (ស្មើ​នឹង​ ៨៦៩,៩២៨ លាន​ដុល្លារ​អាមេរិក) ក្នុង​នោះ​​ប្រាក់​ចំណេញ​នៅ​មុន​ពេល​កាត់​ពន្ធមាន​ចំនួន​ ១,៥៦​ ទ្រីលាន​ដុង សម្រាប់​រយៈ​ពេល​​៦​ខែ​ដំបូង ក្នុង​ឆ្នាំ​២០១៩​ នេះ​។ ប្រាក់​ចំណូល​សរុប​​​ទាំង​អស់​របស់ Vietjet ក្នុង​​​នោះ​រាប់​បញ្ចូល​ទាំង​ប្រាក់​ចំណូល​បាន​មក​ពី​សកម្ម​ភាព​​មិន​ទាក់​ទង​នឹង​ការ​ដឹក​ជញ្ជូន​ដូច​ជា ពាណិជ្ជ​កម្ម​​លើ​យន្ត​​ហោះ ក៏​បាន​កើន​​ឡើង​ចំនួន​ ២៤​% ផងដែរ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៩​ នេះ ក្រោយពី​រក​បាន​ប្រាក់​ចំណូល​ ២៦,៣​ ទ្រីលាន​ដុង បើ​ធៀប​ទៅ​នឹង​ដំណាក់​កាល​ដូចគ្នាក្នុង​ឆ្នាំ​២០១៨ ខណៈ​ដែល​ប្រាក់​ចំណេញ​សរុប​នៅមុន​ពេល​កាត់​ពន្ធ មាន​ចំនួន ២,៤​ ទ្រីលាន​ដុង ដែល​ជា​ការ​កើន​ឡើង​ ១១% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។
យន្តហោះរបស់ក្រុមហ៊ុន Vietjet
ក្នុង​អំឡុង​រយៈ​ពេល​៦​ខែ​ដំបូង​ក្នុងឆ្នាំ​២០១៩ ក្រុមហ៊ុន Vietjet បាន​ប្រតិ​បត្តិ​ការ​ហោះ​ហើរ​ ៦៨ ៨២១​ លើក ស្មើ​នឹង ​៤៥​% នៃ​ការ​ហោះហើរ​សរុប​ ដែល​ត្រូវ​បាន​ប្រតិ​បត្តិ​ដោយ​​ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​វៀត​ណាម​ទាំង​អស់​។ Vietjet បាន​ដឹក​អ្នក​ដំណើរ​សរុប​ចំនួន​ ១៣,៥ លាននាក់ ក្នុង​ការ​ហោះ​ហើរ​សរុប​ទាំង​អស់​នោះ ក្រោយពី​ការ​ពង្រីក​បណ្តាញ​ហោះ​ហើរ​របស់​របស់​ខ្លួន ស្រប​ពេល​ដែល​​ក្រុមហ៊ុន​នេះ នៅ​តែ​​រក្សា​ស្ថិតក្នុង​ទី​តាំង​ឈានមុខ​គេ​លើសេវា​ដឹក​ជញ្ជូន​ក្នុង​ស្រុក ដោយ​មាន​ចំណែក​ទីផ្សារ​ដល់​ទៅ​ ៤៤% ក្នុង​រយៈ​ពេល​៦​ខែ​ដំបូងនៅ​ឆ្នាំ​នេះ​។ ក្រុមហ៊ុន​អាកាស​ចរណ៍​វៀត​ណាមមាន​ចំណែក​ទីផ្សារ​ ៣៤% ក្នុង​ដំណាក់​កាល​ដូចគ្នា​នេះ​។ ការ​កើន​ឡើង​ខ្លាំង​ទៅ​លើ​​​តួលេខ​នៃ​ប្រតិ​បត្តិ​ការ​រយៈ​ពេល​៦​ខែ​ដំបូង​​របស់ក្រុមហ៊ុន Vietjet នេះ កើត​ឡើងមួយ​ផ្នែក​ធំ​​ដោយសារ​តែ​ការ​ពង្រីក​បណ្តាញផ្លូវ​ហោះហើរ​​ឥត​ឈប់​ឈរ​ទាំងក្នុង​ស្រុក និង​អន្តរ​ជាតិ​​​ ជា​មួយនឹង​ការ​ពង្រីក​ផ្លូវ​ហោះ​ហើរ​អន្តរ​ជាតិ​ថ្មី​ចំនួន​ ៩ ទៅកាន់​ជប៉ុន ទីក្រុង​ហុង​កុង ឥណ្ឌូនេស៊ី ចិន និងផ្លូវ​ក្នុងស្រុក​ចំនួន​៣​ទៀត​។ ការ​​ចំណាយ​ទាប​ទៅ​លើ​ប្រេង​សាំង និង​​ការ​គ្រប់​គ្រង​រូប​បិយ​បណ្ណ​បរទេស​បាន​យ៉ាង​រឹង​មាំ ក៏​បាន​ជួយ​ឲ្យ​​មាន​​កំណើន​​ខ្លាំង​លើ​ប្រាក់​ចំណូល​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩ ផងដែរ​​។
យន្តហោះរបស់ក្រុមហ៊ុន Vietjet
ចំនួន​អ្នក​ធ្វើ​ដំណើរ​​​នៅ​លើ​ផ្លូវ​ហោះហើរ​អន្តរ​ជាតិ​របស់ Vietjet បាន​កើន​ឡើង​ ៣៥% ស្មើ​នឹង​ជិត​៤​លាន​នាក់ ហើយ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន Vietjet សម្រាប់​សេវា​ដឹក​ជញ្ជូន​អន្តរ​ជាតិ បាន​កើន​ឡើង​ខ្ពស់​ជាង​ប្រាក់​ចំណូល​ពី​សេវា​ដឹក​ជញ្ជូន​ក្នុងស្រុក ពោល​គឺ​ស្មើ​នឹង​ ៥៤% នៃ​ប្រាក់​ចំណូលសរុប​ពី​ការ​​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​​របស់​ Vietjet​។ បណ្តាញ​ហោះហើរ​របស់​ក្រុមហ៊ុន Vietjet បច្ចុប្បន្ន​ផ្សារ​ភ្ជាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​គោល​ដៅ​ផ្សេង​ៗ​ជា​ច្រើន ទូ​ទាំង​ប្រទេស​វៀត​ណាម កម្ពុជា ជប៉ុន ឥណ្ឌូនេស៊ី សិង្ហ​បុរី កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ថៃ មី​យ៉ាន់​ម៉ា ម៉ា​ឡេ​ស៊ី និង​ប្រទេស​ចិន​។ សម្រាប់​តួ​លេខ​ប្រតិ​បត្តិ​ការណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ទៀត​ក្នុង​​រយៈ​ពេល​៦​ខែ​ដំបូង​នេះ​ ក្រុមហ៊ុន Vietjet បាន​ប្រកាស​ថា ទម្ងន់​ផ្ទុក​ជា​មធ្យម​របស់​ខ្លួនក្នុង​ពេល​ហោះ​ហើរ​ គឺ​មាន​ចំនួន ៨៨% ភាព​ជឿជាក់​ទៅ​លើប្រព័ន្ធ​​បច្ចេក​ទេស មាន​ ៩៩,៦៤% ហើយ​​ភាព​ទៀង​ទាត់​ទាន់​ពេល​​​ពេល​វេលា មាន​កម្រិត​ដល់​ទៅ ៨១,៥%៕សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ចូល​ទៅកាន់​​: www.vietjetair.com ។