ចោរ​គាស់​ផ្ទះ​អ្នក​ភូមិ​នៅ​ក្បែរ​ៗ​គ្នា ចូល​លួច​យក​ទ្រព្យសម្បត្តិ​រួច​គេចខ្លួន​បាត់

  • សៅរ៍ ០៣ សីហា, ២០១៩ ០៨:១០
ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចោរ​បាន​គាស់​ផ្ទះ​អ្នក​ភូមិ ចូល​លួច​យក​ទ្រព្យសម្បត្តិ ផ្ទះ​ដែល​នៅ​ក្បែរ​ៗ​គ្នា រួច​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០២ សីហា នៅ​ចំណុច​ភូមិ​វត្ត​រំដួល សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង ខណៈ​ម្ចាស់ផ្ទះ​បិទទ្វារ​ចាក់សោ​ហើយ​រវល់ ចេញ​ក្រៅ​។ គេ​មិន​ទាន់​ដឹង​ពី​ចំនួន​ជនសង្ស័យ​នៅឡើយ​ទេ តែ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចំនួន​២​កន្លែង នៅ​ក្បែរ​គ្នា​ជា​បន្តបន្ទាប់​។
បើ​តាម​សមត្ថកិច្ច​បាន​ផ្ដល់​ព័ត៌មាន​នេះ​ថា ដំបូង​ជន​ដៃដល់​បាន​ធ្វើ​សកម្មភាព គាស់​ទ្វារផ្ទះ​របស់​ឈ្មោះ ជា ទូច ភេទ​ស្រី អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ​។ ជន​ដៃដល់​បាន​ចូល​ទៅ​ខាងក្នុង​រើ​កកាយ​លួច​យក​គ្រឿងអលង្ការ​អស់​មួយ​ចំនួន​ដូច​ជា ខ្សែ​ក​មាស​ចំនួន ០២​ខ្សែ​, ខ្សែដៃ​ចំនួន​០២​ខ្សែ និង​ចិញ្ចៀន​ចំនួន​០២​វង់​។ ប្រភព​ពី​សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ចូល​លួច​គ្រឿងអលង្ការ​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ខាងលើ​បាន​សម្រេច​ហើយ ជន​ដៃដល់​ដ៏​មហាលោភ​លន់​នេះ មិន​ស្ងប់ចិត្ត​ទេ ហើយ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​បន្ត​មួយ​កន្លែង​ទៀត នៅ​ក្បែរ​នោះ​។
ជន​រង​គ្រោះ​ទី​២​នេះ​ឈ្មោះ គឹ​ម ឆវី ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ក្នុងភូមិ​, សង្កាត់ ក្បែរ​គ្នា​ខាងលើ​។ បើ​តាម​ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ចោរ​បាន​ចូល​រើ​កកាយ​លួច​គ្រឿង អលង្ការ​គាត់​អស់​មួយ​ចំនួន​ដែរ​។ ដូច​ជា ចិញ្ចៀន​ប្លា​ទី​ន​ចំនួន​០២​វង់​, ខ្សែ​ក​ចំនួន​០២​ខ្សែ​, បន្តោង​ខ្សែ​ក​ចំនួន​០៣, ខ្សែដៃ​០១​ខ្សែ និង​ក្រវិល​ចំនួន​០៤​គូ​។ជុំ​វិញ​ករណី​អំពើ​ចោរកម្ម​ដែល​ប្រព្រឹត្ត​ដោយ ជន​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​២​កន្លែង​ជា​បន្តបន្ទាប់​ខាងលើ​នេះ សមត្ថកិច្ច​ហាក់​មិន​ទាន់​មាន​មតិ យោបល់​អ្វីមួយ​មាត់​ទេ ដោយ​មន្ត្រី​ជំនាញ​ខ្លះ​គ្រាន់តែ​បង្ហើប​តិច​ៗ​ថា មុខសញ្ញា​គាស់​ទម្លុះ​យ៉ាង​គ​គ្លើ​ន​នេះ ហាក់​នៅ​មិន​ឆ្ងាយ​ពី​មូលដ្ឋាន​នោះ​ទេ។
មន្ត្រី​រូប​នោះ​បាន​ខ្សឹប​ថា សំណុំរឿង​គាស់​ទម្លុះទំលាយ​ដ៏​រសើប​នេះ មេ​ៗ​មិន​ទាន់​អនុញាត​ឲ្យ​ទម្លាយ​ទេ ព្រោះ​កំពុងធ្វើការ​ស្រាវជ្រាវ​។ ម្យ៉ាងទៀត​ដោយសារ​តែ មួយ​រយៈ​កន្លង​ទៅ​នេះ បទល្មើស​កើតឡើង​ច្រើន​ពេក ហើយ​សកម្មភាព​បង្ក្រាប​បាន​តិច​ជាង បទល្មើស​ដែល​បាន​កើតឡើង ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ស្ទើរ​វិលក្បុង ដូច្នេះ​ហើយ​ទើប​បទល្មើស​ខ្លះ ត្រូវ​បាន​មេ​ៗ បញ្ជា​ឲ្យ​មានការ​បិទ​បាំង​ខ្លះ ដើម្បី​សម្ងំ​ធ្វើការ​ស្រាវជ្រាវ​សិន​។ ប៉ុន្តែ​សំណុំរឿង​ចាស់​មិន​ទាន់​បង្ក្រាប​អស់​ផង សំណុំរឿង​ស្រស់​ៗ​មក​ដល់​ថែម​ទៀត ពិតជា​ស្ទើរ​វិលក្បុង​មែន​៕ 
ប្រភព៖ កោះសន្តិភាព