ហ៊ាន​នោះ​ហ៊ាន​! សូ​ម្បី​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ក៏​មិន​លើកលែង​ដែរ

  • សៅរ៍ ០៣ សីហា, ២០១៩ ០៨:១៣
ខេត្តមណ្ឌលគិរី ៖ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​មួយ​គ្រឿង​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។
សង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ឡុ​ង រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​លួច​យក​នោះ ម៉ាក​វ៉េវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ជា​កម្មសិទ្ធិ​របស់​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ខ្ទុ​ម ។
តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៣១ កក្កដា​ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​យុត្តិធម៌​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អន សា​រ៉ា អធិការរង បាន​ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​ និង​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ដែល​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០១៩ បន្ទាប់​ពី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ជា​របស់​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ខ្ទុ​ម កាលពី​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០១៩ រួច​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ដល់​ស្រុក​ស្នួល ខេត្ត​ក្រចេះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​៕
ប្រភព៖ កោះសន្តិភាព