ចាប់បានស្រេច! នេះ​លោក​ចោរ​ឆ្លាត​…​ម៉ូតូ​លួច​ដោះ​កង់​ទាំង​២​ ទុក​ខ្លួន​ឱ្យ​ម្ចាស់

  • សៅរ៍ ០៣ សីហា, ២០១៩ ១០:០១
​ខេត្តបាត់ដំបង ​៖ យោង​តាម​ព័ត៌មាន​បឋម​បាន​ឱ្យដឹង​ថា បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត​រយ​:​ពេល​២​ថ្ងៃ កម្លាំង​សមត្ថកិច្ច​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ កាលពីរសៀល​ថ្ងៃ​ទី​០២ សីហា នៅ​ភូមិ​ប​ល័​ង្ក សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដែល​ពាក់ព័ន្ធ​ករណី​លួច​ដោះ​កង់​ម៉ូតូរបស់​ស្ត្រី​ម្នាក់​ដែល​ជិះ​ទៅ​បាច​ជី​ដាក់​ស្រែ ​។
ជនសង្ស័យ​ទាំង​២​នាក់​នោះ​ ម្នាក់​ឈ្មោះ​អឿ​ង រ៉ា​វីត អាយុ​១៩​ឆ្នាំ នៅ​ភូមិ​-សង្កាត់​ខាងលើ និង​ម្នាក់​ទៀត​ឈ្មោះ​សៀត សៅ​ឈី អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ច្រាប​វាល សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ ។ ជន​ដៃដល់​ទាំង​២​នាក់​នេះ​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​ដោះ​កង់​ម៉ូតូ​ស្ត្រី​ម្នាក់​ ដែល​ជិះ​ទៅ​បាច​ជី​ដាក់​ស្រែ​។
សូម​រំលឹក​ថា ស្ត្រី​ម្នាក់​ឈ្មោះ រឿ​ម ពេជ្រ អាយុ​៥០​ឆ្នាំ ត្រូវ​កន្លែង​ចោរលួច​ដោះ​កង់​ម៉ូតូ​យក​អស់ទាំង​មុខ​ទាំង​ក្រោយ ពេល​ដែល​គាត់​ជិះ​ដឹក​ជី​យក​ទៅ​បាច​ដាក់​ស្រែ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣១ កក្កដា កន្លង​ទៅ នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់​ដំបង​។ ជនសង្ស័យ​បា​នលួច​ដោះ​កង់​ម៉ូតូ​នោះ ស្រប​ពេល​គាត់​ទុក​នៅ​ក្បែរផ្លូវ ហើយ​គាត់​យក​ជី​ទៅ​បាច​ស្រូវ​ដែល​មាន​ចម្ងាយ​១៥០​ម៉ែត្រពី​កន្លែង​ទុក​ម៉ូតូ លុះ​បាច​ជី​រួច​ត្រឡប់​មក​វិញ​ស្រាប់តែ​បាត់​កង់​ម៉ូតូ​អស់​ទាំង​២ សល់​តែ​តូ​លត់​ក្រាប​លើ​ដី​។
ទោះ​យ៉ាងណា​ពេល​នេះ សមត្ថកិច្ច​កំពុង​សួរ​ចម្លើយ​ជនសង្ស័យ​ទាំង​២​នាក់​នៅ​អធិការ​ក្រុង​បាត់ដំបង ហើយ​បើ​តាម​ចម្លើយ​បឋម​របស់​ជនសង្ស័យ ពួក​គេ​បាន​សារភាព​ថា ពិតជា​បាន​លួច​ដោះ​កង់​ម៉ូតូ​ស្ត្រី​រង​គ្រោះ​នោះ​មែន​។ មន្ត្រី​ជំនាញ​កំពុង​ចាត់ការ​ជន​ទាំង​២​នាក់​តាម​នីតិវិធី​ហើយ​ ។
ប្រភព៖ កោះសន្តិភាព