នារីម្នាក់ដាច់ចិត្តធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯង ដោយសារជំងឺបាក់ទឹកចិត្ត

  • អាទិត្យ ០៤ សីហា, ២០១៩ ១៣:៣៦
ថៃ៖ នារីម្នាក់សម្រេចចិត្តចាក់សាំងដុតខ្លួនឯង ដោយសារស៊ូទ្រាំនឹងជំងឺបាក់ទឹកចិត្តមិនបាន។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ នៅខេត្ត Chonburi ប្រទេសថៃ។ប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះមានអាយុ៣២ឆ្នាំ មុខរបរជាអ្នកលក់ខោអាវ និងផលិតផលតាមអនឡាញ។ នាងបានលែងលះជាមួយស្វាមីអស់រយៈពេល១ឆ្នាំមកហើយ ដោយបន្សល់ទុកកូនប្រុសអាយុ៤ឆ្នាំនៅជាមួយនាង។ អ្នកជិតខាងបានប្រាប់ថា នាងជាមនុស្សល្អ និងរួសរាយរាក់ទាក់ណាស់ ប៉ុន្ដែអត្តចរិតរបស់នាងបានផ្លាស់ប្ដូរក្រោយពីលែងលះជាមួយស្វាមី នាងមិនងាយចេញមកក្រៅផ្ទះ ឬនិយាយជាមួយនរណាទាំងអស់។ ពេលដែលឈ្លោះគ្នាជាមួយម្ដាយម្ដងៗ នាងតែងតែទៅស្នាក់នៅផ្ទះលោកយាយបណ្តោះអាសន្ន។
នារីរងគ្រោះកាលនៅរស់
ប្រភពបានបន្ដថា មុនថ្ងៃកើតហេតុ​ នាងបានធ្វើដំណើរចេញពីទីក្រុងបាងកក ទៅខេត្ត Chonburi ដើម្បីស្នាក់នៅផ្ទះរបស់លោកយាយនាង។ ក្រោយពីស្នាក់នៅបាន២ថ្ងៃ  ក្នុងថ្ងៃកើតហេតុ លោកយាយបានឃើញធុងសាំងដាក់នៅជិតផ្ទះ បន្ទាប់មកលោកយាយក៏បានដើរទៅខាងក្រោយផ្ទះ ក៏បានប្រទះឃើញចៅស្រីកំពុងដេកនៅលើដី ខ្លូនប្រាណត្រូវឆាបឆេះ។ អ្នកជិតខាងបានទូរស័ព្ទទៅកាន់ប៉ូលិសនិងបញ្ជូននាងទៅកាន់មន្ទីរពេទ្យ។ ខ្លួនប្រាណរបស់នាងត្រូវបានឆាបឆេះអស់ ៦០ភាគរយទៅហើយ នាងក៏បានស្លាប់នៅឯមន្ទីរពេទ្យ Chonburi កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤:០០ព្រឹកព្រលឹម។
ម្ដាយរបស់នាងបានឲ្យដឹងថា ផលិតផលដែលនាងលក់កំពុងមានបញ្ហា ត្រូវបានប៉ូលិសតាមដានស៊ើបអង្កេត និងជួបបញ្ហាខ្វះខាតលុយយ៉ាងខ្លាំង ត្រូវជំពាក់មិត្តភក្តិទៀត ដូច្នេះហើយបានជានាងស្មុគស្មាញក្នុងជីវិតឈានដល់កើតជំងឺបាក់ទឹកចិត្ត រហូតឈានដល់ការចាក់សាំងដុតសម្លាប់ខ្លួនបែបនេះ៕
ទិដ្ខភាពផ្ទះកើតហេតុ