ផឹកចំស្រាកាចទាញពូថៅ និងកាំបិតដេញកាប់ឪក្មេក, ប្រពន្ធ និងបងថ្លៃរងរបួសធ្ងន់ នៅស្រុកចិត្របុរី ខេត្តក្រចេះ

  • អាទិត្យ ០៤ សីហា, ២០១៩ ១៣:០២
(ក្រចេះ)៖ ករណីហិង្សាដោយចេតនាមួយបានកើតឡើង បង្កដោយជនសង្ស័យម្នាក់ ផឹកស្រាស្រវឹង ដោយបានប្រើពូថៅ និងកាំបិទផ្គាក់ កាប់ទៅលើជនរងគ្រោះចំនួន៣នាក់ ដែលត្រូវជាសាច់ញាតិខ្លួន បណ្ដាលឲ្យរងរបួសជាទម្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៥៖២៥នាទីល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។នគរបាលព្រហ្មទណ្ឌស្រុកចិត្របុរីបានឲ្យដឹង នៅព្រឹកថ្ងៃទី៤ ខែសីហានេះថា ករណីហិង្សានេះបង្កឡើងដោយជនសង្ស័យ ឈ្មោះ ខ្លូត ផាន់ណូ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ជនសង្ស័យបានប្រើពូថៅ និងកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះចំនួន៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ទី១៖ ឈ្មោះ ប៉ឹស អុន ភេទប្រុស អាយុ៦៨ឆ្នាំ ជាឱពុកក្មេកជនសង្ស័យ ត្រូវរបួសដៃស្ដាំធ្ងន់ធ្ងរ។ ទី២៖ ឈ្មោះ រឹម វណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវជាបងថ្លៃជនសង្ស័យ រងរបួសត្រង់ស្លាប់ប្រជៀវខាងឆ្វេង របួសត្រង់បបូរមាត់លើខាងស្ដាំ និងរបួសដៃឆ្វេង។ទី៣៖ ឈ្មោះ ឃ្លោក ឡា ភេទស្រី អាយុ ២៤ឆ្នាំ របួសបាត់ដៃឆ្វេងត្រូវជាប្រពន្ធជនសង្ស័យ។នគរបាលបន្តទៀតថា ក្រោយពីកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាពឃុំថ្មី និងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែត ខេត្តក្រចេះ។ ចំណែកជនសង្ស័យ បានរត់គេចខ្លួន នគរបាលឃាត់ខ្លួនមិនទាន់បាននៅឡើយទេ ដោយតំបន់នោះឆ្ងាយ និងស្មុកស្មាញ ហើយបច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងចុះស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ៕
ប្រភព៖ freshnews