អាណោចអាធម៌ណាស់! ក្មេងប្រុសទើបកើតបាន៩ខែ ជ្រមុជក្បាលជាប់ក្នុងធុងទឹកដល់លង់ស្លាប់

  • អាទិត្យ ០៤ សីហា, ២០១៩ ១៦:៥៦
ម៉ាឡេស៊ី៖ ក្មេងប្រុសទើបតែកើតបាន៩ខែ ត្រូវបានគេប្រទះឃើញសាកសពក្នុងបន្ទប់ទឹក នៅឯមជ្ឈមណ្ឌលមើលថែទាំកុមារមួយកន្លែង ក្នុងទីក្រុង Shah Alam ប្រទេសម៉ាឡេស៊ី។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ វេលាម៉ោង ១:៤៥នាទីរសៀល។ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីដែលជាម្ចាស់មជ្ឈមណ្ឌលមើលថែទាំកុមារ និងបុគ្គលិក៣នាក់ផ្សេងទៀតកំពុងស្ទូចត្រី។ ស្រ្តីម្នាក់ក្នុងចំណោមពួកគេបានដើរសំដៅទៅកាន់បន្ទប់ទឹក នៅពេលបើកទ្វារ ក៏ឃើញក្មេងប្រុសរងគ្រោះកំពុងជ្រមុជក្បាលជាប់ក្នុងធុងទឹក។ ភ្លាមៗនោះ ពួកគេក៏ប្រញាប់បញ្ជូនក្មេងប្រុសរងគ្រោះទៅកាន់មន្ទីរពេទ្យ Desa។ ក្រោយមកក៏ផ្លាស់ទៅកាន់មន្ទីរពេទ្យ Tengku Ampuan Rahimah វិញ ប៉ុន្ដែជាអកុសល ក្មេងប្រុសរងគ្រោះបានស្លាប់នៅវេលាម៉ោង ៤:០០រសៀល។
សាកសពរបស់ក្មេងប្រុស
ប្រភពបានបន្ដថា ក្មេងប្រុសរងគ្រោះទើបតែចូលមកក្នុងមជ្ឈមណ្ឌលថែទាំកុមារបានត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ និងឪពុកម្ដាយបានបង់ប្រាក់ចំនួន ៣០០រីងហ្គីត (៧២ដុល្លារអាមេរិក) ក្នុងមួយខែ។ សាកសពរបស់ក្មេងប្រុសរងគ្រោះ ត្រូវបានពិនិត្យឃើញថា មិនមានរងរបួសអ្វីនោះទេ និងគេសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះទើបតែចេះដើរបន្ដិចបន្តួច បានរអិលជើងបណ្ដាលឲ្យក្បាលជ្រមុជជាប់ទៅក្នុងធុងទឹក រហូតដល់លង់ស្លាប់។
ធុងទឹកដែលក្មេងប្រុសលង់ស្លាប់
ក្រោយពីកើតហេតុរួចមក ម្ចាស់មជ្ឈមណ្ឌលថែទាំកុមារ ត្រូវបានប៉ូលិសចាប់ខ្លួនពីបទឆ្វេសប្រហែសទៅលើក្មេង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០យប់៕
ទិដ្ឋភាពកំពុងបញ្ចុះសាកសព