បុរសជនជាតិចិន២នាក់ បើករថយន្តល្បឿនលឿនបុករបាំងថ្មចែកទ្រូងផ្លូវ

  • ច័ន្ទ ០៥ សីហា, ២០១៩ ០៨:៣៩
(ភ្នំពេញ)៖ នៅយប់មិញនេះ មានជនជាតិចិន២នាក់ បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បុករបាំងថ្មចែកទ្រូងផ្លូវ នៅ២ករណីផ្សេងគ្នា។ករណីទី១៖ បុរសជនជាតិចិនម្នាក់ បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករបាំងថ្មដាក់ចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង តែសំណាងល្អអ្នកបើកបរមិនមានរងរបួស។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ ចំណុចមុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ប្រភពព័ត៌មានពីកន្លែងកើត ហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿងម៉ាក CELICA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-1058 ធ្វើដំណើរតាមបណ្ដោយ ផ្លូវ២៨៩ក្នុង ទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ ចំពេញមួយទំហឹងបណ្តាលឲ្យបាក់រលំមួយកង់ ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ តែសំណាងល្អអ្នកបើកបររថយន្តខាងលើ មិនមានរងរបួសនោះទេ ភ្លាមៗនោះគេឃើញអ្នកបើកបរ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបានត់ស្រមោលតែម្ដង។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។ករណីទី២៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តលឿនបួងចង្កូតមិនទាន់ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៖៥៥នាទីយប់ថ្ងៃទី០៥ខែសីហាឆ្នាំ២០១៩ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សសង្កាត់បឹងកេងកងទី២ខណ្ឌបឹងកេងកងក្រុងភ្នំពេញ។ប្រភពពត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រា បានបើករថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-8832 ក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវព្រះមុនីវង្ស លុះមកចំណុចកើតហេតុ រថយន្តខាងលើបានរេចង្កូតដោយបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករះរបាំងថ្មចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ។ រីឯរថយន្តបង្កវិញរងការខូចខាតខ្ទេចមួយកំណាត់មុខ និងបាក់ក្រឡេកង់ខាងស្ដាំទៅមុខលែងរួច។ភ្លាមៗនោះគេឃើញមានរថយន្ដជនជាតិចិនចំនួន២គ្រឿងទៀត បានមកដល់ ដើម្បីធ្វើការរំដោះខ្លួនជនជាតិចិន ដែលបើករថយន្តបង្ក តែបុរសជនជាតិចិនខាងលើត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងដឹកយកទៅប៉ុស្តិ៍នគរបាលបឹងកេងកងទី២ ផងដែរ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕
ប្រភព៖ freshnews