ផ្លូវការ!! Barcelona ទិញបានយុវជន ជម្រើសជាតិអេស្ប៉ាញឆ្នើមម្នាក់ទៀតហើយ

  • ច័ន្ទ ០៥ សីហា, ២០១៩ ១៣:៥១
អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បាននាំយកខ្សែការពារស្ដាំរបស់ Real Betis កីឡាករ Junior Firpo មករួមក្រុមសម្រាប់ត្រៀមរដូវកាលថ្មី ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយតម្លៃខ្លួន ២៧លានផោន។
កីឡាករ Junior Firpo
Firpo ចូលលេងបាន ២៤ប្រកួត រកគ្រាប់បាល់បាន ៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៤ដងកាលពីរដូវកាលមុន និងបានរួមចំណែកជួយ Real Betis បញ្ចប់នៅចំណាត់ថ្នាក់លេខ១០។ ហើយរូបគេក៏ជាតួអង្គមួយរូបដែលជួយឲ្យក្រុមជម្រើសជាតិយុវជនអេស្ប៉ាញ U21 ឈ្នះពានរង្វាន់ EURO U21 ផងដែរ។ ចំពោះការមកចូលរួមជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះ Firpo ត្រូវបានគេមើលឃើញថាអាចនឹងជំនួសតំបន់លេងរបស់ Jordi Alba។
កីឡាករ Junior Firpo
ក្រៅពី Barcelona ខ្សែការពារស្ដាំ Firpo ក៏ទទួលបានការចាប់អារម្មណ៍ចង់បានពីសំណាក់ក្លិបហង្សក្រហម Liverpool ផងដែរ ដោយអ្នកចាត់ការទូទៅលោក Jurgen Klopp មានបំណងចង់យករូបគេមកជំនួសកន្លែងរបស់កីឡាករ Alberto Moreno ដែលចាកចេញ។ ប៉ុន្តែក្លិបដែលម្ចាស់ជើងឯក UEFA Champions League កាលពីរដូវកាលមុនមិនហ៊ានចំណាយលុយច្រើនក្នុងការទិញយករូបគេនោះទេ ស្របពេលដែល Real Betis ទាមទារតម្លៃខ្លួនខ្ពស់។ គួរបញ្ជាក់ផងដែរថា Firpo គឺជាកីឡាករទី៤ហើយដែល Barcelona នាំចូលសម្រាប់ទីផ្សារដោះដូរកីឡាករលើកនេះ បន្ទាប់ពីកីឡាករ ៣រូបលើកមុន រួមមាន Frenkie de Jong, Antonie Greizmann និងអ្នកចាំទី Neto។ សរុបទំហំទឹកប្រាក់សម្រាប់ការទិញកីឡាករទាំង ៤ រូបនេះមានចំនួនប្រមាណជា ១៨០លានផោន៕
កីឡាករ Junior Firpo
ប្រភព៖ Mirror