សព​លោក នួន ជា ​ដឹក​មក​តម្កល់​ក្នុង​វត្ត​មួយ​តាម​បណ្តាំ​របស់​គាត់ (មានវីដេអូ)

  • ច័ន្ទ ០៥ សីហា, ២០១៩ ១៦:៣៥
ខេត្ត​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សព​លោក នួន ជា អតីត​មេដឹកនាំ​ខ្មែរក្រហម ត្រូវ​បាន​ដឹក​តាម​រថយន្ត​មក​ដល់​កន្លែង​តម្កល់សព​ហើយ កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៩ ក្នុង​បរិវេ​ណ​វត្ត​ព្រំ​មរកត ស្ថិត​នៅ​ ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។
តាម​ប្រភព​ព័​ត៍​មាន​ពី​ព្រះ​តេជគុណ វ៉ែន ចាន់​សុ​ម៉ៃ ព្រះ​ចៅអធិការ​វត្ត​ព្រំ​គិរី​មរកត បាន​មាន​សង្ឃដីកា​ឱ្យ​ដឹង​ថា សព​លោក នួន ជា ត្រូវ​បាន​រៀបចំ​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត​ព្រំ​មរកត ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​កូនចៅ​នាំ​គ្នា​រៀបចំ​ធ្វើ​បុណ្យសព​ក្នុង​វត្ត​ខាងលើ​នេះ​តាម​បណ្តាំ​របស់​លោក​នួន ជា កាលពី​នៅ​រស់ ដោយ​ប្រាប់​ថា ពេល​គាត់​អស់​ជីវិត​ទៅ​ត្រូវ​តែ​យក​សព​របស់​គាត់​​មក​បូជា​នៅ​​វត្តនេះ​ ព្រោះ​គាត់​ធ្វើបុណ្យ​ទាន​នៅ​វត្ត​នេះ​តាំងពី​ដើម​មក ។
ព្រះ​ចៅអធិការ​វត្ត​ព្រំ​គិរី​មរកត បាន​មាន​សង្ឃដីកា​បន្ត​ឱ្យ​ដឹង​ថា ម្យ៉ាងវិញទៀត នៅ​ទីធ្លា​ផ្ទះ​របស់​លោក​នួន ជា តូច​ចង្អៀត ពិបាក​ក្នុងការ​ទទួលភ្ញៀវ ខណៈ​បងប្អូន​កូនចៅ និង​សាច់ញាតិ​មក​ចូលរួម​បុណ្យសព​មាន​ចំនួន​ច្រើន​។
គួរ​រំលឹក​ថា អតីត​មេដឹកនាំ​របប​ខ្មែរក្រហម លោក នួន ជា អាយុ​៩៣​ឆ្នាំ បាន​ទទួលមរណភាព​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត។ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព៕
ប្រភព៖ កោះសន្តិភាព