ដល់ម្ល៉ឹងផង! គុំគួនខឹងពួកម៉ាកប្រើឲ្យលាងចាន ដេញកាប់ទាំងយប់

ម៉ាឡេស៊ី៖ បុរសម្នាក់ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារមិត្តភក្តិខឹងដេញកាប់ ព្រោះប្រើឲ្យលាងចាន។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ នៅតំបន់ Lahad Datu ប្រទេសម៉ាឡេស៊ី។ប្រភពបានឲ្យដឹងថា បុរសទាំងពីរគឺជាមិត្តភក្ដិរួមការងារជាមួយគ្នា និងស្នាក់នៅក្នុងផ្ទះតែមួយ។ ពួកគេធ្វើការជាកម្មករដាំដំណាំ នៅក្នុងកសិដ្ឋានមួយ។ មុនថ្ងៃកើតហេតុ បុរសរងគ្រោះតែងតែដាស់តឿនឲ្យបុរសដែលជាជនល្មើសចេះលាងចាន បន្ទាប់ពីទទួលទានអាហាររួច។ ប៉ុន្មានថ្ងៃក្រោយមក ជនល្មើសមានអត្តចរិតមិនសូវនិយាយស្ដី ជាមួយជនរងគ្រោះ។ លុះដល់យប់កើតហេតុ វេលាម៉ោង៣:០០ទៀបភ្លឺ ខណៈពេលជនរងគ្រោះកំពុងដេកក្នុងបន្ទប់ ជនល្មើសបានដើរទៅគោះទ្វារ។ នៅពេលដែលជនរងគ្រោះបើកទ្វារ ជនល្មើសបានកាន់កាំបិតស្ទុះទៅចាក់ជនរងគ្រោះ និងច្រានទៅលើឥដ្ឋ បណ្ដាលឲ្យរងរបួសត្រង់ស្មាខាងឆ្វេង រួមទាំងមានស្នាមឆូតនៅលើផ្ទៃមុខ។ ជនរងគ្រោះបានព្យាយាមទាញកាំបិតចេញពីដៃរបស់ជនល្មើស រួចក៏គេចខ្លួនចេញពីផ្ទះបាន។ ជនរងគ្រោះរត់ទៅផ្ទះថៅកែដែលនៅចម្ងាយប្រមាណ៥០០ម៉ែត្រពីកន្លែងកើតហេតុ។
ជនល្មើស
ប្រភពបានបន្ដថា ជនល្មើសបានយកកាំបិតមួយទៀតនៅក្នុងផ្ទះបាយ រួចដេញតាមជនរងគ្រោះពីក្រោយ។ ប៉ុន្ដែជនរងគ្រោះត្រូវបានថៅកែជួយទាន់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស។ ជនល្មើសត្រូវបានប៉ូលិសចាប់ខ្លួននៅវេលាម៉ោង ១:៥០នាទីរសៀលក្នុងថ្ងៃដដែលដើម្បីចាត់ការតាមនីតិវិធីច្បាប់។
កាំបិតទាំងពីរដែលជនល្មើសបានប្រើ
យ៉ាងណាមិញ ក្រោយពីការស៊ើអង្កេតរបស់ប៉ូលិសបានដឹងថា ជនល្មើសក៏មានជំងឺវិបត្តិផ្លូវចិត្តផងដែរ ដូច្នេះហើយបានជាការស្ដីបន្ទោសពីមិត្តភក្តិប៉ះទង្គិចនឹងអារម្មណ៍របស់គាត់៕