ដឹក​ដៃ​សង្សារ​ចូលរួម​មេត្រី​ក្នុងផ្ទះ​សំណាក់ ឆ្លៀត​ប្រើ​ថ្នាំ​ញៀន​នគរបាល​ទៅ​ដល់​ល្មម (មានវីដេអូ)

  • អង្គារ ០៦ សីហា, ២០១៩ ០៨:១៧
រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​មួយគូ​បាន​ដឹក​ដៃ​គ្នា​ចូល​ទៅ​រួមមេត្រី​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ប៉ុន្តែ​ពេល​ទៅ​ដល់​មិន​ទាន់​វា​ចាប់ផ្ដើម​បើក​ប្រតិបត្តិការ​នៅឡើយ​រវល់​តែ​ឆ្លៀត​បឺត​បង្ហុយ​ថ្នាំ​ញៀន​យ៉ាង​ឆ្ងាញ់​មាត់​មុន​សិន​។ ស្រាប់តែ​កម្លាំង​នគរបាល​ចូល​ទៅ​ទាន់​ក៏​បាន​ចាប់ខ្លួន​ទាំង​២​នាក់ ដោយ​ដកហូត​បាន ថ្នាំ​ញៀន​១​កញ្ចប់ ព្រមទាំង​ដប​សម្រាប់​សេព​ថ្នាំ​ញៀន​១​ទៀត​ផង​ដែរ បន្ទាប់​មក​ក៏​បាន​នាំ​ទៅ​ធ្វើការ សាកសួរ នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​។
ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​សំបូរ​ពេជ្រ​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ គូ​ស្នហ៍​១​គូ​នោះ​ខាង​ប្រុស​ឈ្មោះ លឹ​ម សំអាង អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ច្រប ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ចំណែក​ខាង​ស្រី​ឈ្មោះ ព្រឹម ស្រី​មុំ ហៅ​ស្រី​ស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ និង​មានស្រុក​កំណើត​នៅ​ក្នុងស្រុក​ដងទង់ ខេត្តកំពត​។
នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គូស្នេហ៍​វ័យក្មេង​១​គូ​នេះ​បាន​នាំ​គ្នា​ចូល​ទៅ​កាន់ ផ្ទះសំណាក់​ខាងលើ ដើម្បី​រួមមេត្រី​ជាមួយ​គ្នា ដោយ​ខាង​ប្រុស​បាន​នាំ​យក​ថ្នាំ​ញៀន​ទៅ​ជាមួយ​ផង លុះ​ពេល​ទៅ​ដល់​មិន​គិត​រួមមេត្រី​សិន​ទេ បែរជា​សេព​គ្រឿងញៀន​យ៉ាង​ឆ្ងាញ់​មាត់​ទៅ​វិញ​។ ខណៈនោះ​ដោយ​មានការ​សហ​ការណ៍​ល្អជា​មួយ​ម្ចាស់ផ្ទះ​សំណាក់ ជុំវិញ​ករណី​ខាងលើ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ក្រោម​ការ​បញ្ជា​ពី​សំណាក់​លោក​វរសេនីយ៍ឯក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​ឆែក​ត្រួតពិនិត្យ ក៏​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់ ដប​សម្រាប់​ជក់​ថ្នាំ​១ ទើប​ចាប់ខ្លួន​ទាំង​២​នាក់​តែ​ម្ដង​។
ក្រោយ​ពេល​ចាប់ខ្លួន​បាន នគរបាល​បាន​នាំ គូស្នេហ៍​ទាំង​២​នាក់​នេះ​រួម​ជាមួយ​វត្ថុ​តាង នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕
ប្រភព៖ កោះសន្តិភាព