គ្រូ​បង្រៀន​បើកបរ​ម្នាក់ បើកឡាន​បុក​ម៉ូតូ​ស្លាប់​ស្ត្រី​ម្នាក់ និង​របួសធ្ងន់​ម្នាក់

  • អង្គារ ០៦ សីហា, ២០១៩ ០៨:២១
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ រវាង​រថយន្ត របស់​សាលា បង្រៀន​បើកបរ ដែល​មានឈ្មោះ​និម្មិត​មាន​ជ័យ ដែល​គេ​ស្គាល់​ម្ចាស់​សាលា​ឈ្មោះ សេង គឹ​ម​ថា បាន​បុក​ជាមួយ​ម៉ូតូ នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវបំបែក​ចូល​ទៅ​ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ស្ថិត​ក្នុងភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។
ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា​៖ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ផល យួ​ង ភេទ​ស្រី អាយុ​៦២​ឆ្នាំ នៅ​ភូមិ​បុ​ស្បូវ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ជា​អ្នក​រួម​ដំណើរ ត្រូវជា​ម្តាយ​អ្នកបើកបរ​ម៉ូតូ​ដែល​រង​របួសធ្ងន់​ឈ្មោះ ជឿ​ង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​។ តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា​៖ គ្រូបង្រៀន​បើកបរ​រថយន្ត​បុក​ម៉ូតូ​ឈ្មោះ ហួ ជា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ បើកបរ​រថយន្ត​ម៉ាក​កាម​រី ពណ៌​ស ស៊េរី​១៩៩៦ ពាក់​ស្លាក​លេខ 2Q-5652​។
មុន​ពេល​កើតហេតុ រថយន្ត​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែក​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ពី លិចទៅ​កើតមក​ដល់​កន្លែង​កើតហេតុ​បាន​ប្តូរ​ទិស​ពី​ត្បូង​ទៅ​ជើង​ជិត​ផុត​ហើយ​ក៏​ត្រូវ​រថយន្ត​បុក​ចំ​កន្ទុយ​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​អ្នក​រួម​ដំណើរ​ជា​ម្តាយ និង​កូន​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1T-5598 រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​។ តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ ហួ ជា ដែល​ជា​គ្រូបង្រៀន​បើកបរ​បង្ក​គ្រោះថ្នាក់​នេះ បាន​ឲ្យ​ដឹង​ថា​៖ មុន​ពេល​កើតហេតុ​រូបគេ​បាន​បើកឡាន​តែ​ម្នាក់ឯង មក​ពី​លេង​ភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ពេល​ត្រឡប់​មក​វិញ​ក៏​ជួប​ហេតុការណ៍​នេះ​តែ​ម្តង​។
បើ​តាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈដ្ឋាន​ទូទៅ បាន​បង្ហើប​ឲ្យ​ដឹង​ថា​៖ គ្រូបង្រៀន​បើកបរ​រថយន្ត របស់​សាលា​និម្មិត​មាន​ជ័យ​នេះ គឺ​មាន​២​នាក់​ហើយ ដែល​បើករថយន្ត​បុក​មនុស្ស​ស្លាប់ ដូច​ជា​លើក​ទី​១ មានឈ្មោះ តើ​ម សុខសាន្ត អាយុ​៣៦​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​បើកឡាន​ម្នាក់ឯង​ទៅ​បុក​មនុស្ស ស្លាប់​ម្នាក់ និង​២​នាក់​ប្តី​ប្រពន្ធ បាន​រង​របួសធ្ងន់ និង​ស្រាល​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ ៣៧៩-៣៨០ នៅ​ភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩​។ លើក​នេះ​ជា​លើក​ទី​២ ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​។
ប្រជាពលរដ្ឋ​ក៏​បាន​បញ្ជាក់​ថា​៖ សាលារៀន​បើកបរ​ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ច្រើន តែ​សាលា​ផ្សេង​ៗ​ដូច​ជា​គ្មាន​ឮ​ថា គ្រូបង្រៀន​បើកបរ​រថយន្ត​បើកឡាន​បុក​គេ​ទេ តែបើ​សាលាបង្រៀន​បើកបរ​និម្មិត​នេះ គ្រាន់តែ​រយៈពេល​ជិត​៤​ខែ គ្រូបង្រៀន​បើកឡាន​បុក​គេ​ស្លាប់ រហូត​ដល់​ទៅ​២​នាក់ រង​របួសធ្ងន់​ស្រាល​៣​នាក់​ទៅ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នកមាន​បំណង​ចង់​រៀន បើកបរ​មិន​ហ៊ាន​ដាក់​ពាក្យ ព្រោះតែ​គ្រូបង្រៀន​បើកបរ​ស្ទើរភ្លើង​៕
ប្រភព៖ កោះសន្តិភាព